(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងលោក សៅ សារ៉ាត់ ឣ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន នៅសៀលថ្ងៃសៅរ៍ ទី២ ខែមករា ឆ្នាំ២០២១ បានចុះសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងនាំយកគ្រឿងឧបភោគបរិភោគ ជូនកងកម្លាំងការពារតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ និងបទល្មើសជួញដូរផ្សេងៗ។
ជាពិសេសត្រៀមទទួលពលករដែលចំណាកស្រុកចូលមកពីប្រទេសថៃតាមច្រករបៀងនានា ដើម្បីបញ្ជូនមកធ្វើចត្តាឡីស័ក ក្រោមការពិនិត្យ និងតាមដានសុខភាពដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ ក្នុងការបង្ការនិងទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ចូលក្នុងសហគមន៍។
លោកស្រីអភិបាលខេត្ត បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជូនកងកម្លាំង និងសារក្រើនរំលឹករបស់សម្តេចឱ្យរួមគ្នាបំពេញតួនាទីភារកិច្ចឱ្យបានល្អ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ ដើម្បីទប់ស្កាត់កុំឱ្យវីរុសកូវីដ១៩ឆ្លងចូលសហគមន៍។
លោកស្រីអភិបាលខេត្ត ក៏បានរំលឹកនូវប្រសាសន៍របស់សម្តេច ដែលណែនាំកងកម្លាំងក្នុងពេលបំពេញភារកិច្ច ត្រូវរក្សាអនាម័យ ពាក់ម៉ាស់ លាងដៃនឹងអាល់កុល ជែល ជាប្រចាំ និងមិនត្រូវទៅប៉ះពាល់ ឬប្រាស្រ័យទាក់ទងពលករ ដែលស្ថិតក្នុងការសង្ស័យមានផ្ទុកវីរុសកូវីដ១៩ នោះឡើយ ត្រូវរាយការណ៍ជាបន្ទាន់មក្រុមការងារ និងគ្រូពេទ្យជំនាញ។
សូមបញ្ជាក់ថា ការចុះរឹតបន្តឹងការចេញចូលនៅតាមព្រំដែន និងការនាំពលករធ្វើចត្តាឡីស័ក បានធ្វើឡើងបន្ទាប់ពីការរកឃើញពលករខ្មែរមួយចំនួនបានវិជ្ជមានជំងឺកូវីដ១៩ ពេលត្រឡប់មកពីប្រទេសថៃ។ ជាពិសេសវិធានការទាំងនេះ ធ្វើតាមការណែនាំ និងបទបញ្ជាដ៏ម៉ឹងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន និងការណែនាំរបស់ក្រសួងសុខាភិបាល។
ដើម្បីបង្ការកុំឱ្យមានជំងឺកូវីដ១៩ឆ្លងចូលក្នុងសហគមន៍នោះ លោកស្រី បាន ស្រីមុំ បានយកចិត្តទុកដាក់ខ្ពស់ ចំពោះពលករខ្មែរត្រឡប់មកពីថៃ ដោយតម្រូវឲ្យធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កនៅកន្លែងដែលបានកំណត់ដើម្បីយកសំណាកទៅវិភាគឲ្យបានគ្រប់ចំនួន៣ដង តាមការកំណត់របស់ក្រសួងសុខាភិបាល៕