(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ បានប្រកាសបញ្ឈប់ការទទួលថវិការបស់សប្បុរសជនក្នុងការទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩។
ការប្រកាសបញ្ឈប់នេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ទទួលបានជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ចំនួន ១លានដូស សម្រាប់ចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់ ពីរដ្ឋាភិបាលចិន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណដល់ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ព្រមទាំងជនរួមជាតិទាំងអស់ ដែលបានប្រោសប្រទានព្រះរាជទ្រព្យ និងបរិច្ចាគថវិកាជាមួយរាជរដ្ឋាភិបាល សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង ៤៖០០រសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា បានទទួលថវិកាពីសប្បុរសជននានា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ សរុបទាំងអស់ជាង ៥៦.៩លានដុល្លារអាមេរិក។ ក្នុងនោះមានជាលុយដុល្លារ ៥៤,២៤៤,៦៩៩ដុល្លារ និងលុយខ្មែរ ១០,៧៣៣,០៤២,៧០០រៀល៕