(ភ្នំពេញ)៖ រយៈពេលពេញមួយឆ្នាំ២០២០ កំពង់ផែស្វយ័តក្រុងភ្នំពេញ រកចំណូលបាន២៩,៤៨៧,៣៧៨ដុល្លារ ធ្លាក់ចុះ៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ មានចំណូលចំនួន៣១,៣១១,២៦៤ដុល្លារ។
ចំពោះការធ្លាក់ចុះនេះ លោក ហ៊ី បាវី អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ប្រាប់មកបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ ឲ្យដឹងថា ការធ្លាក់ចុះ ដោយសារតែស្ថានភាពកូវីដ-១៩ ធ្វើឲ្យសកម្មភាពនៃការដឹកជញ្ជូនទំនិញ ក៏ដូចជាសេវាផ្សេងៗ មានភាពយឺតយ៉ាវ។
លោក ហ៊ី បាវី បានបញ្ជាក់យ៉ាងដូច្នេះថា «ការដែលថយចុះចំណូល ដោយសារតែបញ្ហាកូវីដ-១៩ ប៉ុន្ដែកំពង់ផែ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយដោះស្រាយបញ្ហានេះ»។
ចំពោះបញ្ហាកូវីដ-១៩ លោក ហ៊ី បាវី បានប្រាប់ថា ក៏បានប៉ះពាល់ក្នុងការធ្លាក់ចំណូល ប៉ុន្ដែកំពង់ផែស្វយ័តភ្នំពេញ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយដោះស្រាយបញ្ហានេះ។
ជាមួយគ្នានោះ លោក ហ៊ី បាវី បានបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២១នេះ កំពង់ផែក្រុងភ្នំពេញ បានត្រៀមធ្វើកិច្ចការជាច្រើន សម្រាប់ត្រៀមបំរុង នៅពេលដែលបញ្ហាកូវីដ-១៩ ត្រូវបានបញ្ចប់ នាពេលខាងមុខនេះ។
លោកអគ្គនាយកបានគូសបញ្ជាក់ថា នៅពេលដែលបញ្ហាកូវីដ-១៩ ត្រូវបានបញ្ចប់ គឺអ្វីៗនឹងស្ទុះឡើងវិញ ហើយកំពង់ផែក្រុងភ្នំពេញ បានត្រៀមធ្វើកិច្ចការ ដើម្បីឲ្យសមត្ថភាព ផ្ដល់សេវារបស់កំពង់ផែក្រុងភ្នំពេញ គឺអាចបន្ដផ្ដល់ជូនសេវា ជូនដល់អ្នកប្រើប្រាស់៣០ភាគរយបន្ថែមទៀត។
បើតាមរបាយការណ៍បានបញ្ជាក់ថា ពេញមួយឆ្នាំ២០២០ បរិមាណទូរកុងតឺន័រ ដឹកជញ្ជូនទំនិញចេញចូល តាមកំពង់ផែក្រុងភ្នំពេញ មានចំនួន ២៩០,៨៥៧ TEUs (ទូរ) កើនឡើង៣,៤៩% បើធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០១៩ មានតែ២៨១,០៤៥ TEUs ប៉ុណ្ណោះ។
របាយការណ៍ដដែលបន្តថា សម្រាប់ទំនិញ-ប្រេងឥន្ធនៈ ចូលតាមកំពង់ផែក្រុងភ្នំពេញវិញ មានចំនួន៣,៧៨០,៥៣០តោន ធ្លាក់ចុះ០,២៤%។
ដោយឡែកនាវាផ្ទុកទំនិញ ឆ្លងការកំពង់ផែ មានចំនួន២,៣៦៣គ្រឿង ធ្លាក់ចុះ១,៩១%, ទទួលនាវាទេសចរណ៍ ចំនួន១២៦ជើង ធ្លាក់ចុះរហូតដល់៦៨,២៦ភាគរយ% និងបរិមាណអ្នកដំណើរ មានចំនួន៩,៧៣៣នាក់ ធ្លាក់ចុះរហូតដល់ ៦៩,៨៧%៕