(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានផ្ញើព្រះរាជសារចូលរួមរំលែកទុក្ខ ចំពោះការយាងចូលព្រះទិវង្គត សម្តេចព្រះបរមរាមា នរោត្តម យុវនាថ។
ក្នុងព្រះរាជសារ ចូលរួមរំលែកទុក្ខ របស់ព្រះមហាក្សត្រ និងសម្ដេចម៉ែ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ បានសរសេរទាំងស្រុងយ៉ាងដូច្នេះថា៖ «ខ្ញុំមានហឫទ័យដ៏ក្រៀមក្រំ ដោយបានទទួលដំណឹង អំពីការយាងចូលព្រះទិវង្គត របស់សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ ៧៨ព្រះវស្សា នៅសហរដ្ឋអាមេរិក។
ខ្ញុំសូមសម្តែងនូវការសោកស្តាយដ៏ជ្រាលជ្រៅ និងសូមចូលរួមរំលែកមរណទុក្ខជាមួយអ្នកម្នាង និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់នៃព្រះសព។ ការយាងចូលព្រះទិវង្គតរបស់ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ គឺជាការបាត់បង់ស្វាមី ឪពុក និងជីតា ដ៏ល្អប្រពៃមួយរូបដែលជាទីគោរពស្រឡាញ់នៃបុត្រា បុត្រី ចៅប្រុស ចៅស្រី ព្រមទាំង បងប្អូន និងញាតិមិត្តទាំងពួង។
ខ្ញុំសូមបួងសួង សូមព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ យាងទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»។
សូមបញ្ជាក់ថា សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានយាងចូលព្រះទិវង្គត ក្នុងព្រះជន្មាយុ ៧៨ព្រះវស្សា នៅសហរដ្ឋអាមេរិក ដោយព្រះជរាពាធ នាយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ (ម៉ោងនៅប្រទេសកម្ពុជា)។នេះបើតាមការជូនដំណឹងរបស់មន្រ្តីព្រះបរមរាជវាំង។
សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ជាព្រះរាជបុត្រាច្បង នៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ វររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងព្រះអង្គម្ចាស់ក្សត្រី សុីសុវត្ថិ ពង្សសានមុនី។ សម្តេចព្រះបរមរាមា ត្រូវជាព្រះរៀមបង្កើតមាតាទីទៃ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕