(ព្រៃវែង)៖ ក្នុងពិធីសំណេះសំណាលជាមួយក្រុមយុវជនឃុំល្វាចំនួន ១៤៥នាក់ លោក សោម អូន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រះស្តេច ខេត្តព្រៃវែង ទទួលបន្ទុកឃុំល្វា បានថ្លែងនូវការដាស់តឿនថា យុវជនជំនាន់ក្រោយត្រូវចូលរួមថែរក្សាសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់យុវជនជំនាន់មុន ថែរក្សាការពារសុខសន្តិភាព ធ្វើអំពើល្អជាគំរូក្នុងសង្គម ជាពិសេសចូលរួមចំណែកអភិវឌ្ឍន៍នៅមូលដ្ឋានរបស់ខ្លួន។
ពិធីសំណេះសំណាលនេះធ្វើឡើងនាល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ដោយមានការចូលរួមពីសំណាក់ក្រុមការងារថ្នាក់ជាតិចុះជួយឃុំល្វា លោកអភិបាលស្រុកព្រះស្តេច ក្រុមការងារថ្នាក់ខេត្ត ប្រធានការិយាល័យអប់រំស្រុក មេឃុំ ក្រុមក្រុមប្រឹក្សាឃុំ និងមេភូមិទាំង ១១ ផងដែរ។
នាឱកាសនោះ លោក សោម អូន បានរំឭកដល់យុវជនជំនាន់ក្រោយឱ្យត្រូវចងចាំ និងស្វែងយល់ឱ្យបានច្បាស់បន្ថែមទៀត អំពីកត្តាប្រវត្តិសាស្ត្រកម្ពុជា និងស្នាដៃប្រកបដោយវីរភាពរបស់យុវជនជំនាន់មុន ដែលបានតស៊ូលះបង់អាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងបានធ្វើឱ្យកម្ពុជា ដែលធ្លាប់មានសង្ត្រាមផ្ទៃក្នុងជាច្រើនទសវត្សរ៍ ក្លាយជាកម្ពុជាមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍរហូតដល់សព្វថ្ងៃ។
លោកបានក្រើនរំឭកថា «យុវជនជំនាន់ក្រោយត្រូវចូលរួមថែរក្សានូវសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់យុវជនជំនាន់មុន ចូលរួមថែរក្សាការពារសុខសន្តិភាព ចូលរួមធ្វើអំពើល្អជាគំរូក្នុងសង្គម ជាពិសេសចូលរួមចំណែកអភិវឌ្ឍន៍នៅមូលដ្ឋានរបស់ខ្លួន»៕