(ភ្នំពេញ)៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន២០គ្រួសារ ដែលរស់នៅក្នុងសង្កាត់បឹងត្របែក ក្រោមវត្តមានលោក ថេង សុថុល ប្រធានអនុសាខា និងលោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខានៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។
ក្នុងឱកាសនោះ លោក ថេង សុថុល បានផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាកជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
អភិបាលខណ្ឌ បានណែរនាំទៅកាន់អាជ្ញាធរសង្កាត់ភូមិ យកចិត្តទុកដាក់ និងស្រាវជ្រាវរកបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ដើម្បីយើងរៀបចំជាអំណោយសប្បុរសធម៌ ចែកជូនដល់ពួកគាត់ ក្នុងន័យ ជួយសម្រាលការលំបាករបស់បងប្អូន ជាពិសេស ក្នុងពេលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចក្នុងគ្រួសារ ដោយសារជំងឺកូវីត១៩នេះ ស្របតាមគោលការណ៍របស់កាកបាទក្រហមកម្ពុជា ដោយទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាចុះជួយជានិច្ច។
លោក ថេង សុថុល បានលើកឡើងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍ រីកចម្រើនដូចសព្វថ្ងៃនេះ ដោយជាក់ស្ដែង ទាក់ទងទៅនឹងការគ្រប់គ្រងជំងឺកូវីដ១៩ សម្ដេច បានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗជាច្រើន ដើម្បីទប់ស្កាត់មិនឱ្យមានការរីករាលដាលធ្ងន់ធ្ងរឡើយ ហើយមកដល់ពេលនេះ នៅក្នុងប្រទេសកម្ពុជាយើង ទាន់មានអ្នកស្លាប់ដោយសារជំងឺកូវីត-១៩ នោះទេ។
លើសពីនេះទៀត លោក ថេង សុថុល សូមឱ្យបងប្អូនប្រជាពលរដ្ឋ មេត្តាយកចិត្តទុកដាក់ទៅ លើបញ្ហាអនាម័យជាប្រចាំ ដើម្បីចៀសវាងជំងឺឆ្លងផ្សេងៗ ជាពិសេស ជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ ធ្វើឱ្យប្រជាជននៅ លើសកលលោក ក៏ដូចជាប្រទេសកម្ពុជា មានការព្រួយបារម្ភផងដែរ ដោយអនុវត្តតាម វិធីងាយៗទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា អំណោយដែលទទួលបានក្នុង ១គ្រួសារទទួលបាន៖ អង្ករ ចំនួន ១ប៉ាវ ទម្ងន់ ២៥គីឡូក្រាម, ទឹកត្រី ចំនួន ០១ដប, ទឹកស៊ីអ៉ីវ ចំនួន ០១ដប, ត្រីខ ចំនួន ០២កំប៉ុង , សាប៊ូ ចំនួន ០១ដុំ, ម៉ាស ចំនួន ១០, មី ចំនួន ១០កញ្ចប់, ក្រម៉ា ០១ និងថវិកា ២០,០០០រៀល ក្នុងនោះថវិការបស់អនុសាខា ១០,០០០រៀល និងថវិការបស់លោក ទូច ខាន់ដា ១០,០០០រៀល៕