(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល, អ្នកតំណាងក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ សម្ដេចតេជោ, វិទ្យាស្ថានសុខភាពសាធារណៈ, សាលារាជធានីភ្នំពេញ និងក្រសួងអប់រំ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ បានចុះពិនិត្យមើលការរៀបចំ ធ្វើទីតាំងដើម្បីយកសំណាកជាលើកទី២ សម្រាប់អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលនៃព្រឹត្ដិការណ៍ «សហគមន៍២៨វិច្ឆិកា» សម្រាប់ព្រឹកស្អែកនេះ នៅស្ដាតអូឡាំពិក។
រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងបន្ដថា ការយកសំណាកលើកទី២ សម្រាប់ប្រជាពលរដ្ឋ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល នឹងធ្វើឡើងចាប់ពីម៉ោង ៧ព្រឹកស្អែកតទៅ។ ចំណែក នៅក្រសួងមហាផ្ទៃ គឺក្រុមការងាររបស់សុខាភិបាលចំនួន១០ក្រុម បាននឹងកំពុងតេស្ដសំណាក ហើយនឹងរួចរាល់នៅថ្ងៃនេះផ្ទាល់តែម្ដង សរុបតេស្ដប្រហែលពី ២,០០០-២,៥០០នាក់។
លោកស្រីរដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា «ដើម្បីការពារហានិភ័យ ចំពោះប្រជាពលរដ្ឋ អ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោល ឬសម្រាប់អ្នកប៉ះពាល់ប្រយោល ហើយគិតថាខ្លួនអាចនឹងមានហានិភ័យខ្ពស់ ត្រូវតែរួសរាន់មកធ្វើតេស្ដបាន។ ដោយឡែកអ្នកដែលប៉ះពាល់ប្រយោល ស្ទើរតែគ្មានហានិភ័យ ត្រូវធ្វើចត្ដាឡីស័កចំនួន១៤ថ្ងៃ ឱ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល ហើយបើសុខភាពមានភាពប្រែប្រួល សូមទំនាក់ទំនាក់ភ្លាមៗទៅប្រព័ន្ធទូរស័ព្ទ ១១៥ និងប្រព័ន្ធទូរស័ព្ទផ្សេងទៀត របស់ក្រសួងសុខាភិបាល ឬទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅក្បែរផ្ទះខ្លួន»។
លោកស្រីបន្ដថា ចំពោះមុខនេះយើងដឹងហើយថា យើងកំពុងប្រយុទ្ធប្រឆាំងនឹងការរាតចូលសហគមន៍ ជំងឺកូវីដ-១៩ ដូច្នេះយើងត្រូវរួមគ្នាទាំងអស់ ក្រសួងសុខាភិបាលតែមួយផ្នែក មិនអាចធ្វើបានទេ ដែលទាមទារឱ្យមានសហការគ្នាជាក្រុម គ្រប់ភាគីពាក់ព័ន្ធ ជាពិសេស គឺប្រជាពលរដ្ឋតែម្ដង។
ជាងនេះទៅទៀត ប្រជាពលរដ្ឋ ត្រូវតែលាងសម្អាតដៃ ឱ្យបានញឹកញាប់ ពាក់ម៉ាស និងរក្សាគម្លាតចាប់ពី១ម៉ែត្រកន្លះឡើងទៅ ពេលដែលចេញទៅក្រៅ។
កន្លងមកអ្នកវិជ្ជមានកូវីដ-១៩ គឺអត់បានពាក្យម៉ាសទេ ដូច្នេះប្រហែសតែមួយភ្លាម អាចចម្លងជំងឺកូវីដនេះ ពីមនុស្សម្នាក់ទៅមនុស្សជាងច្រើននាក់ទៀត ។
លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងបន្ដថា «គួរឱ្យសោកស្ដាយ ដែលក្នុងព្រឹត្ដិការណ៍ «សហគមន៍២៨វិច្ឆិកា» ដែលរហូតមកដល់ពេលនេះ មានករណីឆ្លងចំនួន ៣២ករណីហើយ។ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវតែរួមគ្នា អនុវត្ដឱ្យ និងគោរពនូវវិធានសុខាភិបាល ឱ្យបានម៉ត់ចត់ បើធ្វេសប្រហែសតែបន្ដិច គឺអាចឆ្លងរីករាលដាលកាន់តែច្រើន» ។
លោកស្រីបញ្ជាក់បន្ថែមថា ជារៀងរាល់ព្រឹកក្រុមបច្ចេកទេស តែងតែប្រជុំ, ជាក់ស្ដែងនៅព្រឹកមិញនេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានដឹកនាំកិច្ចប្រជុំដោយផ្ទាល់ ដើម្បីអង្កេតតាមដាននៃការវិវឌ្ឍនេះជំងឺនេះ ដោយមិនមែនពិនិត្យមើលតែកន្លែងណាដែលកើត ឬឆ្លងហើយនោះទេ គឺក្រសួង មានក្រុមការងារបច្ចេកទេសពិសេស ដែលរហូតមកដល់ពេលនេះ គឺកំពុងតែស្រាវជ្រាវជាប្រចាំ ដើម្បីរកមូលហេតុនេះការចម្លងជំងឺកូវីដ-១៩នេះ។
សូមជម្រាបថា គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេសត្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» សរុបចំនួន១១៣០៥សំណាក ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានកូវីដ១៩ ថ្មីចំនួន ៣២នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរសូវៀត និងមណ្ឌលសុខភាព ចាក់អង្រែ។
ជាមួយគ្នានេះ ក្រសួងសូមអញ្ជើញអ្នកប៉ះពាល់ ព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» ទាំងអស់ អញ្ជើញទៅធ្វើតេស្តលើកទី២ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ នៅបរិវេណក្រសួងមហាផ្ទៃ សម្រាប់បុគ្គលិក-មន្ត្រីរាជការស៊ីវិល និងនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ដែលមានទីតាំងនៅបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិច សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប៉ះពាល់ និងតាមបណ្តាមន្ទីរសុខាភិបាលខេត្ត (ដែលទទួលខុសត្រូវក្នុងការរៀបចំទីកន្លែងដែលពេលនោះ សម្រាប់អ្នកប៉ះពាល់នៅតាមខេត្ត)។
គិតត្រឹមម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៤៨នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣០៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៤២នាក់៕