(មណ្ឌលគិរី)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ការបង្កើនមុខរបរ និងអាជីពថ្មីដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់គ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ តាមរយៈការផ្តល់ការគាំទ្រទៅលើបច្ចេកទេសដូចជា ការចិញ្ចឹមសត្វ ការដាំបន្លែបង្ការផ្សេងៗ ដើម្បីបង្កើនចំណូលគ្រួសាររបស់ពួកគាត់ គឺជាការកសាងរបងដ៏រឹងមាំ ដើម្បីការពារធនធានធម្មជាតិ ឱ្យកាន់តែមានភាពប្រសើរឡើង។
លោកថា ជាក់ស្តែងនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ជាភូមិសាស្ត្រមួយដែលមានដែនជម្រកសត្វព្រៃស្រែពកនេះ យើងពិតជាឃើញមាននូវការវិវត្តថ្មី នៃគោលនយោបាយនេះ គឺការទទួលបានផលប្រយោជន៍ពីការអនុវត្តនេះ។ ប្រជាពលរដ្ឋផ្លាស់ប្តូរមុខរបរគាត់មកដាំបន្លែ មកប្រមូលអនុផលព្រៃឈើដោយការពារព្រៃឈើ ការពារសត្វព្រៃ ជីវចម្រុះនៅក្នុងព្រៃនេះ ពួកគាត់បានទទួលចំណូលច្រើន។
នេះជាការថ្លែងរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសដែល លោកបានដឹកនាំក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ធ្វើដំណើរទស្សនកិច្ចសិក្សានៅដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី ដែលរៀបចំដោយក្រសួងបរិស្ថាន និងអង្គការ WWF ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។
លោក នេត្រ ភក្ត្រា បានបានបញ្ជាក់យ៉ាងដូច្នេះថា៖ «គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថាន ដែលបានគ្រប់គ្រងតំបន់អភិរក្សនៅក្នុងប្រទេសកម្ពុជា ជាគោលនយោបាយ គឺការកសាងរបងរស់រឹងមាំ នៅក្នុងតំបន់ការពារធនធានធម្មជាតិទាំងអស់ ហើយរបងរស់ដែលយើងគិតនោះ គឺប្រជាសហគមន៍ ដែលកំពុងតែរស់នៅជុំវិញតំបន់ការពារធម្មជាតិ និងតំបន់ការពារធម្មជាតិមួយចំនួន ការពង្រឹងរបងនេះ តាមរយៈការផ្តល់នូវការគាំទ្រ បច្ចេកទេសដូចជាការចិញ្ចឹមសត្វ ការដាំបន្លែបង្ការផ្សេងៗ ដើម្បីបង្កើនចំណូលគ្រួសារពួកគាត់»។
លោកជឿជាក់ថា គោលនយោបាយបង្កើតមុខរបរថ្មីឱ្យប្រជាពលរដ្ឋនេះ មានប្រសិទ្ធភាពពីព្រោះថា ប្រជាពលរដ្ឋដែលគាត់រស់នៅជុំវិញ តំបន់ការពារធម្មជាតិ និងនៅក្នុងតំបន់ការពារធម្មជាតិមួយចំនួនភាគច្រើនមុខរបររបស់គាត់ គឺប្រមូលអនុផលព្រៃឈើ ក៏ប៉ុន្តែមុខរបររបស់គាត់ខ្លះ គឺចូលព្រៃកាប់ឈើចូលព្រៃ បរបាញ់សត្វ ដាក់អន្ទាក់ជាដើម ដែលការទាំងនេះវាបំផ្លិចបំផ្លាញទៅលើធនធានធម្មជាតិ ដូច្នេះដើម្បីការពារព្រៃឈើរបស់យើងការពារសត្វព្រៃ របស់យើង នៅក្នុងព្រៃនេះ ឱ្យបានគង់វង្សនោះ គឺការបង្កើតជម្រើសថ្មីជូនប្រជាពលរដ្ឋ ការបង្កើតនូវមុខរបរថ្មីជូនដល់ប្រជាពលរដ្ឋហើយគាំទ្រផ្នែកបច្ចេកទេស។
តាមការរយៈការអប់រំផ្នែកច្បាប់ និងការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ មន្ត្រីជាន់ខ្ពស់រូបនេះ ឱ្យដឹងថា «ជាក់ស្តែងសហគមន៍ការពារធម្មជាតិអរបួនលើ នៅក្នុងតំបន់ជម្រកសត្វព្រៃស្រែពក គឺនៅក្នុងមួយឆ្នាំ គ្រាន់តែគាត់ប្រមូលអនុផលព្រៃឈើដែលនៅក្នុងនោះមានជ័រចុង ទឹកឃ្មុំ ផ្សិតប៉ក់ ផ្សិតក្ងោក ឫសឈើសម្រាប់ផ្សំថ្នាំ និងផលិតផលផ្សេងៗទៀត ដែលជាអនុផលព្រៃឈើ ដូចជាបន្លែធម្មជាតិជាដើម ក្នុងមួយឆ្នាំគាត់បានរក ចំណូលពីអនុផលព្រៃឈើរហូតដល់ ៣២១លានរៀល ស្មើប្រមាណជាង ៨ម៉ឺនដុល្លារអាមេរិកនៅក្នុងមួយឆ្នាំ»។
លោក នេត្រ ភក្ត្រា បានបន្តថា ទាំងនេះគឺជាថវិកាដែលប្រជាសហគមន៍ប្រមូលបានពីអនុផលព្រៃឈើនៅក្នុងតំបន់ការពារធម្មជាតិ ហើយចំណុចមួយទៀត គឺការបង្កើតមុខរបរថ្មី ដូចជា ប្រជាពលរដ្ឋដាំបន្លែបង្ការ មានម្ទេស ប៉េងប៉ោះ ស្បៃក្តោប ត្រប់ និងផលិតផលបន្លែបង្ការផ្សេងៗទៀត បានផ្តល់ចំណូលឱ្យពួកគាត់។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានគូសបញ្ជាក់បន្ថែមថា៖ «នេះជាចំណុចមួយដែលយើងឃើញថា កិច្ចការងារនៅក្នុងការពង្រឹងសេដ្ឋកិ ច្ចនៅមូលដ្ឋាននេះ គឺបាននាំមកនូវការផ្លាស់ប្តូរផ្នត់គំនិតរបស់ពួកគាត់ ហើយខ្ញុំបានជួបជាមួយប្រជាកសិករអម្បាញ់មិញដែលគាត់បានប្រកបមុខរបរដាំបន្លែ ដាំបង្ការនេះ ពីមុនមកគាត់ជាអ្នកចូលព្រៃកាប់ឈើ ចូលព្រៃដាក់អន្ទាក់ ហើយគាត់បានប្រាប់ថា ពេលគាត់ចូលព្រៃដែលបានប្រព្រឹត្តទង្វើកាប់ឈើ ដាក់អន្ទាក់នេះ គឺមានការព្រួយបារម្ភពេលធ្វើមុខរបរនេះ មានអារម្មណ៍ភិតភ័យដោយសារតែខ្លាចត្រូវប្រឈមជាមួយនឹងការអនុវត្តច្បាប់ ប៉ន្តែពេលផ្លាស់ប្តូររបរគាត់បានបញ្ជាក់ថាអារម្មណ៍របស់គាត់ គឺសប្បាយរីករាយគាត់មានសុវត្ថិភាពផ្លូវចិត្ត ផ្លូវកាយរបស់គាត់ ហើយគាត់មានឱកាសក្នុងការរស់នៅជួបជុំគ្រួសារហើយប្រកបមុខរបរ ហើយគាត់ថែមទាំងមានចំណូលប្រចាំថ្ងៃ ប្រចាំខែរបស់គាត់ទៀត»។
ពាក់ព័ន្ធនឹងចំណុចនេះ លោក ហ៉ី ស៊ីញ៉ែម កសិករដាំបន្លែចម្រុះ រស់នៅភូមិអបួន ឃុំអបួន ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ដែលចុះមកដល់ទីតាំងចំការរបស់គាត់ បានឱ្យដឹងថា ពេលដែលគាត់ប្រកបមុខរបរកាប់ឈើគាត់ពុំមានថវិកាទេ សូម្បីតែកូនទៅរៀនក៏អត់មានលុយឱ្យកូនទៅរៀនដែរ អ៊ីចឹងពេលគាត់ប្រកបមុខរបរដាំបន្លែ ដាំបង្ការ ប្រចាំឆ្នាំរបស់គាត់ ដាំឆ្លាស់រដូវគ្នា ឆ្លាស់ប្រភេទនៃបន្លែ គាត់ចាប់ផ្តើមនៅសល់លុយគាត់អាចសន្សំប្រាក់បាន ហើយគាត់មានលុយគ្រប់គ្រាន់នៅក្នុងការផ្គត់ផ្គង់ការសិក្សារៀនសូត្ររបស់កូនៗ គាត់ថែមទៀត។
កសិកររូបនេះ បានរៀបរាប់ទាំងទឹកមុខញញឹមញញែមថា មុននឹងការប្រកបរបរដាំដំណាំធម្មជាតិនេះ លោកព្រមទាំងអ្នកភូមិមួយចំនួនបានចូលព្រៃកាប់ឈើ ដើម្បីរកកម្រៃផ្គត់ផ្គង់គ្រួសារ ប៉ុន្តែមិនអាចធ្វើឱ្យគ្រួសាររបស់លោកក៏ដូចជា អ្នកភូមិផ្សេងទៀត បានជីវភាពធូរធានោះទេ ប៉ុន្តែ ក្រោយមកលោកបានងាកមកប្រកបរបរដាំដាំដំណាំធម្មជាតិវិញ របរនេះហើយបានធ្វើឱ្យគ្រួសាររបស់លោកបានជីវភាពសមល្មម និងបានរស់នៅជួបជុំគ្រួសារជាដើម។ ដោយឡែកក្នុងមួយឆ្នាំជាង២៥លានរៀល។
បើតាមលោក ងីម ឡាប៉េ កសិករគំរូ នៅសហគមន៍ការពារធម្មជាតិភូមិអរបួន ឃុំអរបួន ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានរៀបរាបថា ការដាំបន្លែជួនកាលមានខុសមានត្រូវ ប៉ុន្តែមានចំណូលទៀងទាត់បានតិចបានច្រើន ទៅតាមខែណាដាំបានល្អ អាចកើនខ្ពស់ខែ ខ្លះដាំមិនបានល្អ ដោយសារសត្វ ល្អិតស៊ីជាដើមវា កាត់បន្ថយចំណូល ប៉ុន្តែលោកមិនខ្វះខាតទេអាចផ្គត់ផ្គង់គ្រួសារបានគ្រប់គ្រាន់ពីមួយឆ្នាំ ទៅមួយឆ្នាំ។ ខុសពីរបររកឈើមួយថ្ងៃកាត់ មួយថ្ងៃកោរ ជួនកាលមួយខែលួចដឹកបានតែពីរជើង ហើយខកខានភ័យខ្លាចអាជ្ញាធរអនុវត្តច្បាប់ និងជួបបញ្ហាជាច្រើនទៀត។
ដោយឡែកលោក ខាន សុខន មេឃុំអបួនលើ បានឱ្យដឹងថា សម្រាប់ប្រជាពលរដ្ឋដែលប្រកបរបរដាំបន្ថែមធម្មជាតិ ដោយមិនប្រើប្រាស់ជីគីមី មានចំនួន ១៤គ្រួសារតាមរយៈការដាំបន្ថែមពេញមួយឆ្នាំ របស់ពួកគាត់បានកែប្រែជីវភាពរបស់គាត់ ប្រែក្លាយល្អជាងមុន ប្រសិនបើក្រឡេកទៅមើលពីមុនប្រកបរបរដាំបន្ថែមធម្មជាតិនេះ។
លោកមេឃុំរូបនេះ បានបន្តថា តាមរយៈប្រកបរបរដាំបន្លែដោយមិនចូលព្រៃកាប់ឈើ និងបរបាញ់សត្វ ធ្វើឱ្យពួកគាត់មានលទ្ធភាពពង្រីកផ្ទៃដាំដុះដំណាំរបស់ពួកគាត់ពីផ្ទៃដីតូច រហូតមានលទ្ធភាពពង្រីកផ្ទៃដីដាំដុះកាន់តែធំជាងមុន។ ភាពរីកចម្រើនៃសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់លោកបានធ្វើឱ្យប្រជាពលរដ្ឋទៀតចាប់អារម្មណ៍យ៉ាងខ្លាំង ដោយនាំគ្នាងាកមកប្រកបរបរដាំបន្ថែធម្មជាតិ មិនប្រើប្រាស់ជីគីមី ដែលអាចលក់បានតម្លៃថ្លៃនៅក្នុងទីផ្សារ។
បើតាមលោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា នេះជាភាពជោគជ័យនៃការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន សម្រាប់ក្រសួងបរិស្ថានដែលមានអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន មានតួនាទីភារកិច្ចនៅក្នុងការសម្របសម្រួល ទៅលើការងារនៃតំបន់ការពារធម្មជាតិ ដែលមានប្រជាសហគមន៍ រស់នៅក្នុងនោះក៏ដូចជាផ្តល់នូវប្រភេទពូជសត្វ ពូជរុក្ខជាតិដើម្បីឱ្យពួកគាត់ដាំ ដើម្បីទទួលបានផលក្រៅពីនោះក្រសួងបរិស្ថាន ក៏បានសហការជាមួយអង្គការដៃគូដូចជា៖ អង្គការនៅក្នុងខេត្តមណ្ឌលគិរី គឺអង្គការ WWF អង្គការ WCS ជាដើម ដែលបានធ្វើសកម្មភាព នៅក្នុងការបណ្តុះបណ្តាលប្រជាពលរដ្ឋ ជំរុញឱ្យប្រជាពលរដ្ឋឱ្យមានជម្រើសថ្មីក្រៅអំពីមុខរបរចូលព្រៃកាប់ឈើ ហើយទិសដៅសំខាន់ គឺក្រសួងបរិស្ថាន ចង់លុបបំបាត់កាត់បន្ថយនូវមុខរបរនេះឱ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបាន ដើម្បីពង្រឹងប្រសិទ្ធភាពកាន់តែខ្លាំងថែមទៀត។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា បន្ថែមពីលើការអនុវត្តច្បាប់ គឺការផ្តល់នូវមុខរបរការដាំបន្លែបង្ការ ដើម្បីផ្គត់ផ្គង់ទីផ្សារ ការចិញ្ចឹមស ត្វ ដើម្បីផ្គត់ផ្គង់ទីផ្សារ ស្របពេលដែលប្រទេសកម្ពុជាកំពុងរីកចម្រើនទៅមុខ តម្រូវការបន្លែទីផ្សារក៏មានភាពចាំបាច់ដែលត្រូវការជំរុញបន្ថែម លើការដាំដុះនៅក្នុងស្រុក ហើយការដាំដុះនេះ ពិតជាអាចចូលរួមចំណែកដ៏សំខាន់នៅក្នុងការផ្លាស់ប្តូរជីវភាពរបស់ប្រជាពល រដ្ឋនៅក្នុងតំបន់ការពារធម្មជាតិ និងធ្វើឱ្យការការពារតំបន់ការពារធម្មជាតិរបស់យើងមានប្រសិទ្ធភាព៕