(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន និងស្ថានទូតចិនប្រចាំនៅកម្ពុជា បានរៀបចំពិធីប្រគល់-ទទួលនូវសម្ភារជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ក្រោមអធិបតីភាពរបស់លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរមីន និងលោក Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។
ពិធីប្រគល់-ទទួលនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តំណាងទីស្តីគណៈរដ្ឋមន្រ្តី មន្រ្តីស្ថានទូតចិនប្រចាំនៅកម្ពុជា និងថ្នាក់ដឹកនាំអាជ្ញាធរមីន។
ជំនួយឥតសំណងនេះ គិតជាប្រាក់ប្រមាណ ១លានដុល្លារអាមេរិក រួមមាន៖
*ទី១៖ រថយន្ត Pick Up ចំនួន៨គ្រឿង
*ទី២៖ ឧបករណ៍រាវមីន ចំនួន ១៣០គ្រឿង
*ទី៣៖ ប្រអប់សម្ភារចំនួន ១០០ឈុត
*ទី៤៖ ប្រអប់សម្ភារបំផ្ទុះគ្រាប់ (EOD) ចំនួន ២០ឈុត
*ទី៥៖ សម្លៀកបំពាក់ការពារចំនួន ១០កំផ្លេ
*ទី៦៖ មួកការពារចំនួន ១០
*ទី៧៖ ដ្រូន (UAV) ចំនួន ០៤គ្រឿង
*ទី៨៖ ឯកសណ្ឋាន ស្បែកជើង និងមួកចំនួន ៥០០កំផ្លេ
*ទី៩៖ តង់ចំនួន ៥០០តង់។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងគាំទ្រជួយដល់ការអភិវឌ្ឍនៅកម្ពុជា គ្រប់កាលៈទេសៈ ក្នុងនោះរួមមាន ទាំងការផ្តល់ជំនួយឥតសំណងដ៏ថ្លៃថ្លា សម្រាប់វិស័យសកម្មភាពមីនមនុស្សធម៌ ទាំងសម្ភារបច្ចេកទេស ហិរញ្ញវត្ថុ និងបណ្តុះបណ្តាលធនធានមនុស្ស ក្រោមការខិតខំប្រឹងប្រែងរបស់លោក Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា ក្នុងការចូលរួមនិងសម្របសម្រួលក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។ លោកបន្តទៀតថា កម្ពុជានៅតែត្រូវការជាចំាបាច់នូវជំនួយ ដ៏សប្បុរសរបស់មហាមិត្តចិន សម្រាប់ការងារបោសសម្អាតមីននៅកម្ពុជា។
ជាមួយនឹងការរួមចំណែកជាជំនួយមនុស្សធម៌វិស័យសកម្មភាពមីនពីមិត្តចិនជាបន្តបន្ទាប់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន, លោកទេសរដ្ឋមន្រ្តី មានជំនឿយ៉ាងមុតមាំថា កម្ពុជា នឹងទទួលបានជោគជ័យ ក្នុងការអនុវត្តនូវផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ គឺឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីនឆ្នាំ២០២៥ ជាពិសេសចូលរួមដល់ការជួយសង្រ្គោះជីវិតមនុស្ស ការចូលរួមកាត់បន្ថយភាពក្រីក្រ និងការកសាងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។
លោក Wang Wentian បានថ្លែងថា សាធារណរដ្ឋប្រជាមានិតចិន មានសេចក្តីសប្បាយរីករាយ និងពេញចិត្តក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន គាំទ្រដល់វិស័យបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ហើយប្រទេសចិន នឹងបន្តគាំទ្រទាំងសម្ភារ ថវិកា និងការបណ្តុះបណ្តាលធនធានមនុស្សដល់អាជ្ញាធរមីន ដើម្បីឲ្យកម្ពុជាអាចសម្រេចនូវគោលដៅរបស់ខ្លួនគ្មានមីនឆ្នាំ២០២៥។
ឯកអគ្គរដ្ឋទូត បានបញ្ជាក់ទៀតថា ការងារបោសសម្អាតមីន ពិតជាមានសារៈសំខាន់ណាស់សម្រាប់គាំទ្រដល់ការអភិវឌ្ឍ និងជួយសង្រ្គោះជីវិតមនុស្ស ហើយឯកអគ្គរដ្ឋទូត នឹងជួយជំរុញដល់រដ្ឋាភិបាលប្រទេសចិន ឲ្យបន្តការគាំទ្រ និងពិចារណារាល់សំណើសុំរបស់អាជ្ញាធរមីន។ លោកឯកអគ្គរដ្ឋទូត បានបន្តទៀតថា ទោះបីពិភពលោកមានរីករាលដាលនៃជម្ងឺឆ្លងកូវីដ-១៩ ប៉ុន្តែការងារបោសសម្អាតមីនមនុស្សធម៌នៅតែបន្ត និងមិនមានផលប៉ះពាល់ឡើយ។
ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់នូវជំនួយវ៉ាក់សាំងជម្ងឺឆ្លងកូវីដលើកដំបូងចំនួន ១លានដុស ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ព្រមទាំងបានកោតសរសើរមហាមិត្តចិនចំពោះការរីកចម្រើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងកំឡុងពេលការរីករាលនៃជម្ងឺកូវីដនេះ។
សូមបញ្ចាក់ថា ក្រៅពីប្រទេសចិន បច្ចុប្បន្ននេះ កម្ពុជា មានការគាំទ្រពីប្រទេសម្ចាស់ជំនួយដទៃទៀត រួមមាន៖ សហរដ្ឋអាមេរិក អូស្រ្តាលី អង់គ្លេស ជប៉ុន ន័រវែស កាណាដា អាល្លឺម៉ង់ ស្វីស ណូវែលហ្សឺឡង់ សាធារណរដ្ឋកូរ៉េ អៀរឡង់ UNDP និង UNICEF ព្រមទាំងមូលនិធិ អង្គការសង្គមស៊ីវិល និងសប្បុរសជន ដល់វិស័យសកម្មភាពមីននៅកម្ពុជាផងដែរ។
គិតត្រឹមឆ្នាំ២០២០ កម្ពុជាបានបោសសម្អាតផ្ទៃដីចំនួន២,១៣៨ គីឡូម៉ែត្រក្រឡា បានបំផ្លាញចោលគ្រាប់មីនប្រឆាំងមនុស្ស ១,០៩៥,៧៥០គ្រាប់ មីនប្រឆាំងរថក្រោះ ២៥,៤៨៨គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាមរាប់បញ្ចូល ទាំងគ្រាប់បែកចង្កោម ២,៨៨៥,២៩៤ គ្រាប់ ដោយមានអ្នកទទួលផល ៦,៣៥៧,៨៥៣នាក់។ ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ប្រទេសកម្ពុជា នៅតែមានបញ្ហាប្រឈមដ៏ធំធេងលើផ្ទៃដី២,១៥២ គីឡូម៉ែត្រក្រឡា ដែលក្នុងនោះ ៨៣៥ គីឡូម៉ែត្រក្រឡា រងផលប៉ះពាល់ដោយគ្រាប់មីន៕