(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា កម្ពុជាបានធ្វើការបង្ក្រាបគ្រឿងញៀន រយៈពេល ១០ឆ្នាំមកនេះ បានយ៉ាងជោគជ័យ ប៉ុន្តែគ្រឿងញៀននៅតែជាបញ្ហាដ៏ធំ ក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាពដដែល។
សម្តេច ស ខេង បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ដ្រី ២០១៩-២០២៣» ដែលបានធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងមហាផ្ទៃ។
សម្តេចក្រឡាហោម បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងរយៈពេល១០ឆ្នាំ ទទួលបានជោគជ័យធំធេងណាស់ ប៉ុន្តែទន្ទឹមនឹងនេះនៅមានបញ្ហាខ្លះដែលនៅតែជាបញ្ហា ហើយវាអាចថាធំជាងមុនថែមទៀត។ ឧទាហរណ៍បញ្ហាគ្រឿងញៀន ដែលក៏ស្ថិតក្នុងកម្មវិធីមួយហៅថា កម្មវិធីនៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ក្នុងការអនុវត្តរបស់យើងកន្លងទៅ យើងខិតខំប្រឹងប្រែងច្រើន ប៉ុន្តែដោយសារទីផ្សារគ្រឿងញៀន វារីករាលដាលកាន់តែធំ អញ្ចឹងហើយចំនួនចាប់ជនប្រព្រឹត្តិបទល្មើស ឬក៏វត្ថុតាងគ្រឿងមកផ្តន្ទាទោស ក៏កាន់តែច្រើន តែវាធូរស្រាល»។
ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ច បង្ក្រាបបានបទល្មើសគ្រឿងញៀនទូទាំងប្រទេស ចំនួន ១០ ១៩៣ករណី ដោយឃាត់មនុស្សចំនួន ២០ ៩១៣នាក់ (ស្រី១២៦៧នាក់) ក្នុងនោះមានជនបរទេស ៣៥៥នាក់ (ស្រី៤៥នាក់ មាន១៤សញ្ជាតិ)។ នេះបើតាមរបាយការណ៍ របស់គណៈកម្មការប្រឆាំងគ្រឿងញៀន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ក្នុងចំណោមករណីដែលបង្ក្រាបបានទាំងអស់នោះ មានករណីជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង និងដាំដុះ ចំនួន ៦៥៣៦ករណី ដោយឃាត់មនុស្ស ១២ ២៤៥ នាក់ (ស្រី ៩៥១នាក់), ករណីប្រើប្រាស់ចំនួន ៣៦៦៧ករណី ដោយឃាត់មនុស្ស ៨ ៦៦៨នាក់ (ស្រី ៣១៦នាក់) និងអនុវត្ដន៍ដីកា ៥១០ដីកា ឃាត់មនុស្ស ៤៧៥នាក់ (ស្រី ១២នាក់)។
សារធាតុញៀនគ្រប់ប្រភេទ ដែលសមត្ថកិច្ចរឹបអូសបានចំនួនជាង ៣២៥១គីឡូក្រាម និង ៨២៥កញ្ចប់តូច, កញ្ឆា ២៨៩គីឡូក្រាម និង ២៨៧ ៧៣៥ ដើម, សម្ភារចាប់យកមាន រថយន្ដ ១៤៨គ្រឿង, ម៉ូតូ ២ ៦១៨គ្រឿង, ទូរស័ព្ទ ៧ ៩០៨ គ្រឿង, ជញ្ជីង ៥៣០គ្រឿង, អាវុធខ្លី២៩ដើម, អាវុធវែង ២៦ដើម, ស្នើសុំបង្កកចំនួន៦កន្លែង ផ្ទះ២កន្លែង ដីផ្ទះ ២កន្លែង ខុនដូ ១កន្លែង និងឃ្លាំង ១កន្លែង និងគណនីធនាគារចំនួន៣ មានទឹកប្រាក់២ម៉ឺនដុល្លារ។
ពាក់ព័ន្ធនឹងប្រធានបទខាងលើ សម្តេច ស ខេង បានគូសបញ្ជាក់ថា បញ្ហាអំពើហិង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវៈ អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ បញ្ហាគ្រឿងញៀន នៅតែជាកង្វល់ដែលទាមទារការចិត្តទុកដាក់ប្រឹងប្រែងពុះពារជំនះ និងដោះស្រាយប្រកបដោយយុត្តិធម៌ និងកាន់តែមានប្រសិទ្ធភាព ដើម្បីឱ្យប្រជាជន ពិសេសស្ត្រីដែលមានរហូតដល់៥២ភាគរយ អាចរស់នៅប្រកបដោយការគោរពសិទិ្ធ សេចក្តីសុខ និងសុវត្ថិភាពក្នុងជីវិត និងភាពសុខដុមរមនាក្នុងសង្គម។
នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម បានលើកឡើងអំពីដំណើរការរៀបចំគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលក្រសួងមហាផ្ទៃ កំពុងសហការជាមួយគ្រប់ក្រសួងស្ថាប័ន ក្នុងនាមជារាជរដ្ឋាភិបាលតែម្ដង ហើយដែលក្នុងនោះលក្ខណៈសម្បតិ្តទី៣ នៃគោលនយោបាយដែលមានលក្ខណៈសម្បត្តិ ៨ចំណុច ក៏បានចែងថា គ្មានអំពើអនាចារ ការជួញដូរស្រ្តីនិងកុមារ និងអំពើហិង្សាក្នុងគ្រួសារ។
បន្ថែមលើនេះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លទ្ធផលនៃការទប់ស្កាត់និងលុបបំបាត់អំពើហិង្សាលើស្រ្តី ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់ប្រតិបត្តិករទាំងអស់ ដែលជាការរួមចំណែកពង្រឹងលទ្ធិប្រជាធិបតេយ្យ ការលើកកម្ពស់សិទ្ធិ សេរីភាពរបស់ប្រជាពលរដ្ឋ និងការអនុវត្តច្បាប់តាមគោលការណ៍នីតិរដ្ឋ។
សម្ដេចបានផ្ដល់អនុសាសន៍ឱ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី អង្គភាពពាក់ព័ន្ធនៃក្រសួងមហាផ្ទៃ ត្រូវសហការជាមួយក្រសួងកិច្ចការនារី ដើម្បីជំរុញការបង្កើតក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅគ្រប់រាជធានីខេត្តសំដៅពង្រឹងការផ្តល់សេវាឆ្លើយតបនឹងអំពើហិង្សាលើស្រ្តី និងក្មេងស្រីប្រកបដោយគុណភាព មានប្រសិទ្ធភាព និងទាន់ពេលវេលា តាមរយៈការធ្វើកិច្ចសហការគ្នានៃអ្នកផ្តល់សេវា និងអ្នកពាក់ព័ន្ធទាំងអស់។
សម្ដេចថែមទាំងបានណែនាំឱ្យបន្តពង្រឹងកិច្ចសហការ និងការទទួលខុសត្រូវខ្ពស់របស់អ្នកផ្តល់សេវា ក៏ដូចជាកិច្ចសហការល្អ និងជិតស្និទ្ធរវាងនគរបាលជាតិ កងរាជអាវុធហត្ថ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ជាមួយមន្ត្រីនគរបាលយុត្តិធម៌ និងភ្នាក់ងារនគរបាលយុត្តិធម៌ របស់ក្រសួងកិច្ចការនារីប្រតិបត្តិករពាក់ព័ន្ធទាំងអស់ ដែលធ្វើកិច្ចអន្តរាគមន៍ ការផ្តល់កិច្ចការពារនិងការឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ៕