(មណ្ឌលគិរី)៖ ថ្វីបើក្រសួងបរិស្ថាន អង្គការ WWF ព្រមទាំងដៃគូទាំងអស់ បានបង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងការពង្រឹងការអនុវត្តច្បាប់យ៉ាងខ្លាំងក្លា យ៉ាងណាក៏ដោយ របាយការណ៍មួយដែលចេញផ្សាយរួមគ្នាដោយក្រសួង បរិស្ថាន និង អង្គការ WWF ស្តីពីស្ថានភាព នៃប្រភេទសត្វក្រចកជើងចំពាម បានបង្ហាញថាចំនួនសត្វក្រចកជើងចំពាម ក្នុងដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេច បានធ្លាក់ចុះក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ហើយបានបង្ហាញនូវភាពចាំចាច់ក្នុងការដាក់ចេញនូវវិធានការថ្មី និងប្រកបដោយភាពច្នៃ ប្រឌិតជាងមុនជាបន្ទាន់ ដើម្បីទប់ស្កាត់ស្ថានភាពធ្លាក់ចុះនេះ។
បើតាមរបាយការណ៍បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «លទ្ធផលនៃការតាមដានសត្វក្រចកជើងចំពាម ក្នុងចន្លោះឆ្នាំ២០១០-២០២០ នៅក្នុងដែនជម្រកទាំងពីរ បានបង្ហាញថាចំនួនសត្វទន្សោង បានធ្លាក់ចុះប្រមាណ៧២% សត្វឈ្លូស ប្រមាណ៥២% និងសត្វជ្រូកព្រៃប្រមាណ១៨% បើប្រៀបធៀបនឹងលទ្ធផលនៃការស្រាវជ្រាវ នៅឆ្នាំ២០១០-២០១១»។
ផ្អែកតាមការប៉ាន់ប្រមាណនៅចន្លោះឆ្នាំ២០១០ ដល់ឆ្នាំ២០១១ សត្វទន្សោងមានចំនួនប្រមាណ ១,៩១១ក្បាល នៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃស្រែពក និងប្រមាណ១,១០២ក្បាល នៅក្នុងដែនជម្រកសតក្វព្រៃភ្នំព្រេច។
បច្ចុប្បន្ននេះ ចំនួនសត្វទន្សោង ត្រូវបានគេប៉ាន់ប្រមាណថានៅសេសសល់ប្រហែល ៣៧១ក្បាល នៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃស្រែពក និងប្រហែល ៤៨៥ក្បាល នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច។ សរុបទាំងអស់មានចំនួន ប្រមាណ៨៥៦ក្បាល ធ្លាក់ចុះ៧២ភាគរយ។
ដោយឡែកសត្វឈ្លូស ដោយផ្អែកតាមការប៉ាន់ប្រមាណនៅចន្លោះឆ្នាំ២០១០ ដល់ឆ្នាំ២០១១ សត្វឈ្លូសមានចំនួនប្រមាណ ៤,៤៥៣ក្បាល នៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃស្រែពក និងប្រមាណ ២,៥៤៣ក្បាល នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច។
ប៉ុន្តែ សម្រាប់បច្ចុប្បន្ននេះ ចំនួនសត្វឈ្លូស ត្រូវបានប៉ាន់ប្រមាណថានៅសេសសល់ប្រហែល ១,៤២៥ក្បាល នៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃស្រែពក និងប្រហែល ១,៩២៥ក្បាល នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច។ សរុបមានចំនួនប្រមាណ ៣,៣៥០ក្បាល ធ្លាក់ចុះ៥២ភាគរយ។
បើតាមរបាយការណ៍ដដែល ក៏បានឱ្យដឹងថា ផ្អែកតាមការប៉ាន់ប្រមាណនៅចន្លោះឆ្នាំ២០១០ ដល់ឆ្នាំ២០១១ ដូចគ្នា សត្វជ្រូកព្រៃមានចំនួនប្រមាណ ៣,៣១៤ក្បាល នៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃស្រែពក និងប្រមាណ ១,៥៩៥ក្បាល នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច។
បច្ចុប្បន្ននេះ ចំនួនសត្វជ្រូកព្រៃត្រូវបានប៉ាន់ប្រមាណថា នៅសេសសល់ប្រហែល ២,១៦៩ក្បាល នៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃស្រែពក និងប្រហែល ១,៨៤៨ក្បាល នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច។ សរុប៤,០១៧ក្បាល ធ្លាក់ចុះ១៨ភាគរយ។
របាយការណ៍ដដែលនេះក៏បានបង្ហាញដែលថា ចំនួនសត្វរមាំង ខ្ទីង និងប្រើស មានកម្រិតតិចតួច ហើយនៅរាយប៉ាយដាច់ដោយឡែកពីគ្នា នៅក្នុងតំបន់ទាំងពីរនេះ។
ពាក់ព័ន្ធនឹងចំណុចនេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងយ៉ាងដូច្នេះថា៖ «ការធ្លាក់ចុះនេះជាការក្រើនរំលឹកដល់យើងទាំងអស់គ្នា ប៉ុន្តែវាក៏ផ្តល់ជាឱកាសឱ្យយើងទាំងអស់គ្នា ក្នុងការខិតខំបន្ថែមទៀត ដើម្បីទប់ស្កាត់ និន្នាការនៃការធ្លាក់ចុះនេះ»។
ក្រោមជំនួយ ឧបត្ថម្ភថវិការពីទី ភ្នាក់ងារជំនួយអាមេរិក (USAID) សហភាពអឺរ៉ុប (EU) រដ្ឋាភិបាលអាល្លឺម៉ង់ (BMZ) រដ្ឋាភិបាលប៊ែលហ្សិក (DGD) កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UN Environement) GEF រដ្ឋាភិបាលស៊ុយអ៊ែត (Sida) IKEA Welthungerhilfe (WHH) Humanscale និងបណ្តាញអង្គការ WWF (WWF- អាមេរិក WWF- ប៊ែលហ្សិក WWF- អាល្លឺម៉ង WWF- ស៊ុយអ៊ែត និង WWF- ស្វីស) ការគ្រប់គ្រងតំបន់ការពារធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេច ផ្ដោតទៅលើការស្រាវជ្រាវ និងតាមដានជីវៈចម្រុះ ការកសាងសមត្ថភាព សម្រាប់ការអនុវត្តច្បាប់ការប្រយុទ្ធប្រឆាំងនឹងការបរបាញ់ខុសច្បាប់ ការជួញដូរសត្វព្រៃខុសច្បាប់ការកាប់ឈើខុសច្បាប់ ការទប់ស្កាត់ការទន្ទ្រានដីព្រៃខុសច្បាប់ ខណៈយកចិត្តទុកដាក់លើការអភិវឌ្ឍរបរចិញ្ចឹមជីវិតរបស់សហគមន៍មូលដ្ឋាន និងការអនុវត្តកម្មវិធីផ្សេងៗទៀតដើម្បីលើកទឹកចិត្ត និងកៀរគរការចូលរួមរបស់ប្រជាជនមូលដ្ឋានក្នុងការអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍន៍ ជីវភាពប្រកបដោយនិរន្តរភាព។
ទីភ្នាក់ងារជំនួយអាមេរិក (USAID) បានគាំទ្រការតាមដានសត្វក្រចកជើងជំពាម ដោយប្រើវិធីសាស្ត្រដើរបន្ទត់ត្រង់ (line-transect) ពីឆ្នាំ២០១៨-២០២០។ យើងសូមថ្លែងអំណរគុណផងដែរ ដល់សមាជិកក្រុមស្រាវជ្រាវ និងតាមដានជីវៈចម្រុះទាំងអស់ក៏ដូចជាក្រុមសហនិពនុ្ធនៃរបាយការណ៍ ស្តីពីស្ថានភាពសត្វក្រចកជើងចំពាម ក៏ដូចជាអ្នករួមចំណែកទាំងអស់ក្នុងសកម្មភាពស្រាវជ្រាវទាំងអស់នេះ។
ក្រសួងបរិស្ថាន សូមអំពាវនាវដល់សាធារណជនទូទៅសូមបញ្ឈប់ការបរិភោគសាច់សត្វព្រៃ និងបញ្ឈប់ការប្រើប្រាស់ផលិតផលសត្វព្រៃគ្រប់ប្រភេទ។
ទន្ទឹមនឹងនេះដែរលោក នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមថា «យើងខ្ញុំសូមស្នើយ៉ាងទទួចដល់ប្រជាជនទាំងអស់ នៅទូទាំងប្រទេសកម្ពុជាសូមនិយាយថា ទេចំពោះសាច់សត្វព្រៃ ហើយសូមចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិរបស់កម្ពុជា ឱ្យស្ថិតនៅគង់វង្ស ដើម្បីជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយៗទៀត»៕
លោកបានបន្តទៀតថា ស្ថានភាពនៃការធ្លាក់ចុះអាចនឹងធ្ងន់ធ្ងរជាងនេះ ប្រសិនបើគ្មានការពង្រឹងការអនុវត្តច្បាប់ និងការគ្រប់គ្រងតំបន់ការពារយ៉ាងម៉ឺងម៉ាត់នោះទេពីការខិតខំដោយមិនខ្លាចនឿយហាត់ដោយមន្ត្រីឧទ្យានុរក្សរបស់មន្ទីរបរិស្ថានខេត្ត ក្រសួងបរិស្ថានក្រុមល្បាតសហគមន៍ អាជ្ញាធរមូលដ្ឋាន និងបុគ្គលិកអង្គការ WWF ក្នុងការដើរល្បាត និងពង្រឹងការអនុវត្តច្បាប់ទាំងក្នុង និងក្រៅ តំបន់ការពារទាំងពីរ។
លោក នេត្រ ភក្ត្រា បានពិពណ៍នាបន្តទៀតថា បើជាមានការធ្លាក់ចុះនូវពពួកសត្វក្រចកជើងចំពាម នៅក្នុងដែនជម្រកស្រែពក និងភ្នំព្រេចចំនួនប្រភេទ សត្វក្រចកជើងចំពាមមួយចំនួនបានកើនឡើង ឬស្ថិតក្នុងកម្រិតថេរនៅក្នុងដែនជម្រកសត្វព្រៃមួយចំនួនផ្សេងទៀត។
ស្ថានភាពដ៏អាក្រក់នេះ មិនបានកើតឡើងតែក្នុងប្រទេសកម្ពុជានោះទេ ដោយសារតែចំនួនសត្វព្រៃនៅលើសកលលោកទាំងសត្វរស់នៅលើដី និងក្នុងទឹកក៏បានធ្លាក់ចុះខ្លាំងបំផុតដល់៦៨% ជាមធ្យមក្នុងរយៈពេល៥០ឆ្នាំចុងក្រោយនេះ បើគិតចាប់តាំងពីឆ្នាំ១៩៧០មក។
ការបរបាញ់ខុសច្បាប់ចាប់តាំងពីអតីតកាលមកដល់ពេលបច្ចុប្បន្នបូកផ្សំ និងវិបត្តិអន្ទាក់ដែលជំរុញដោយការជួញដូរសត្វព្រៃខុសច្បាប់សុទ្ធសឹងជាមូលហេតុចម្បង ដែលបណ្តាល ឱ្យសត្វក្រចកជើងចំពាមនៅដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេចធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ។
កញ្ញា Milou Groenenberg ប្រធានផ្នែកស្រាវជ្រាវ និងតាមដានជីវៈចម្រុះនៃអង្គការ WWF បាននិយាយថា «អន្ទាក់គឺជាកត្តាគម្រាមកំហែងដ៏ ចម្បងមួយចំពោះសត្វក្រចកជើងចំពាមនៅក្នុងដែនជម្រកទាំងពីរ ហើយក៏ជាមូលហេតុដែលធ្វើឱ្យចំនួនសត្វខ្លារខិន ដែលជាប្រភេទស៊ីសាច់សត្វក្រចកជើងចំពាមទាំងនេះជាអាហារធ្លាក់ចុះដែរ»។
បើទោះជារបាយការណ៍បានបង្ហាញពី ស្ថានភាពធ្លាក់ចុះដ៏គួរឱ្យបារម្ភនេះក៏ដោយក្តីសង្ឃឹមនៅតែមាននៅឡើយក្នុងការជួយសង្គ្រោះសត្វព្រៃទាំងនេះ ពីការផុតពូជ។ ប៉ុន្ដែប្រសិនបើគ្មានវិធានការអភិរក្សបន្ទាន់ និងប្រកបដោយភាពច្នៃប្រឌិតថ្មីទេ ដើម្បីទប់ស្កាត់កត្ដាគម្រាមកំហែងចម្បងៗទាំងនេះទេ ជីវៈចម្រុះនឹងនៅតែបន្ដធ្លាក់ចុះបន្ដិចម្ដងៗ រហូតដល់អាចបាត់បង់ទាំងស្រុងតែម្តង។
លោក សេង ទៀក នាយកអង្គការ WWF បានលើកឡើងថា វាមិនទាន់យឺតពេលនៅឡើយទេក្នុងការកែប្រែស្ថានភាពនេះ ប៉ុន្តែវាតម្រូវឱ្យពួកយើងធ្វើ សកម្មភាពអភិរក្សរួមគ្នាជាបន្ទាន់ឥឡូវនេះ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
លោកបានគូសបញ្ជាក់ថា៖ «គំហើញរបស់អ្នកវិទ្យាសាស្ត្រនៅក្នុងរបាយការណ៍នេះ បានបង្ហាញឲ្យឃើញនូវតម្រូវការនៃដំណោះស្រាយបន្ទាន់ និងថ្មីៗ ដើម្បីកែប្រែនូវអត្រានៃការធ្លាក់ចុះនេះ ខណៈពេលដែលកំពុងស្វែងរកការគ្រប់គ្រង ការប្រើប្រាស់ និងការបែងចែកធនធានធម្មជាតិអោយបានប្រសើរជាងនេះ»។
ក្រសួងបរិស្ថាន និងអង្គការ WWF បាន ធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន និងដៃគូ នានា ដើម្បី រៀបចំឡើង នូវ វិធានការអភិរក្ស ខ្លាំងក្លាជាងមុន ដើម្បីកាត់បន្ថយការបរបាញ់ខុសច្បាប់ និងពង្រឹងការអនុវត្តច្បាប់ ។ ក្រសួងបរិស្ថាន និងអង្គការ WWF កំពុងសិក្សាពីលទ្ធភាពក្នុងការអនុវត្តកម្មវិធីស្ដារ សត្វក្រចកជើងចំពាមឡើងវិញ ដែលជាតម្រូវការបន្ទាន់ក្នុងការបញ្ឈប់ និន្នាការធ្លាក់ចុះនៃចំនួនសត្វទាំងនេះ និងចាត់វិធានការឆ្លើយតបទៅដល់ឬសគល់នៃការជួញដូរសត្វព្រៃខុសច្បាប់។