(ភ្នំពេញ)៖ ដោយគិតគូរដល់សុខភាព ស្របអាកាសធាតុចុះប៉ុន្មានថ្ងៃកន្លងមកនេះ និងបន្តទៀតនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា នាំយកអំណោយពីមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ដល់អ្នកប្រកបរបរធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ចំនួន៣០៦នាក់ នៅសាលារាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ។
អំណោយដែលអ្នកប្រកបរបរធាក់ស៊ីក្លូទាំង៣០៦នាក់ ទទួលបាន ក្នុងម្នាក់មាន៖ មីមួយកេស, ម៉ាស់មួយប្រអប់ និងភួយមួយផងដែរ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានមូល និធិត្រីចក្រយានកម្ពុជា បានឲ្យដឹងថា មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ មានរយៈពេលជាង៣ឆ្នាំមកហើយ ក្រោមការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ហើយសម្តេចក៏ជាប្រធានកិត្តិយស, លោក ឃួង ស្រេង ជាប្រធានក្រុមប្រឹក្សាមូល និធិនេះ។
លោក ម៉េត មាសភក្តី បានបន្តថា មូលនិធិត្រីចក្រយានកម្ពុជាតែងបានផ្តល់ ជូនថវិកាទ្រទ្រង់ដល់អ្នកប្រកបរបរធាក់ស៊ីក្លូ ទាំង៣០៦នាក់ ក្នុងម្នាក់៧ពាន់រៀល ក្នុងរយៈពេល១០ថ្ងៃ ស្មើនឹង២១ម៉ឺនរៀលក្នុងមួយខែ ព្រមទាំងមានអំណោយពេលបុណ្យទានផ្សេងៗ រួមទាំងការផ្តល់ជា ឯកសណ្ឋានអ្នកធាក់ស៊ីក្លូ និងបណ្ណ័ប.ស.ស ដើម្បីឲ្យបងប្អូនទៅព្យាបាលជំងឺដោយមិនអស់ប្រាក់។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមឲ្យមានការមូលនិធិនេះឡើង សំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពី សម័យអនានិគមនិយមបារាំង។ លោកបន្តថា នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
គោលបំណងសំខាន់ក្នុងការបង្កើតឲ្យមានមូលនិធិត្រីចក្រយានកម្ពុជានេះឡើង គឺដើម្បីរួមចំណែកជួយសម្រួលការលំបាករបស់បងប្អូន ដោយគិតគូពីសុខភាព ជីវភាពរស់នៅរបស់បងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូ និងដើម្បីរួមចំណែកលើកស្ទួយ និងអភិរក្ស និងអភិវឌ្ឍន៍ស៊ីក្លូ ដែលមានជាយូមកហើយឲ្យបានគង់វង់កុំឲ្យបាត់បង់។
លោក ឃួង ស្រេង ក៏បានក្រើនរំលឹកដល់បងប្អូនដែលប្រកបរបរធាក់ស៊ីក្លូ ដែលភាគច្រើនមានវ័យចំណាស់ ឲ្យថែរក្សាសុខភាពប្រកាន់ខ្ជាប់នូវគោលការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ពិសេសការពារខ្លួនពីការរីករាលដាលជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕