(ភ្នំពេញ)៖ យោងតាមការជូនដំណឹងរបស់លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានឲ្យដឹងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០នេះថា លទ្ធផលធ្វើតេស្តលើកទី៣ របស់លោកបង្ហាញថា «អវិជ្ជមាន»។
លោក គឹម សន្តិភាព សូមជូនដំណឹងថា៖ «ទីបំផុត ខ្ញុំ និងគ្រួសារពុំបានឆ្លង Covid-19 ទេ ពាក់ព័ន្ធ «ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ចិកា» គិតត្រឹមលទ្ធផលតេស្ត លើកចុងក្រោយនេះ !ជាលទ្ធផលតេស្តលើកទី៣ ដែលជាលើកចុងក្រោយ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ របស់ខ្ញុំ និងគ្រួសារគឺ «អវិជ្ជមាន Covid-19»!
បើទោះបីលទ្ធផលបែបនេះក៏ដោយ សូមកុំភ្លេចថា យើងអាចភ្លេច Covid-19 តែ Covid-19 នឹងមិនភ្លេចយើងទេ អោយតែយើងប្រហែស ឬមើលស្រាល!
ខ្ញុំ និងគ្រួសារត្រូវបានស្ថិតនៅដាច់ដោយឡែក (ចត្តាឡីស័ក) គ្រប់ចំនួន១៤ថ្ងៃ គិតត្រឹមថ្ងៃទី១២ ខែធ្នូ ២០២០!
នៅថ្ងៃច័ន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០ ខ្ញុំនឹងត្រឡប់ទៅបំពេញការងារវិញ ប៉ុន្តែទោះបីបែបនេះក៏ដោយ ការបន្តអនុវត្តនូវវិធានសុខាភិបាល និងការបំពេញការងារតាមរបៀប online ជាកិច្ចអាទិភាពក្នុងបរិបទCovid-19 នេះដែលត្រូវប្រកាន់យក បើពុំមានភាពចាំបាច់ណាមួយក្នុងការជួបផ្ទាល់!
អ្នកពិតជាហត់ណាស់ យុទ្ធមិត្តអាវសរ! មិនដឹងថារកពាក្យអ្វីលើសពីការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកនោះទេ!
សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់សូមមេត្តាយកចិត្តទុកដាក់ខ្ពស់អនុវត្តនូវវិធានការនានារបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញ ដើម្បីការពារអ្ន គ្រួសារអ្នក និងសង្គមរបស់យើង! ទន្ទឹមនេះខ្ញុំក៏សូមថ្លែងអរគុណនូវរាល់ក្តីបារម្ភ និងការជូនពររបស់បងប្អូនពូមីងទាំងអស់៕