(ភ្នំពេញ)៖ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ មានរៀបចំកិច្ចប្រជុំ ពិគ្រោះយោបល់ ជាមួយដៃគូអភិវឌ្ឍន៍ អំពីទស្សនវិស័យ សេដ្ឋកិច្ចកម្ពុជា និងផែនការស្តារ សេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ ។ កិច្ចប្រជុំនេះ ដឹកនាំដោយ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានចូលរួម ពីសំណាក់តំណាងដៃគូ អភិវឌ្ឍន៍សំខាន់ៗនៅកម្ពុជា ដែលរួមមាន ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF), ធនាគារពិភពលោក (World Bank) និងអង្គការកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ (UNDP) ។
កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីពិភាក្សាពិគ្រោះយោបល់ លើការវាយតម្លៃ សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២០ និងទស្សនវិស័យសេដ្ឋកិច្ច ក្នុងរយៈមធ្យម និងប្រមូលធាតុ ចូលបន្ថែមពាក់ព័ន្ធ នឹងការរៀបចំក្របខណ្ឌផែនការ ស្តារសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ ២០២១-២០២៣ ។
លោក វង្សី វិស្សុត មានប្រសាសន៍ថា វិបត្តិនៃជំងឺកូវីដ-១៩ នៅមិនទាន់ចប់ទេ ទោះបីជាយើងបានឃើញថា មានពន្លឺនៃការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះក្តី បន្ទាប់ពីយើងបានជួបប្រទះនូវភាពភ័យខ្លាច នៃការដួលរលំ នៃសេដ្ឋកិច្ច ពិភពលោក ដោយសារជំងឺកូវីដ-១៩ ពិសេសនៅអំឡុងពេល នៃការរាតត្បាតខ្លាំងនៅក្នុងខែមីនា-មេសា កាលពីឆ្នាំមុន ។ ទន្ទឹមនឹងនេះ រលកថ្មី នៃការងើបឡើងវិញ នៃជំងឺនេះ ពិសេសការរីករាលដាល នៃជំងឺកូវីដប្រភេទថ្មី នៅតាមបណ្តាប្រទេសមួយចំនួន បាននិងកំពុងបង្កើត ឱ្យមានក្តីបារម្ភថ្មី ចំពោះពិភពលោក ដែលប្រការនេះ នឹងធ្វើឱ្យស្ថានភាព សេដ្ឋកិច្ចពិភពលោក បន្តស្ថិតក្នុងភាព មិនច្បាស់លាស់តទៅទៀត ។ ពិតណាស់ថា វ៉ាក់សាំងនឹងជួយធ្វើឱ្យយើង អាចយកឈ្នះលើជំងឺកូវីដក្តី តែចំណោទអំពីប្រសិទ្ធភាព, គុណភាព និងសុវត្ថិភាពនៃវ៉ាក់សាំង នៅតែមិនទាន់មានភាពច្បាស់លាស់នៅឡើយ ។
ជាងនេះទៅទៀត បណ្តាប្រទេសនានា ដោយរួមទាំងកម្ពុជាផងដែរ បាន និងកំពុងទទួលរងនូវផលប៉ះពាល់ អវិជ្ជមានបណ្តាលមកពី៖ (១).ភាពតានតឹង នៃភូមិសាស្ត្រនយោបាយ នៃពិភពលោក និងសង្រ្គាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា ដែលកាន់តែស្រួចស្រាវ (២).ប្រទេសជាច្រើន នៅក្នុងពិភពលោក ពិសេសបណ្តាប្រទេស អភិវឌ្ឍន៍ បានប្រើប្រាស់ស្ទើរតែអស់លទ្ធភាព ទៅហើយនូវឧបករណ៍គោល នយោបាយនានា ទាំងផ្នែកសារពើពន្ធ និងរូបិយវត្ថុ ពិសេសការបោះពុម្ភក្រដាសប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់ ។ ប្រការនេះអាច នឹងធ្វើឱ្យបណ្តាប្រទេសទាំងនោះ អស់ឧបករណ៍គោលនយោបាយក្នុងដៃ ឬលែងមានសមត្ថភាពឆ្លើយតបច្រើនដូចមុន ប្រសិនបើជំងឺនេះ រីករាលក្នុងទ្រុងទ្រាយធំ និង (៣).មនុស្សជាតិចាប់ផ្តើមធុញទ្រាន់នឹងការរស់នៅជាមួយនឹងជំងឺនេះ តាមរបៀបគន្លងថ្មី ដែលប្រការនេះងាយនឹងបង្កឱ្យមានហានិភ័យកម្រិតខ្ពស់ ក្នុងការឆ្លង និងការរីករាលដាល តែក្នុងរយៈពេលមួយដ៏ខ្លី ។
លោកក៏បានបន្តទៀតថា កម្ពុជាដែលជាផ្នែកមួយ នៃពិភពលោក មិនអាចជៀសផុតពីជំងឺនេះទ តែរហូតមកដល់នឹងពេលនេះ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ វ័យឆ្លាត និងម៉ឺងម៉ាត់របស់ សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខនៃរាជរដ្ឋាភិបាល ធ្វើឱ្យកម្ពុជាយើងមានសមត្ថភាព និងលទ្ធភាពអាចគ្រប់គ្រងសភាព ការណ៍វិបត្តិនៃជំងឺកូវីដ-១៩ ទាំងលើសមរភូមិសេដ្ឋកិច្ច និងសមរភូមិសុខមាលភាព ប្រជាជន ។ ក៏ប៉ុន្តែកម្ពុជានៅមានហានិភ័យធំនៅឡើយ ពិសេសការព្រួយបារម្ភបន្ទាប់ពី មានការរកឃើញ នូវករណីឆ្លងជំងឺកូវីដ-១៩ ចំពោះពលករកម្ពុជា ជាបន្តបន្ទាប់ ដែលពួកគាត់ ទើបវិលត្រឡប់មកពីប្រទេសថៃ ដែលកំពុងមានការរីករាលដាល នៃជំងឺកូវីដ-១៩ ។
លោក វង្សី វិស្សុត មានប្រសាសន៍ថា ក្របខណ្ឌនៃផែនការ ស្តារសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩ សម្រាប់ឆ្នាំ ២០២១-២០២៣ នឹងផ្តោតលើអភិក្រមចំនួន ៣ គឺ៖
ទី១.យុទ្ធសាស្រ្ត ដើម្បីរស់ (Survival) ដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចផង និងដើម្បីបន្តប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ផង ព្រមទាំង ដើម្បីរក្សាលំនឹងជីវភាពប្រជាជន និងអាជីវកម្ម និងធុរកិច្ច ពិសេសក្នុងវិស័យ ដែលទទួលរងផលប៉ះពាល់ខ្លាំង និងក្នុងវិស័យថ្មីៗ ដែលមានសក្តានុពល ព្រមទាំងការបង្កើតការងារ បន្ថែមឱ្យបានច្រើន និងការជំរុញការប្រើប្រាស់ និងការចំណាយក្នុងស្រុក ។ នៅក្នុងក្របខណ្ឌនេះ រាជរដ្ឋាភិបាល នឹងបន្តអនុវត្តនូវរាល់កម្មវិធីជំនួយ សង្គមនានាដែលមានស្រាប់ ក៏ដូចជាបន្តនូវអន្តរាគមន៍ផ្សេងៗ របស់រាជរដ្ឋាភិបាល ដូចជាការបន្តអនុវត្តនូវកម្មវិធី សាច់ប្រាក់ពលកម្មជាដើម។
ទី២.ការកែទម្រង់ (Reform) សំដៅពន្លឿនការធ្វើពិពិធកម្ម ទាំងផ្នែកផលិតកម្ម សេវាកម្ម និងទីផ្សារ ព្រមទាំងការលើកកម្ពស់ភាព ប្រកួតប្រជែង ដោយផ្ដោតលើការ ធ្វើឱ្យប្រសើរឡើងនូវបរិយាកាស និងកិច្ចសម្រួលពាណិជ្ជកម្ម ការវិនិយោគ និងធុរកិច្ច ព្រមទាំងការជំរុញ និងអភិវឌ្ឍឌីជីថលូបនីយកម្ម ក្នុងប្រព័ន្ធសេដ្ឋកិច្ច ក្នុងគោលដៅប្រែក្លាយ វិបត្តិនៃជំងឺកូវីដ-១៩ ឱ្យក្លាយទៅជាឱកាស ។
ទី៣. ការកសាងភាពធន់ (Resilience) ប្រកបដោយចីរភាព និងបរិយាប័ន្ន តាមរយៈការកសាង និងពង្រឹងសមត្ថភាពស្ថាប័ន, ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យគន្លឹះ, ការបង្កើនការអភិវឌ្ឍធនធានមនុស្ស, ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធសុខាភិបាល, ការធានាធនធានក្នុងស្រុកគ្រប់គ្រាន់ ដោយការបង្កើនលំហរថវិកា, ការធានាភាពធន់ក្នុងវិស័យហិរញ្ញវត្ថុ តាមការអភិវឌ្ឍយន្តការឆ្លើយតបទៅនឹងវិបត្តិ និងការបង្កើនប្រភពហិរញ្ញប្បទានក្នុងស្រុក (ដូចជា ការបោះផ្សាយមូលបត្ររដ្ឋ), ការកាត់បន្ថយភាពពឹងផ្អែកខ្លាំងលើកត្តាខាងក្រៅ ដោយការជំរុញការធ្វើពិពិធកម្ម និងការពង្រឹងភាពប្រកួតប្រជែង និងការកសាងមូលដ្ឋានសេដ្ឋកិច្ចក្នុងស្រុករឹងមាំ, ព្រមទាំងការលើកកម្ពស់ការអភិវឌ្ឍបៃតង (Green Growth) ដែលធានាតុល្យភាពរវាងតម្រូវការអភិវឌ្ឍន៍ និងការបន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុ ជាដើម។
គួរបញ្ជាក់ផងដែរថា កំណើនសេដ្ឋកិច្ចសកលក្នុងឆ្នាំ ២០២០ ត្រូវបានវាយតម្លៃថា អាចនឹងធ្លាក់មកក្នុងអត្រា -៤,៤% ដោយសារការដាក់ចេញ នូវវិធានការនានាសំដៅទប់ស្កាត់ការ រីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានបង្អាក់ និងដាក់សម្ពាធយ៉ាងខ្លាំងដល់ដំណើរ ការសេដ្ឋកិច្ចសកល ទាំងលើសកម្មភាពផលិតកម្ម, ការប្រើប្រាស់ និងការវិនិយោគ។ យ៉ាងណាមិញ កំណើនត្រូវបានរំពឹងថា នឹងងើបឡើងវិញ មកក្នុងអត្រាប្រមាណ ៥,២% ក្នុងឆ្នាំ ២០២១ ក្រោមការរំពឹងទុកថាវ៉ាក់សាំងជំងឺកូវីដ-១៩ នឹងត្រូវបានចាប់ផ្តើមចែកចាយក្នុងឆ្នាំ ២០២១ ស្របពេលដែលសកម្មភាព សេដ្ឋកិច្ចបន្តងើបឡើងវិញជាបណ្តើរៗ ។ ទោះជាយ៉ាងនេះក្តី ការព្យាករថាកំណើន សេដ្ឋកិច្ចសកលក្នុងឆ្នាំ ២០២១ នឹងងើបឡើងវិញនេះ ស្ថិតក្នុងភាពមិនប្រាកដប្រជាខ្ពស់ ព្រមទាំងអាស្រ័យស្ទើរតែទាំងស្រុងលើប្រសិទ្ធភាព និងលទ្ធភាពក្នុងការចែកចាយវ៉ាក់សាំងកូវីដ-១៩។
ស្របគ្នាទៅនឹងនិន្នាការសកលនេះ, សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២០ ក៏បានទទួលរងផលប៉ះពាល់ខ្លាំងពីវិបត្តិជំងឺកូវីដ-១៩ ផងដែរ ។ តាមការវាយតម្លៃចុងក្រោយ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២០ អាចមានកំណើនទាបជាងការព្យាករ កាលពីពាក់កណ្តាលឆ្នាំ ដែលឆ្លុះបញ្ចាំងតាមរយៈការធ្លាក់ចុះជាងការរំពឹងទុក នៃវិស័យកាត់ដេរ, វិស័យកសិកម្ម និងការធ្លាក់ចុះខ្លាំងនៃវិស័យទេសចរណ៍ ស្របពេលដែលវិស័យសំណង់ និងអចលនទ្រព្យ ត្រូវបានប៉ាន់ស្មានថានឹងទទួលរងផលប៉ះទង្គិច តិចជាងការរំពឹងទុកបន្តិច។ ទន្ទឹមនេះ វិស័យកម្មន្តសាល មិនមែនកាត់ដេរ ត្រូវបានរំពឹងថានឹងអាចរក្សាបានកំណើនល្អប្រសើរ ។ គួរឱ្យកត់សម្គាល់ផងដែរ វិស័យហិរញ្ញវត្ថុទាំងធនាគារ និងមិនមែនធនាគារ នៅរក្សាបានស្ថិរភាព និងពុំមានសញ្ញាណប្រែប្រួល គួរឱ្យកត់សម្គាល់ឡើយ ។ ក្នុងឆ្នាំ ២០២១, សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងងើបឡើងវិញ ក្រោមការរំពឹងទុកការកើន ឡើងសន្សឹមៗ នៃវិស័យគាំទ្រ និងប្រសិទ្ធភាពនៃការដាក់ចេញវិធានការ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជារួម ដៃគូអភិវឌ្ឍន៍បានបង្ហាញនូវជំហរ យល់ស្របលើលទ្ធផល នៃការវាយតម្លៃសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២០ និងទស្សនវិស័យសេដ្ឋកិច្ចរយៈមធ្យម និងបានផ្តល់នូវមតិយោបល់ បន្ថែម ដើម្បីបង្កើនសុក្រិត នៃការព្យាករណ៍ ព្រមទាំងបានចែករំលែកពីការវិវឌ្ឍចុងក្រោយ នៃស្ថានភាពសេដ្ឋកិច្ច និងសង្គម ក្នុងកម្រិតតំបន់ និងសកល។ ជាមួយគ្នានេះ តំណាងដៃគូអភិវឌ្ឍន៍ បានសម្តែងនូវការសារទរ ចំពោះកិច្ចខំខិតប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការគិតគូររៀបចំសេចក្តីព្រាង ក្របខណ្ឌផែនការស្តារសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩ ជាពិសេសបានផ្តល់ នូវយោបល់ល្អៗជាច្រើនសំដៅកែលម្អសេចក្តី ព្រាងក្រខណ្ឌនេះ ឱ្យកាន់តែគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបាន ។
បន្ថែមលើនេះ ដៃគូអភិវឌ្ឍន៍បានវាយតម្លៃខ្ពស់ ចំពោះភាពជោគជ័យរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងគ្រប់គ្រងការរីករាលដាល នៃជំងឺកួវីដ-១៩ និងប្រសិទ្ធភាព នៃការអនុវត្តវិធានការ អន្តរាគមន៍ទាន់ពេលវេលា ប៉ុន្តែបានលើក ទឹកចិត្តឱ្យរាជរដ្ឋាភិបាលកម្ពុជា បន្តលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ក្នុងបន្តការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ៕