(ពោធិ៍សាត់)៖ អនុគណៈកម្មការដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិតាមបណ្ដាឃុំ ក្នុងស្រុកវាលវែង រួមមាន៖ ឃុំប្រម៉ោយ, ឃុំក្រពើពីរ, ឃុំអន្លង់រាប, ឃុំថ្មដា និងឃុំអូរសោម) ខេត្តពោធិ៍សាត់ នាពេលនេះបាននឹងកំពុងបន្តចុះប្រតិបត្តិការអនុវត្តន៍កិច្ចការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសយ៉ាងក្តៅគគុក នៅតាមបណ្តាឃុំដែលខ្លួនទទួលខុសត្រូវ។
សម្រាប់សប្តាហ៍ទី២ នៃខែធ្នូ ឆ្នាំ២០២០នេះ អនុគណៈកម្មការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុង៖
* ឃុំប្រម៉ោយ ដឹកនាំដោយលោក ចេង ឡៃ អភិបាលរង និងជាប្រធានអនុគណៈកម្មការបានចាប់ផ្ដើមកិច្ចការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កាលពីថ្ងៃទី០៩-១១ ខែធ្នូ ឆ្នាំ២០២០។
* ឃុំក្រពើពីរ ដឹកនាំដោយលោក អ៊ឹង គឹមលៀង អភិបាលរង និងជាប្រធានអនុគណៈកម្មការ បានចាប់ផ្ដើមកិច្ចការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កាលពីថ្ងៃទី០៨ រហូតមកដល់បច្ចុប្បន្នបាននឹងកំពុងបន្ត។
* ឃុំអន្លង់រាប ដឹកនាំដោយលោក គិត សុផា អភិបាលរង និងជាប្រធានអនុគណៈកម្មការ បានចាប់ផ្ដើមកិច្ចការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កាលពីថ្ងៃទី០៨-១០ ខែធ្នូ ឆ្នាំ២០២០។
* ឃុំថ្មដា ដឹកនាំដោយលោក ខូយ រីដា អភិបាលរង និងជាប្រធានអនុគណៈកម្មការ បានចាប់ផ្ដើមកិច្ចការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កាលពីថ្ងៃទី០៨-១១ ខែធ្នូ ឆ្នាំ២០២០។
* ឃុំអូរសោម ដឹកនាំដោយលោក សាយ សុជាតិ អភិបាលរង និងជាប្រធានអនុគណៈកម្មការ បានចាប់ផ្ដើមកិច្ចការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កាលពីថ្ងៃទី០៩ រហូតមកដល់បច្ចុប្បន្នបាននឹងកំពុងបន្ត។
ក្នុងកិច្ចប្រតិបត្តិការ អនុគណៈកម្មការនីមួយៗ បានផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយដីធ្លី ព្រមទាំងចុះធ្វើកិច្ចសន្យាឱ្យរុះរើផ្ទះ ខ្ទម រោង អនាធិបតេយ្យដោយខ្លួនឯង ធ្វើកិច្ចសន្យាបញ្ចប់ការសាងសង់ អនាធិបតេយ្យ កំទេចចោលផ្ទះ ខ្ទម រោង អនាធិបតេយ្យ បញ្ឈប់ការកាប់រុករានដីព្រៃដោយខុសច្បាប់ និងដកហូត កម្ទេច សម្ភារៈ ឧបករណ៍ប្រព្រឹត្តបទល្មើស ក្នុងតំបន់ការពារធនធានធម្មជាតិ បានមួយចំនួនធំ។ ជាមួយគ្នានោះអនុគណៈកម្មការនីមួយៗ បានធ្វើរបាយការណ៍សង្ខេម គោរពជូនលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកវាលវែង ផងដែរ។
សូមបញ្ជាក់ថា យោងតាមប្រការ៣ នៃសេចក្តីសម្រេច របស់រដ្ឋបាលខេត្តពោធិ៍សាត់ លេខ០៦១/២០ សសរក/ខពស ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ស្តីពីការបង្កើតគណៈកម្មការថ្នាក់ខេត្តទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងស្រុកវាលវែង អនុគណៈកម្មការនានាមានតួនាទីភារកិច្ច៖
* ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសការកាប់រានទន្ទ្រានយកដីព្រៃរបស់រដ្ឋ ក្នុងភូមិសាស្ត្រឃុំទាំង៥
* ស្រាវជ្រាវក្តាប់ព័ត៌មាន កំណត់មុខសញ្ញាជនល្មើស និងបង្កសំណុំរឿងតាមនីតិវិធីច្បាប់ ជូនតុលាការ
* កំណត់ច្បាស់លាស់ទីតាំងដីព្រៃ ដែលត្រូវការពារក្នុងភូមិសាស្ត្រឃុំទាំង៥ (ឃុំប្រម៉ោយ, ឃុំក្រពើពីរ, ឃុំអន្លង់រាប, ឃុំថ្មដា និងឃុំអូរសោម)
* អប់រំប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យយល់ដឹងពីផ្លូវច្បាប់ និងអត្ថប្រយោជន៍ នៃការថែរក្សាធនធានធម្មជាតិ
* ធ្វើរបាយការណ៍ពីលទ្ធផលសម្រេចបាន និងបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការអនុវត្តការងារជូនគណៈកម្មការថ្នាក់ខេត្ត៕