(ភ្នំពេញ)៖ អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី បានបន្តដឹកនាំមន្ត្រីក្រោមឱវាទ ចុះផ្សព្វផ្សាយពីវិធានការការពារ បង្ការ និងទប់ស្កាត់ការរីករាលដាល នៃជម្ងឺកូវីដ១៩។
លើសពីនេះ លោក ជា ពិសី ក៏បាននាំយកម៉ាស របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មកចែកជូនដល់ប្រជាពលរដ្ឋ និអាជីវករផងដែរ ស្ថិតនៅផ្សារឆេកូ សង្កាត់គីឡូម៉ែត្រលេខ៦ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ។
លោកអភិបាលខណ្ឌឫស្សីកែវ បញ្ជាក់ថា តាមអនុសាសន៏ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតទាំង១០ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នៃព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» ស្ដីពីការទប់ស្កាត់ ការឆ្លងមេរោគកូវីដ-១៩ ដែលបានដាក់ចេញកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ រួមមាន៖
*ទី១៖ បានណែនាំឲ្យថ្នាក់ដឹកនាំសាសនិកឥស្លាម ក៏ដូចជា ប្រជាពលរដ្ឋសាសនិកឥស្លាម មិនឲ្យមានការជួបជុំថ្វាយបង្គុំមួយរយះចំនួន០៤ទីតាំង
*ទី២៖ បានណែនាំប្រជាពលរដ្ឋ, អាហារដ្ឋាន និងភោជនីយដ្ឋានចំនួន ៤៦ទីតាំង មិនឲ្យមានការជួបជុំគ្នាច្រើន តែបើមនុស្សតិចជាង២០នាក់ សូមឲ្យមានការរក្សាគម្លាត ១,៥ម ទៅ ២ម
*ទី៣៖ រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ទាំង៧ បានចុះផ្សព្វផ្សាយ និងអប់រំពីសេចក្តីណែនាំលេខ០០៩ របស់សាលារាជធានីភ្នំពេញ ដល់ប្រជាពលរដ្ឋ និងអាជីវករក្នុងមូលដ្ឋានបានចំនួន ៤៦ទីតាំង
*ទី៤៖ ចុះពិនិត្យភោជនីយដ្ឋាន,អាហារដ្ឋាន និងកន្លែងលក់ដូរផ្សេងៗ ឲ្យរៀបចំអាល់កុលលាងដៃ វាស់កំដៅ និងរក្សាគម្លាត បាន៣១ទីតាំង
*ទី៥៖ បានចុះពិនិត្យទីតាំង KTV, ក្លឹបកំសាន្ត, បៀហ្គាឌិននិងកន្លែងម៉ាស្សា ចំនួន ១៩ទីតាំង មិនឲ្យបើកដំណើរការ
*ទី៦៖ ក្នុងមូលដ្ឋានខណ្ឌ គឺពុំមានអ្នកដែលត្រូវធ្វើ ចត្តាឡីស័កទេ។ ដោយឡែក ប្រជាពលរដ្ឋ និងជនបរទេសដែលចូលស្នាក់នៅកន្លងមក គឺផុតរយៈពេល ១៤ថ្ងៃហើយ និងសុខភាពល្អធម្មតា។
*ទី៧៖ បានផ្សព្វផ្សាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន មួយចំនួន បើមិនមានការចាំបាច់ គួរកុំចេញក្រៅផ្ទះ
*ទី៨៖ ការប្រជុំនានារបស់រដ្ឋបាលខណ្ឌ និងសង្កាត់ត្រូវបានផ្អាក ដោយទទួលបានការដឹកនាំតាមរយៈប្រព័ន្ធអេឡិចត្រូនិក
*ទី៩៖ អនុវត្តន៍តាមសេចក្តីជូនដំណឹងលេខ០០៩ របស់រដ្ឋបាលរាជធានីភ្នំពេញ,រដ្ឋបាលខណ្ឌ, សង្កាត់, ផ្សារ និងវិស័យឯកជន ទាំងអស់ត្រូវអនុវត្តន៍ នូវវិធានការ វាស់កម្តៅ, ពាក់ម៉ាស់, លាងដៃនិង
អាល់កុល ជែល និងរក្សាគម្លាត ជាដើម។ ជាក់ស្តែង រដ្ឋបាលខណ្ឌ និងសង្កាត់ បានផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងវិស័យឯកជនបានមួយចំនួន។
*ទី១០៖ រដ្ឋបាលខណ្ឌ-សង្កាត់ និងអនុវត្តតាមវិធានការទប់ស្កាត់ផ្សេងៗ របស់ក្រសួងសុខាភិបាល ជាពិសេសធ្វើការណែនាំ និងចាត់វិធានការតាមផ្លូវច្បាប់ចំពរស្ថាប័ននានាដែលមិនបាន
អនុវត្តន៏តាមគោលការណ៍ដឹកនាំទាំង១០ចំណុច ខាងលើ៕