(ស្វាយរៀង)៖ អាជ្ញាធរស្រុកក្រុងទាំង ៨ នៅខេត្តស្វាយរៀង និងក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត កំពុងបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីការពារជំងឺឆ្លងផ្សេងៗ ពិសេសផ្សព្វផ្សាយអំពីវិធានការការពារជំងឺឆ្លងកូវីដ-១៩ របស់ក្រសួងសុខាភិបាល ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង។
សកម្មភាពចុះអប់រំផ្សាព្វផ្សាយអំពីវិធានការសុខាភិបាលជូនដល់ប្រជាពលរដ្ឋរួមមាន៖
ទី១៖ ក្រុងស្វាយរៀ ដោយលោកអភិបាលក្រុង មន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដឹកនាំក្រុមការងារចុះបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីការពារជំងឺឆ្លងផ្សេងៗ ពិសេសការពារជំងឺឆ្លងកូវីដ-១៩ នៅក្នុងអគារ និងបរិវេណសាលាក្រុងស្វាយរៀង សួនកុមារ ផ្សារពោធិតាហោ និងផ្សារវាលយន្ត ក្រុងស្វាយរៀង។
ទី២៖ ស្រុកស្វាយទាប អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ សមត្ថកិច្ចពាក់ព័ន្ធ និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបានចុះផ្សព្វផ្សាយ ចែកខិត្តប័ណ្ណ អំពីវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមបណ្ដាមូលដ្ឋានក្នុងស្រុក។
ទី៣៖ ស្រុករំដួលសកម្មភាពថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល មន្ត្រីរាជការ សមត្ថកិច្ចពាក់ព័ន្ធ និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាស្រុករំដួល ចុះផ្សព្វផ្សាយ ចែកខិត្តប័ណ្ណ អំពីវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩ និងចែកម៉ាស ជូនប្រជាពលរដ្ឋ និងអាជីវករនៅតាមទីប្រជុំជន ផ្សារ និងបណ្ដាមូលដ្ឋានក្នុងស្រុក។
និងទី៤៖ ក្រុងបាវិត អាជ្ញាធរ មន្ត្រីរាជការ និងសមត្ថកិច្ចពាក់ព័ន្ធនៅក្រុងបាន ចុះផ្សព្វផ្សាយ ចែកខិត្តប័ណ្ណ អំពីវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩ និងណែនាំឱ្យបុគ្គលិកសណ្ឋាគារ ភោជនីយដ្ឋាន អាជីវករលក់ដូរ ត្រូវពាក់ម៉ាស និងដាក់អាល់កុល ឬជែលលាងដៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ចំណែកឯស្រុកចំនួន ៤ទៀត អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធព្រមទាំងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក ក៏បានកំពុងដឹកនាំអនុវត្តវិធានការចុះផ្សព្វផ្សាយចែកខិតប័ណ្ណ ដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងអំពីវិធានការការពារនៃជំងឺកូវីដ-១៩ ផងដែរ។
សូមបញ្ជាក់ថា ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីការពារ ទប់ស្កាត់ ប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ចំពោះបងប្អូនដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ២០២០ រដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្កក៏បានចេញនូវសេចក្តីជូនដំណឹងដល់រដ្ឋបាលស្រុកក្រុងទាំងអស់នៅខេត្តស្វាយរៀង ត្រូវចូលរួមបង្ការទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានខ្លាំងក្លាគឺធ្វើយ៉ាងណាមិនឱ្យឆ្លងដល់សហគមន៍ជាដាច់ខាតហើយក្នុងនោះ បានរៀបចំមណ្ឌលចត្តាឡីស័កចំនួន ៥កន្លែង ហើយរហូតមកដល់ពេលនេះមានអ្នកមកធ្វើចត្តាឡីស័កមានចំនួន ៧០នាក់ ស្រី៣០នាក់ផងដែរ សម្រាប់ខេត្តមួយនេះ៕