(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានធ្វើលិខិតចំហរមួយផ្ញើទៅកាន់សមាជិកអតីតគណបក្សសង្រ្គោះជាតិមួយចំនួនដែលងប់ងុលកន្លងមក ឱ្យឈប់ចាញ់ការបោកប្រាស់របស់ លោក សម រង្ស៉ី និង លោកស្រី មូរ សុខហួរ តទៅទៀត បន្ទាប់ពីឆាកល្ខោនមួយដែលរៀបចំដោយ លោកស្រី មូរ សុខហួរ បានបញ្ចប់កាលពីម្សិលមិញ។
ក្នុងលិខិតចំហររបស់ខ្លួន លោកពេជ្រ ស្រស់ បានបញ្ជាក់ថា៖ យើងទាំងអស់គ្នាបានដឹងហើយថា មានក្រុមអ្នកនយោបាយពហុសញ្ជាតិនៅក្រៅប្រទេសមួយចំនួន បើនិយាយឱ្យចំទៅគឺ លោក សម រង្ស៉ី និងលោកស្រី មូរ សុខហួរ ព្រមទាំងបក្ខពួកមួយដំបរស្វាតែងតែបោកបញ្ឆោតអ្នកគាំទ្រខ្លួន និងសាធារណជន នៅកលល្បិចដដែលៗ ហើយពួកនោះចែកគ្នាដើរតួជាអ្នកក្លាហានចូលស្រុកខ្មែរ ប៉ុន្តែមិនដែលឃើញធ្វើតាមការសន្យាម្ដងណាឡើយ។
លោកពេជ្រ ស្រស់ បានបន្តថា៖ ទាំងតួឯក និងតួរង (លោក សម រង្ស៉ី និងលោកស្រី មូរ សុខហួរ) កំពុងបណ្ដាក់សេណារីយោគ្នាយ៉ាងស៊ីសង្វាក់ ក្នុងគោលបំណងប្រមូលលុយពីអ្នកគាំទ្រងប់ងុលរបស់ខ្លួន ហើយបោកបញ្ឆោតអ្នកនៅក្នុងស្រុកខ្មែរក្រោមប្រធានបទ ធ្វើមាតុភូមិនិវត្តន៍ ទាំងពួកនោះដឹងច្បាស់ហើយថា ការចូលទៅប្រទេសណាមួយគឺត្រូវមានលិខិតចេញ-ចូលត្រឹមត្រូវ (VISA) តែពួកនោះគ្មាន (VISA) ចូលស្រុកខ្មែរទេ ថែមទាំងប៉ាស្ទ័រ ខ្មែរក៏ត្រូវបានបិទទៀត ចុះហេតុអ្វីបានជាត្រូវពួកនោះកញ្ជ្រោលខ្លាំងម៉្លេះ អំពីការចូលមកស្រុកខ្មែរនេះ? ទង្វើនេះសបញ្ជាក់ឱ្យឃើញថា ជាទង្វើបោកប្រាស់សុទ្ធសាធ ជាពិសេសជាទង្វើធ្វើពាណិជ្ជកម្មលើអ្នកគាំទ្រងប់ងុលមួយចំនួន និងបោកបញ្ឆោតសតិអារម្មណ៍មហាជនយ៉ាងគឃ្លើនផងដែរ។
លោកពេជ្រ ស្រស់ បានអំពាវនាវដល់ជនរួមជាតិ ជាពិសេសយុវជនមួយចំនួនលង់ខ្លួនជឿលោក សម រង្ស៉ី និងលោកស្រី មូរ សុខហួរ ដែលមានពហុសញ្ជាតិទាំងនោះ សូមភ្ញាក់រលឹកឡើងពីព្រោះថា លោក សម រង្ស៉ី និងលោកស្រី មូរ សុខហួរ កំពុងតែបោកប្រាស់ពួកគេដោយមិនអាចប្រកែកបានឡើយ។ លោកបញ្ជាក់ថា៖ «ដូកច្នេះពួកលោក សម រង្ស៉ី និងលោកស្រី មូរ សុខហួរ ព្រមទាំងបក្ខពួក គឺគ្មានថ្ងៃបន្តជីវិតនយោបាយ បានទៀតឡើយ»។
សូមបញ្ជាក់ថា៖ លោកស្រី មូរ សុខហួរ ដែលកាន់លិខិតឆ្លងដែនសហរដ្ឋអាមេរិក បានចេញដំណើរពីទីក្រុងបូស្តុន កាលពីថ្ងៃទី១៥ ខែមករា ទៅដល់ទីក្រុង Los Angels សហរដ្ឋអាមេរិក នៅថ្ងៃសៅរិ៍ ទី១៦ ខែមករា។ លោកស្រីបានទៅកាន់ព្រលានយន្តហោះ Los Angels ដើម្បីហោះមកកាន់ប្រទេសសិង្ហបុរី ដោយប្រកាសថានឹងបន្តដំណើរមកកម្ពុជា ប៉ុន្តែលោកស្រីត្រូវបានបុគ្គលិកព្រលានយន្តហោះបញ្ជាក់ថា មិនមានឯកសារគ្រេប់គ្រាន់ក្នុងហោះចេញពីសហរដ្ឋអាមេរិកនោះទេ៕