(ភ្នំពេញ)៖ យុទ្ធនាការកៀរគរថវិការយៈពេល ១ថ្ងៃរបស់ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ និងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ បានបិទបញ្ចប់នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ ដោយទទួលបានទឹកប្រាក់សរុប៥លានរៀល ហើយលោក និងភរិយាបានសម្រេចបន្ថែម ៥លានរៀលទៀត ដើម្បីយកទៅចូលរួមបរិច្ចាគជូន សម្តេចតេជោ ហ៊ុន សែន សម្រាប់ការទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋឥតគិតថ្លៃ។
ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។
ជាមួយគ្នានេះដែរ លោក សួន សេរីរដ្ឋា បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៩ ខែធ្នូនេះថា «គាត់បានធ្វើយុទ្ធនាការកៀរគរលុយ រយៈពេល១ថ្ងៃ កាលពីម្សិលមិញ ឥឡូវប្រមូលបានប៉ុណ្ណឹង (៥លានរៀល) ហើយគាត់បានបន្ថែមលុយគាត់ ៥លានទៀត»។
រយៈពេល១ថ្ងៃ កាលពីម្សិលមិញនេះ ទោះបីជាមានចំនួនទឹកប្រាក់តិចតួច ប៉ុន្តែលោក សួន សេរីរដ្ឋា បានសង្កេតឃើញថា មានការចូលរួមច្រើនគួរឱ្យកត់សម្គាល់ ពីសប្បុរសជន ដែលបង្ហាញថា ប្រជាពលរដ្ឋខ្មែរ មានទឹកចិត្តសប្បុរស ហើយតែងចូលរួមសាមគ្គីជាមួយរាជរដ្ឋាភិបាលជានិច្ច នៅពេលកម្ពុជាជួបនឹងបញ្ហាអ្វីមួយ។
ទន្ទឹមនឹងនេះដែរ លោក សួន សេរីរដ្ឋា ក៏សូមអំពាវនាវ និងលើកទឹកចិត្ត ដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ និងសប្បុរសជន មេត្តាចូលរួមចំណែកបរិច្ចាគថវិកាឱ្យបានផុសផុល ដែលនេះជាចលនាគាំទ្រដល់ រាជរដ្ឋាភិបាល និង គោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន អំពីខឿនការពារសុខភាពរបស់ប្រជាជន នៅក្នុងបេសកកម្ម មនុស្សធម៌ ដ៏ឧត្តុង្គឧត្តមនេះ ទៅតាមលទ្ធភាពរៀងៗខ្លួន ក្នុងការចូលរួមថែរក្សា និងការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕