(ភ្នំពេញ)៖ តំណាងសមាគម នៃក្រុមមិនមែននិវាសជននេប៉ាល់ និងប្រជាជននេប៉ាល់ ដែលកំពុងរស់នៅប្រទេសកម្ពុជា បានសម្ដែងនូវសេចក្តីដឹងគុណ និងអំណរគុណអស់ពីបេះដូង ជូនចំពោះរាជរដ្ឋាភិបាលនៃកម្ពុជា និងប្រជាជនកម្ពុជា សម្រាប់អំណោយសប្បុរសធម៌ ដែលបានផ្តល់ជូនដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យនេប៉ាល់ ក្នុងការទប់ស្កាត់លើការរាតត្បាតនៃជំងឺកូវីដ-១៩។
សារលិខិតរបស់តំណាងសមាគម នៃក្រុមមិនមែននិវាសជននេប៉ាល់ ផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ បានសរសេរយ៉ាងដូច្នេះថា «យើងខ្ញុំ ក្នុងនាមជាតំណាងសមាគម នៃក្រុមមិនមែននិវាសជននេប៉ាល់ (សាខាព្រះរាជាណាចក្រកម្ពុជា) និងប្រជាជននេប៉ាល់ ដែលកំពុងរស់នៅប្រទេសកម្ពុជា មានកិត្តិយស សូមសម្តែងនូវសេចក្តីដឹងគុណ និងអំណរគុណអស់ពីបេះដូង ជូនចំពោះរាជរដ្ឋាភិបាល នៃកម្ពុជា និងប្រជាជនកម្ពុជា សម្រាប់អំណោយសប្បុរសធម៌ ដែលបានផ្តល់ជូនដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យនេប៉ាល់ រួមមាន៖ ម៉ាសចំនួន ជាង២លាន ម៉ាសក្រណាត់ចំនួន១០ម៉ឺន ម៉ាស N95 ចំនួន២ម៉ឺន និងបរិក្ខារពេទ្យចំនួន១២មុខទៀត កាលពីព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ លើការរាតត្បាតនៃជំងឺកូវីដ-១៩។
ការរាតត្បាតនៃជំងឺកូវីដ-១៩ នេះ បានជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងបង្កឲ្យមានសេចក្តីព្រួយបារម្ភយ៉ាងខ្លាំងនៅទូទាំងសកលលោក។ យើងខ្ញុំ សូមឆ្លៀតយកឱកាស ដ៏ថ្លៃថ្លានេះ សំដែងនូវមនោសញ្ចេតនា ពេញចិត្តយ៉ាងក្រៃលែងចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏វៃឆ្លាតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការគ្រប់គ្រងផលប៉ះពាល់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការជួយឧបត្ថម្ភយ៉ាងធំធេង ចំពោះប្រទេសយើងខ្ញុំ ដែលបានបង្ហាញនូវសាមគ្គីភាព យ៉ាងជិតស្និទ្ធបំផុតក្នុងក្របខ័ណ្ឌអន្តរជាតិជាមួយសាធារណរដ្ឋប្រជាធិបតេយ្យនេប៉ាល់។
យើងខ្ញុំសូមគោរពជូនពរ សម្តេចតេជោនាយករដ្ឋមន្ត្រី សូមទទួលបានភាពជោគជ័យ ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា។ សូម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំ»៕