(ព្រះវិហារ)៖ សំណង់ខុសច្បាប់មួយកន្លែង ដែលជនខិលខូចលួចសាងសង់ លើតំបន់ហាមឃាត់ ស្ថិតនៅភូមិអូរពោធិ ឃុំរម្មណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានមន្ត្រីបរិស្ថាននាំកម្លាំងចុះរុះរើចេញហើយ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះ ក្រោមការសម្របសម្រួល និងបញ្ជាផ្ទាល់ពីលោក វុធ សាវី ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ។
ព្រះរាជអជ្ញារងខេត្តព្រះវិហារលោក វុធ សាវី បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ថា ដោយទទួលបានសេចក្តីរាយការណ៍តាមរយៈទូរស័ព្ទពីលោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ថាមានជនខិលខូចលួចសាងសង់ផ្ទះ លើដីការពាររបស់បរិស្ថាន លោកក៏បានស្នើរសុំគោលការណ៍ទៅលោក ទី សុវិនថាល់ ព្រះរាជអជ្ញាអមសាលាដំបូងខេត្ត ដោយមានការឯកភាព លោកបានណែនាំឲ្យមន្ត្រីបរិស្ថាន នាំកម្លាំងចុះទៅរុះរើភ្លាមៗផងដែរ។
លោក វុធ សាវី បានថ្លែងបញ្ជាក់ឲ្យដឹងទៀតថា ដើម្បីចុលរួមការពារដីនៅតំបន់ហាមឃាត់ ឲ្យនៅគង់វង្ស ដាច់ខាតត្រូវតែអនុវត្តន៍ច្បាប់ ឲ្យបានតឹងរឹងបំផុត មិនអនុញ្ញាតិឲ្យជនខិលខូច លួចកាប់ឆ្ការ រុករានយកដីក្នុងតំបន់ការពារ ធ្វើជាកម្មសិទ្ធិដាច់ខាត ក្នុងទិសដៅចុលរួមអភិរក្សការពារតំបន់ហាមឃាត់ របស់រដ្ឋឲ្យនៅគង់វង្ស។
លោកក៏សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច ត្រូវបញ្ឈប់សកម្មភាពការចូលកាប់ឆ្ការ រុករានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិតទៅទៀត ព្រោះជាអំពើខុសច្បាប់ ដែលនាំឲ្យមានទោសទណ្ឌដល់ខ្លួន និងក្រុមគ្រួសារ៕