(ភ្នំពេញ)៖ ជាមួយនឹងគោលបំណង និងឆន្ទៈបន្តនិរន្តរភាព នៃបេសកកម្មពិនិត្យ ពិគ្រោះ និងព្យាបាលកុមារកម្ពុជាដោយឥតគិតថ្លៃ និងគ្មានការរើសអើង នៃមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង។ វីតាល់ បានពាំនាំវិភាគទាននៃកម្មវិធី «វីតាល់ អ្នកជាវីរបុរស វគ្គ២» ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានរៀបចំឡើងនារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលព័ត៌មានគន្ធបុប្ផា។
វិភាគទានសរុប ជាទឹកប្រាក់ចំនួន 101,173,000៛ ដែលបានមកពីប្រតិបត្តិការ រយៈពេល ពេញមួយ១ឆ្នាំ នៃកម្មវិធី «វីតាល់ អ្នកជាវីរបុរស វគ្គ២» និងវិភាគទានសមាជិកភាពប្រចាំឆ្នាំពីបុគ្គលិក និងថ្នាក់ដឹកនាំវីតាល់។
លោកស្រី ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ឯ.ក (វីតាល់) បានថ្លែងថា ផ្អែកលើមូលនិធិ២៥៛ វីតាល់បានបង្កើតកម្មវិធីសប្បុរសធម៌ បែបទំនើបជាលើកទី២ ជាមួយគោលបំណងយ៉ាងច្បាស់លាស់ ក្នុងការបង្កលក្ខណៈងាយស្រួល និងអំណោយផលដល់អតិថិជន ដើម្បីចូលរួមធ្វើអំពើល្អ ដោយគ្រាន់តែជាវវីតាល់ តាមទូលក់ភេសជ្ជៈស្វ័យប្រវត្តិទាំង១៨ នៅក្នុងរាជធានីភ្នំពេញ។
ឆ្លៀតក្នុងឱកាសនោះ លោកស្រីអគ្គនាយិកា ក៏បានថ្លែងអំណរគុណដល់អតិថិជនវីតាល់ ដែលបានចូលរួមគាំទ្រកម្មវិធីនេះយ៉ាងច្រើនលើសពីការរំពឹងទុក ដើម្បីក្រុមហ៊ុនមានលទ្ធភាព ក្នុងការប្រមូលថវិកាគាំទ្រដល់បេសកកម្មពិនិត្យ ពិគ្រោះ និងព្យាបាលកុមារកម្ពុជា នៃមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង។ បន្ថែមពីនេះ លោកស្រីក៏បានថ្លែងអំណរអរគុណបុគ្គលិកវីតាល់ និងថា្នក់ដឹកនាំក្រុមហ៊ុន ដែលបានបន្តចូលរួមវិភាគទាន ជាសមាជិកគាំទ្រតាមការស្ម័គ្រចិត្ត និងលទ្ធភាពនៅក្នុងឆ្នាំថ្មីនេះ។
លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា បានសម្តែងក្តីសោមនស្សរីករាយ ប្រកបដោយមោទនភាព ចំពោះការសហការជាមួយក្រុមហ៊ុនសម្រាប់កម្មវិធី «វីតាល់ អ្នកជាវីរបុរស វគ្គ២»។
លោកចាត់ទុកថា កម្មវិធីនេះមិនត្រឹមតែចូលរួមផ្សព្វផ្សាយ ពីមូលនិធិគន្ធបុប្ផាកម្ពុជា ដល់ប្រជាពលរដ្ឋទូទៅប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ឱកាស និងលក្ខណៈងាយស្រួល ដល់សាធារណជនក្នុងការចូលរូមបរិច្ចាគ ជូនមន្ទីរពេទ្យគន្ធបុប្ផាថែមទៀតផង។ ជាងនេះទៅទៀត លោកក៏បានកោតសរសើរដល់វីតាល់ ដែលតែងតែយកចិត្តទុកដាក់ ចំពោះសកម្មភាពមនុស្សធម៌ និងការងារសង្គមនានា ជាពិសេសជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា។
គួររំលឹកផងដែរថា កាលពីខែកក្កដា ឆ្នាំ២០១៩ វីតាល់ បានបង្កើតមោទនភាពថ្មី មួយរបស់ក្រុមហ៊ុន ក្នុងការក្លាយខ្លួន ជាក្រុមហ៊ុនផលិតទឹកពិសាក្នុងស្រុកដំបូងគេ ដែលមានបុគ្គលិកទាំងអស់ ចំនួន៨០៨នាក់ ចុះឈ្មោះ ជាសមាជិកគាំទ្រ នៃមូលនិធិគន្ធបុប្ផាកម្ពុជាយ៉ាងតិចរយៈពេលមួយឆ្នាំ។
តាមរយៈចលនា និងការលើកទឹកចិត្ត ដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ ក្នុងការចូលរួមបរិច្ចាគវិភាគទាន ដោយស្ម័គ្រចិត្ត វីតាល់ប្រមូលបានវិភាគទានសរុប ៨៦,១៨០,០០០ រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងឆ្នាំ២០១៩។ ក្រោយ៣ខែ នៃព្រឹត្តិការណ៍ដ៏មានអត្ថន័យនោះ វីតាល់បាន បន្តបេសកម្ម មនុស្សធម៌របស់ខ្លួនថ្មី១ទៀត ជាមួយគម្រោង «វីតាល់ អ្នកជាវីរបុរស វគ្គ២» ដែលត្រូវបានដាក់សម្ពោធជាផ្លូវការ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅផ្សារទំនើបអ៊ីដេនហ្គាដិន។
ដោយឈរលើស្មារតី «ខ្មែរជួយខ្មែរ» វីតាល់សូមអំពាវនាវ ដល់សាធារណជនទាំងអស់ មេត្តាចូលរួមបរិច្ចាគ ដោយទឹកចិត្តសប្បុរស តាមរយៈមធ្យោបាយវេរប្រាក់នានា របស់មូលនិធិគន្ធបុប្ផា។ ការចូលរួមរបស់លោកអ្នក គឺជាកាយវិការសប្បុរស ដើម្បីស្នាមញញឹមរបស់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា៕