(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ឆ្នាំមករា ឆ្នាំ២០២១ ក្រុមហ៊ុនសែលកាត បានប្រកាសពីការបើកដំណើរការ មជ្ឈមណ្ឌលអប់រំ (Education Hub) តាមអនឡាញ ដើម្បីអនុញ្ញាតឱ្យអតិថិជនសែលកាតរបស់ខ្លួន អាចចូលទស្សនាមាតិកាអប់រំតាមអនឡាញ ដោយឥតដែនកំណត់នៅទូទាំងប្រទេសកម្ពុជា។
សេវាកម្មនវានុវត្តន៍ផ្នែកឌីជីថល ដែលមានផ្តល់ជូននៅលើ Education Hub នេះ រួមមានសាលាអេឡិចត្រូនិច (E-School) កម្មវិធី ឃីម សុខហេង (Khim Sok Heng) និង កម្មវិធី iKnow iKnow ជាដើម។ Education Hub គឺជាមធ្យោបាយដ៏ល្អបំផុតមួយ សម្រាប់អ្នកសិក្សាគ្រប់រូបដែលមានបំណងចង់បង្កើនចំណេះដឹងរបស់ខ្លួន ជាមួយនឹងសមត្ថភាពក្នុងការទទួលបានការអប់រំឌីជីថលគ្រប់ទីកន្លែងនៅទូទាំងប្រទេសកម្ពុជា ដែលដំណើរការដោយសែលកាត។
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា Education Hub គឺជាផ្នែកមួយនៃគោលដៅរបស់ក្រុមហ៊ុនសែលកាត និងរ៉ូយ៉ាល់គ្រុប ដើម្បីបង្កើនអក្ខរកម្មឌីជីថល និងសមត្ថភាពយុវជននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាដើម្បីធានាឱ្យបាននូវការអប់រំប្រកបដោយគុណភាព នៅក្នុងអំឡុងស្ថានការណ៍ឥតទិសដៅច្បាស់លាស់នេះផងដែរ។
លោក វ៉ាតសុន បានមានប្រសាសន៍បន្តថា៖ «តាមរយៈអនុសាសន៍ណែនាំរបស់អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ពួកយើងនឹងនៅតែបន្តផ្តល់ជូននូវនវានុវត្តន៍ផ្នែកឌីជីថល ដើម្បីជួយពន្លឿនដល់ការធ្វើឌីជីថលនីយកម្មនៅកម្ពុជា។ ការអប់រំតាមអនឡាញ ពិតជាមានសារៈសំខាន់ណាស់នៅពេលនេះ ហើយពួកយើងអាចមើលឃើញយ៉ាងច្បាស់ថា សិស្សនិស្សិតនឹងនៅតែត្រូវពឹងផ្អែកលើថ្នាលសិក្សានិម្មិត (virtual learning platforms) ជាបន្ត»។
ក្រុមហ៊ុនសែលកាត បានដាក់ឱ្យដំណើរការកម្មវិធីអប់រំតាមរយៈកម្មវិធីទូរស័ព្ទ iKnow iKnow នៅក្នុងឆ្នាំ ២០២០ ដើម្បីផ្តោតទៅលើសិស្សសាលាចាប់ពីថ្នាក់ទី ៦ ដល់ទី ១២។ សេវាកម្មនេះ មានផ្តល់ជូននៅទូទាំងប្រទេស ដោយអ្នកប្រើប្រាស់ត្រូវចំណាយត្រឹមតែ ១២០០រៀលប៉ុណ្ណោះ ក្នុងមួយសប្តាហ៍។
អតិជនសែលកាត អាចបន្តមានឱកាសឈ្នះរង្វាន់អាហារូបករណ៍រយៈពេលមួយឆ្នាំដោយឥតគិតថ្លៃ ដើម្បីសិក្សានៅសាកលវិទ្យាល័យនាំមុខគេចំនួន ៣ នៅកម្ពុជា ដោយក្នុងនោះរួមមានសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា (PUC) និងសាកលវិទ្យាល័យកម្ពុជា (UC) តាមរយៈការចូលរួមប្រើប្រាស់កម្មវិធីអប់រំ ដើម្បីឆ្លើយសំណួរស្វែងរកចម្លើយត្រឹមត្រូវ។ កាន់តែពិសេសទៀតនោះ អតិថិជនក៏នឹងមានឱកាសប្រចាំខែ ដើម្បីឈ្នះម៉ូតូយ៉ាម៉ាហា X-Ride ចំនួន២គ្រឿងផងដែរ។
កម្មវិធី E-School Cambodia ដែលមាននៅលើ Education Hub របស់សែលកាត នឹងផ្តល់ជូនវគ្គសិក្សាតាមវីដេអូ (Video On Demand) ចំនួន ១២ វគ្គ ដោយផ្តោតលើថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេស ដោយឥតគិតថ្លៃរយៈពេលមួយខែ សម្រាប់រាល់អតិថិជនសែលកាតដែលប្រើប្រាស់លេខកូដប្រូម៉ូសិន «Cellcard»។ មុខវិជ្ជាជាច្រើន ដែលអនុលោមតាមស្តង់ដារអប់រំកម្ពុជារបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់គ្រប់កម្រិតចាប់ពីមត្តេយ្យសិក្សាដល់ថ្នាក់វិទ្យាល័យ ក៏នឹងមានដាក់ជូនឱ្យប្រើប្រាស់ផងដែរ។
កម្មវិធីសិក្សា Khim Sok Heng មានផ្តល់ជូននូវមាតិការសិក្សាតាមវីដេអូ (Video On Demand) ដល់អតិថិជន ជាមួយនឹងគម្រោងបង់ថ្លៃប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និង ប្រចាំខែ ដែលអតិថិជនអាចបង់ថ្លៃគម្រោងដោយប្រើប្រាស់ទឹកប្រាក់នៅក្នុងគណនីសែលកាតរបស់ខ្លួន។ លោក ឃីម សុខហេង (Khim Sok Heng) គឺជាសាស្ត្រាចារ្យដ៏ល្បីល្បាញ និងទទួលបានការគោរពដ៏ខ្ពស់មួយរូប ខាងផ្នែកបណ្តុះបណ្តាលជំនាញទន់។ មាតិកាតាមអនឡាញ រួមមានវគ្គស្តីពីភាពជាអ្នកដឹកនាំ ទំនាក់ទំនងគ្រួសារ ជំនាញធុរកិច្ច ការលើកទឹកចិត្តនិងការកែលំអខ្លួនឯង និងមានជំនាញដទៃៗទៀតជាច្រើន។
លោក វ៉ាតសុន បានថ្លែងទៀតថា៖ «Education Hub គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ពួកយើង ដើម្បីធានាបាននូវការអភិវឌ្ឍទៅមុខជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា។ សេវាកម្មសិក្សាតាមអនឡាញនេះ គឺជាធនធានបន្ថែមដ៏អស្ចារ្យមួយ សម្រាប់ជួយដល់សិស្សនិសិ្សតក្នុងការរៀនសូត្រនូវជំនាញឌីជីថល ក៏ដូចជាជួយដល់ការអភិវឌ្ឍគំនិតរបស់យុវជនខ្មែរផងដែរ»។
អតិថិជនសែលកាតដែលមានចំណាប់អារម្មណ៍ក្នុងការប្រើប្រាស់ Education Hub អាចចូលទស្សនាមាតិការបស់កម្មវិធីនេះបាន តាមរយៈ Cellcard App ដែលអាចស្វែងរកបាននៅលើហាងរបស់ iOS និង Android៕