(ភ្នំពេញ)៖ ជាមួយនឹងការប្រកាសពីការទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ពីរដ្ឋាភិបាលចិនចំនួន ១លានដូសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា ការចាក់វ៉ាក់សាំងនេះ នឹងធ្វើឡើងដោយឥតគិតថ្លៃ និងឈរលើគោលការណ៍ស្ម័គ្រចិត្ត។
យោងតាមសារសំឡេងពិសេសរបស់សម្តេចតេជោ នៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ សម្តេចតេជោ បានបញ្ជាក់ថា អ្នកដែលនឹងត្រូវទទួលបានវ៉ាក់សាំងកូវីដ១៩មុនគេ រួមមាន៖ អ្នកនៅជុំវិញព្រះមហាក្សត្រ, សម្តេចតេជោ, ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា ព្រមទាំងគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៌គ្រប់ផ្នែក បុគ្គលិកអនាម័យទាំងអស់ ដែលពាក់ព័ន្ធនឹងការផ្តល់សេវា អ្នករត់ម៉ូតូឌុប ម៉ូតូកង់៣ និងតាក់ស៊ីជាដើម។
សម្តេចតេជោ បានបញ្ជាក់ដែរថា ក្រៅពីការវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ចំនួន ១លានដូសជាជំនួយរបស់ចិននេះទៅ កម្ពុជានឹងបន្តស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាជនឱ្យបាន ១០លាននាក់ ឬរហូតដល់ ១៣លាន បើមានតម្រូវការឱ្យចាក់វ៉ាក់សាំង ដល់ ៨០ភាគរយ នៃចំនួនប្រជាពលរដ្ឋនោះ។
សូមបញ្ជាក់ថា នៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឱ្យដឹងថា រដ្ឋាភិបាលចិន បានផ្តល់វ៉ាក់សាជំងឺកូវីដ១៩ ចំនួន ១លានដូសដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។
ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើមឡើយសម្តេចបានប្រកាសពីការទទួលវ៉ាក់សាំង ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO)។ តែក្នុងបរិបទកម្ពុជា កំពុងទទួលរងការរីករាលដាលដូចពេលបច្ចុប្បន្ន គឺមិនអាចរង់ចាំបានទៀតនោះទេ អាស្រ័យហេតុនេះទើបកម្ពុជាសម្រេចប្រើវ៉ាក់សាំងជំងឺកូវីដ១៩។
មិនត្រឹមតែហេតុផលមួយនេះទេ បើតាមសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩នេះ ត្រូវបានថ្នាក់ដឹកនាំរដ្ឋាភិបាលចិន ប្រធានាធិបតី និងប្រជាជនឥណ្ឌូនេស៊ី និងមនុស្សរាប់លាននាក់លើពិភពលោកបានប្រើប្រាស់វ៉ាក់សាំងនេះរួចហើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះ «យើងមិនអាចរង់ចាំបន្តទៅទៀតបាននោះទេ តម្រូវការការពារជាតិ ការពារប្រជាជន កុំឱ្យឆ្លងនូវរោគរាតត្បាតដ៏កាចសាហាវនេះ គឺយើងត្រូវប្រើប្រាស់នូវ៉ាក់សាំង ដែលបានប្រើប្រាស់រួចមកហើយសម្រាប់មេដឹកនាំចិន ដែលមានមនុស្សដល់រាប់លាននាក់ បានប្រើប្រាស់ និងមានប្រទេសមួយចំនួនផ្សេងទៀត រាប់ទាំងប្រទេសឥណ្ឌូនេស៊ី ដែលប្រធានាធិបតីឥណ្ឌូនេស៊ី ទទួលវ៉ាក់សាំងលើកដំបូង គឺជាវ៉ាក់សាំងរបស់សាធារណរដ្ឋប្រជាមានិតចិន»។
សម្តេចតេជោ បានបន្ថែមថា «យើងមិនអាចបន្តរង់ចាំបន្តទៀតបានទេ ដោយសារភាពចាំបាច់នៃការការពារដល់សុខភាពរបស់ប្រជាពលរដ្ឋរបស់យើង ដែលសព្វថ្ងៃនេះ ម្សិលមិញនេះមានការឆ្លងរហូតដល់ ១៥នាក់។ ថ្ងៃនេះក៏មានការឆ្លងរហូតដល់ ១០នាក់បន្ថែមទៀត ដែលសុទ្ធតែចេញមកពីប្រទេសថៃនៅជិតខាងយើង។ ដូច្នេះយើងមានការចាំបាច់ ដើម្បីប្រើប្រាស់នូវវ៉ាក់សាំងនេះ សម្រាប់ការការពារ»។
បើតាមសម្តេចតេជោ ហ៊ុន សែន មកដល់ពេលនេះ មិនថា តែវ៉ាក់សាំងចិនទេ វ៉ាក់សាំងប្រទេសដទៃទៀត ក៏មិនទាន់ដឹងពីសុពលភាព ឬប្រសិទ្ធភាពនៅឡើយទេ។ ប៉ុន្តែសម្រាប់មេដឹកនាំចិន បានប្រើប្រាស់វ៉ាក់សាំងចិននេះ តាំងពីខែតុលា ឆ្នាំ២០២០មកម្ល៉េះ។
សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «ខ្ញុំជឿជាក់ថា វ៉ាក់សាំងនេះ នឹងអាចសម្រួលឱ្យយើងដោះស្រាយបានបញ្ហាមួយផ្នែក។ បើទោះបីជាយើងមិនទាន់ដឹងប្រសិទ្ធភាពពិតប្រាកដ។ មិនមែនគ្រាន់តែវ៉ាក់សាំងរបស់ចិននោះទេ ប៉ុន្តែវ៉ាក់សាំងនៅគ្រប់ប្រទេសទាំងអស់ មិនទាន់ដឹងថា តើមានសុពលភាពរយៈពេលប៉ុន្មានខែ ឬប៉ុន្មានឆ្នាំ ឬមួយជីវិតនោះឡើយ។ ប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំព្រះករុណាខ្ញុំបានដឹងថា មេដឹកនាំចិន បានចាក់តាំងពីខែតុលាឯណោះ»។
សម្តេចតេជោនាយករដ្ឋមន្ត្រីបន្ថែមថា «រហូតមកដល់ពេលនេះរដ្ឋមន្ត្រីការបរទេស វ៉ាង យី របស់សាធារណរដ្ឋប្រជាមានិតចិន មានសុខភាពល្អណាស់ ហើយដើរស្ទើរគ្រប់ទីកន្លែង។ ឥឡូវកំពុងទស្សនកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់យើងនេះផងដែរ បន្ទាប់ពីទស្សនកិច្ចនៅតំបន់អាហ្វ្រិក។ ដូច្នេះបទពិសោធន៍នៃរដ្ឋមន្ត្រីការបរទេស វ៉ាង យី ដែលជាមេដឹកនាំដ៏សំខាន់មួយរូបរបស់ចិន បានផ្តល់ឱ្យយើងមានជំនឿជឿជាក់ថា វាពុំមានហានិភ័យណាមួយទៅដល់អាយុជីវិតរបស់មនុស្សនោះទេ សម្រាប់វ៉ាក់សាំងរបស់ចិន»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់រដ្ឋាភិបាលចិន ដែលកម្ពុជាយកមកប្រើប្រាស់នេះ គឺជាវ៉ាក់សាំងស៊ីណូហ្វាម។
សម្តេចតេជោ បានបញ្ជាក់ពីមូលហេតុ ដែលប្រើវ៉ាក់សាំងស៊ីណូហ្វាមនេះ ដោយសារវាអាចរក្សានៅក្នុងសីតុណ្ហភាព ២ ទៅ៨អង្សាលើសូន្យ ងាយស្រួលក្នុងការរក្សាទុក បើធៀបជាមួយវ៉ាក់សាំងប្រទេសខ្លះ តម្រូវឱ្យរក្សានៅក្នុងសីតុណ្ហភាព ៧០អង្សាក្រោមសូន្យ។ បន្ថែមពីលើនោះ ការប្រើប្រាស់វ៉ាក់សាំងរបស់ចិន ងាយស្រួលក្នុងការដឹកជញ្ជូនផងដែរ៕