(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឲ្យលោក Michael Tan ឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិនៅកម្ពុជា។
លោក Michael Tan បានថ្លែងអំណរគុណដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការ និងគាំទ្រចំពោះបេសកកម្មការទូតរបស់ខ្លួននៅកម្ពុជានាពេលកន្លងមក។ ឯកអគ្គរដ្ឋទូត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការងារបោសសម្អាតមីននៅកម្ពុជា ដែលលទ្ធផលនេះ បានចូលរួមក្នុងការផ្តល់នូវដីសុវត្ថិភាពដល់ប្រជាពលរដ្ឋ គាំពារដល់សុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមសម្តេចតេជោ លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ប្រទេសសឹង្ហបុរី ដែលបានការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា លើកិច្ចសហប្រតិបត្តិការ ការកសាងធនធានមនុស្ស ការអភិវឌ្ឍ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាដើម ជាពិសេសបានចូលរួមផ្តល់នូវការដឹកនាំ គ្រប់គ្រង និងគាំទ្រយ៉ាងសកម្មដល់មជ្ឈមណ្ឌល ARMAC។
ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត នឹងជម្រាបប្រាប់ឯកអគ្គរដ្ឋទូតសឹង្ហបុរីថ្មី ឲ្យបន្តផ្តល់កិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យសកម្មភាពមីននៅកម្ពុជា៕