(ភ្នំពេញ)៖ អង្ករជាអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ាន ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បាននាំយកទៅប្រគល់ជូនដល់សមាគមតន្ត្រីសំនៀងជនពិការ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការ ស្ថិតនៅភូមិស្រែជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
ពិធីប្រគល់-ទទួលនេះ ធ្វើនៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ ក្រោមវត្តមានលោក ជិន ប៊ុនធឿន នាយកសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញតំណាងលោក ឃួង ស្រេង និងលោក ចាប តូ ប្រធានសមាគមតន្ត្រី សំនៀងជនពិការ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការ និងមានការចូលរួមពីមន្ត្រីកាកបាទផងដែរ។
ក្នុងឱកាសនោះលោក ជិន ប៊ុនធឿន បានថ្លែងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ឧបត្ថម្ភជាស្បៀងហូបចុកដល់កូនក្មួយដែលកំពុងស្នាក់នៅរៀនសូត្រ នៅក្នុងអគារមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការ និងបានពាំនាំនូវបណ្តាំសួរសុខទុក្ខពីលោក ឃួង ស្រេង ដល់ដល់កូនក្មួយដែលកំពុងស្នាក់នៅរៀនសូត្រ នៅក្នុងអគារមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការ ក្នុងនោះអភិបាលរាជធានីភ្នំពេញ ក៏តែងតែយកចិត្តទុកដាក់គិតគូពីការលំបាក និងសុខទុក្ខក្មួយៗជានិច្ច។
ជាការឆ្លើយតបលោក ចាប តូ ប្រធានសមាគមតន្ត្រីសំនៀងជនពិការ បានលើកហត្ថប្រណម សូមថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុក ដាក់ឧបត្ថម្ភជាស្បៀងហូបចុក ដល់កូនក្មួយដែលកំពុងស្នាក់នៅរៀនសូត្រ នៅក្នុងអគារមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការ។
លោក ចាប តូ បន្តថា តាងនាមថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិក សមាជិក សមាជិកា និងកូនៗ ជាជនមានពិការភាពភ្នែក កាយ សម្បទា ចំនួន៥៧២នាក់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេច ទាំងទ្វេរ ដែលបានចាត់លោក ឃួង ស្រេង យកអង្ករមកឧបត្ថម្ភដល់កូនៗពិការភ្នែក នៅក្នុងសមាគមចំនួន៥តោន (ប្រាំតោន) ដើម្បីកូនបានទទួលទានរួមគ្នាប្រចាំថ្ងៃ។
ជំនួយឧបត្ថម្ភរបស់សម្តេច ពុក និងសម្តេចម៉ែ បានចិញ្ចឹមកូនៗដែលកំពុងស្នាក់នៅ និងកំពុងទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ម៉ាស្សា តន្ត្រី ចម្រៀងក្នុងសមាគម។
កន្លងមកសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនដែលភ្លេចនិងទុកកូនៗ ពិការភ្នែកចោលឡើយ ពុកម៉ែបានជួយឲ្យកូនៗជាជនមានពិការភាព បានទទួលអំណោយនូវថវិកាសម្រាប់ទិញដី ជួយសង់អគារ ១ខ្នង ផ្លូវបេតុង ១ខ្សែ រថយន្តក្រុង ១គ្រឿង ឧបករណ៍ភ្លេង ១ឈុត និងសម្ភារៈឧបភោគ បរិភោគជាច្រើនទៀត។
ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំទាំងអស់គ្នា ជាកូន ជាចៅ ដែលជាជនមានពិការភាពភ្នែក កាយសម្បទា សូមគោរពប្រសិទ្ធពរជ័យ សិរីមង្គលវិបុលសុខមហាប្រសើរជូន សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំមាតុភូមិកម្ពុជា ឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍន៍ សម្បូរសប្បាយជានិច្ចនិរន្តរ៍។
លោក ចាប តូ បានបញ្ជាក់ថា៖ជនពិការចំនួន៦០នាក់ ស្នាក់នៅអចិន្ត្រៃយ៍នៅអគារមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការ ដែលមានបន្ទប់ស្នាក់នៅ និងបណ្តុះបណ្តាល ចំនួន២០បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ដល់សមាគមបានស្នាក់នៅរៀនសូត្របានសមរម្យ៕