(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីថ្លែងការណ៍ សម្ដែងនូវការខកចិត្តយ៉ាងខ្លំាង ចំពោះអត្ថបទរបស់វិទ្យុអាស៊ីសេរី ត្រូវបានចុះផ្សាយដោយអធិប្បាយ ដោយគ្មានមូលដ្ឋានច្បាស់លាស់ ខ្វះវិជ្ជាជីវៈ និងផ្ទុយពីការពិត ពាក់ព័ន្ធការដេញថ្លៃ លើការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សូមបានបញ្ជាក់ថា ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសម៉ិន ឯ.ក ដែលមានឈ្មោះជាអក្សរកាត់ CAIC ជាក្រុមហ៊ុនដែលមានសញ្ជាតិខ្មែរ (វិនិយោគិនខ្មែរ) ត្រូវបានបង្កើតឡើងរវាងក្រុមហ៊ុន អូវើស៊ី ខេមបូឌាន អ៊ិនវេសមិន ឯ.ក (OCIC) និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) ស្របតាមច្បាប់ និងបទប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា នៅខែកក្កដា ឆ្នំា២០១៨ ដែលជាក្រុមហ៊ុនវិនិយោគក្នុងទម្រង់ភាពជាដៃគូរវាងរដ្ឋ និងឯកជន (ភ.រ.ជ) ដើម្បីធ្វើការអភិវឌ្ឍអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថី្ម លំដាប់4F ដែលមានទីតំាងស្ថិតនៅចន្លោះរវាងខេត្តកណ្ដាល និងខេត្តតាកែវ ហើយតាមការគ្រោងទុកដំណាក់កាលទី១ នឹងត្រូវបញ្ចប់ដាក់ឱ្យប្រើប្រាស់ នៅឆ្នំា២០២៣។
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ទៀតថា ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសម៉ិន ឯ.ក (CAIC) បានអនុវត្តនីតិវិធីលទ្ធកម្មយ៉ាងខ្ជាប់ខ្ជួនស្របតាមគោលការណ៍ នីតិប្រតិបត្តិរួម (SOP/Standard Operating Procedure) របស់ក្រុមហ៊ុន និងឧត្ដមានុវត្តជាអន្តរជាតិ ប្រកបដោយតម្លាភាព គណនេយ្យភាព សេរីភាព និងគ្មានការរើសអើង ជាតិសាសន៍។
ជាពិសេសនៅក្នុងការអនុវត្តគម្រោងការអភិវឌ្ឍន៍អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មីនេះ តាមរយៈការដេញថ្លៃប្រកប ដោយការប្រកួតប្រជែងជាអន្តរជាតិ ក្រុមហ៊ុន CAIC បានជ្រើសរើស និងប្រើប្រាស់ក្រុមហ៊ុនអន្តរជាតិចម្រុះជាតិសាសន៍ ស្របទៅតាមលក្ខណៈសម្បត្តិ គុណវុឌ្ឍ ជំនាញ និងបទពិសោធន៍របស់ខ្លួន ក្នុងការផ្ដល់សេវាកម្ម ដល់គម្រោងការអភិវឌ្ឍន៍ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ ប្រកបដោយនវានុវត្តន៍ និងប្រកបដោយពិពិធកម្ម ក្នុងនោះមានក្រុមហ៊ុនណាកូ (NACO) ដែលជាក្រុមហ៊ុនមកពីប្រទេសហូឡង់ ក្រុមហ៊ុនផូស្ទ័រ (FOSTER AND PARTNERS) មកពីប្រទេសអង់គ្លេស ក្រុមហ៊ុនអាតគីន (ATKINS) មកពីប្រទេសអង់គ្លេស និងប្រទេសកាណាដា និងក្រុមហ៊ុនឆាងយី (CHANGI AIRPORT PLANNER) មកពីប្រទេសសិង្ហបុរី ក្រុមហ៊ុនហៀរីម (HEERIM ARCHITECTS & PLANNERS) មកពីប្រទេសកូរ៉េខាងត្បូង និងក្រុមហ៊ុនមកពីប្រទេសចិន ដោយអនុលោមយ៉ាងខ្ជាប់ខ្ជួន ទៅតាមស្តង់ដារអតិបរិមាអន្តរជាតិ (International Maximum Standards) ក៏ដូចជាឧត្តមានុវត្តជាអន្តរជាតិ (International Best Practices)។
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សូមបញ្ជាក់សារជាថ្មីថា ការឈ្នះ ឬចាញ់ក្នុងការដេញថ្លៃ គឺជាការប្រកួតប្រជែង ជាអន្តរជាតិក្នុងសេដ្ឋកិច្ចទីផ្សារសេរី ស្របតាមនីតិវិធីលទ្ធកម្ម និងគោលការណ៍នីតិប្រតិបត្តិរួម (SOP/Standard Operating Procedure) របស់ក្រុមហ៊ុន ដែលត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនប្រកបដោយវិជ្ជាជីវៈ ចំហ សេរី ស្មើភាព គ្មានសម្ពាធ និងគ្មានការរើសអើងជាតិសាសន៍ឡើយ៕