(កោះកុង)៖ កម្លាំងសមត្ថកិច្ច ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានឃាត់ខ្លួនបុរសម្នាក់ ក្រោយបាញ់ប្រហារដន្លងរបស់ខ្លួនឱ្យធ្លាយពោះព្រោះស្នេហាត្រីកោណ នៅវេលាម៉ោង ១២ថ្ងៃទី១១ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
បើតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះ ង៉ែត សាយ ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ (ពោះម៉ាយ) ចំណែកជនសង្ស័យ សោម សារឿន ភេទប្រុស អាយុ៥៧ឆ្នាំ និងមានប្រពន្ធឈ្មោះ ផាន់ សុខុន អាយុ៤៩ រស់នៅចំណុចផ្សារចាស់ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
សមត្ថកិច្ចបានឱ្យដឹងថា ជនបង្កមានមុខរបរជាគ្រូហ្វឹកហ្វឺនផ្នែកទាហាន ដោយមានកាំភ្លើងជាប់ក្នុងដៃ ទើបសមត្ថកិច្ចធ្វើការឡោមព័ទ្ធអស់ រយៈពេលជាង១ម៉ោង និងប្រើវិធានលួងលោមឱ្យជនបង្កសារភាព សមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ដើម្បីយកទៅធ្វើការសាកសួរតាមនីតិវិធី។
បើតាមការបង្ហើបពីអ្នកជិតខាង បានឱ្យដឹងថា ករណីបាញ់ដន្លង និងដន្លងនេះកើតមកភ្លើងប្រចណ្ឌដោយជនរងគ្រោះស្រឡាញ់ដន្លងជាជនសង្ស័យ។
សូមបញ្ជាក់ថា ករណីនេះ សមត្ថកិច្ចបានធ្វើឡោមព័ន្ធផ្ទះជនសង្ស័យ រហូតដល់ម៉ោង៥៖១០នាទីថ្ងៃដដែល ដោយឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតបានអាវុធខ្លី១ដើម ម៉ាកK៥៤។ ជនសង្ស័យសមត្ថកិច្ចកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នងការបន្ត៕