(កណ្ដាល)៖ លោក តុង ស៊ីវមី អភិបាលស្រុកមុខកំពូល ខេត្តកណ្តាល បាននិយាយថា លោកនឹងយកជម្លោះដីធ្លីរវាងបងប្អូនបង្កើតមួយ ទៅពិនិត្យឡើងវិញ និងដោះស្រាយដោយយុត្តិធម៌ ខណៈដែលពលរដ្ឋបានស្នើមកកាន់ អាជ្ញាធរស្រុកមានរយៈពេលជាង២ឆ្នាំមកហើយនោះ តែមិនមានដំណោះស្រាយ។
អភិបាលស្រុកបញ្ជាក់ទៀតថា ចំពោះករណីនេះ អាជ្ញាធរសុំពេលពិនិត្យមើលសាច់រឿងលម្អិតឲ្យបានច្បាស់លាស់ ព្រោះរឿងទំនាស់នេះជាការទាស់ទែងនឹងបងប្អូន ដូច្នេះអាជ្ញាធរនឹងពិនិត្យ និងដោះស្រាយដោយយុត្តិធម៌មិនខាន។
ចំពោះករណីនេះ មានទីតាំងស្ថិតនៅភូមិក្រងស្វាយ ឃុំស្វារំពា ស្រុកមុខកំពូល ខេត្តកណ្ដាល ខណៈដែលករណីនេះបានកើតឡើងក្រោយភាគីខាងបងធ្វើរបងលើដីកម្មសិទ្ធិស្របច្បាប់ ប៉ុន្តែត្រូវបានប្អូនបង្កើតរបស់ខ្លួនមកជំទាស់មិនឲ្យធ្វើនោះឡើយ ហើយប្ដឹងម្ចាស់ដីដែលជាបងបង្កើតទៅសាលាស្រុកមុខកំពូលថែមទៀតផង។ ម្ចាស់ដីដែលតវ៉ាមានឈ្មោះ ញឹម មុំ (បង) រីឯភាគីម្ខាងទៀតជាប្អូនស្រីមានឈ្មោះ ញឹម ម៉ាច ។
លោក ញឹម មុំ បានប្រាប់ថា រយៈពេលជាង១០ឆ្នាំមុន ឈ្មោះ ញឹម ម៉ាច ដែលត្រូវជាប្អូនបង្កើតបានលក់ដីរបស់ខ្លួនមួយចំណែកខាងមុខជាប់នឹងផ្លូវជាតិទៅឲ្យអ្នកដទៃដោយពុំបានទុកផ្លូវសម្រាប់ខ្លួនឯងចេញចូលផ្ទះនៅខាងក្រោយឡើយ។ភាគីប្អូនស្រីនិងគ្រួសារក៏បានមកដើរនៅលើផ្លូវដីរបស់ខ្លួនជាហូរហែរមក។ ស្រាប់តែនាពេលកន្លងមក ម្ចាស់ដីដែលមានកម្មសិទ្ធិស្របច្បាប់ មានបំណងធ្វើរបងព័ទ្ធដីរបស់ខ្លួនព្រោះជិតរៀបការកូន ក៏ប៉ុន្តែត្រូវបានឈ្មោះ ញឹម ម៉ាច មករារាំងនិងបានប្ដឹងចូលសាលាស្រុកថែមទៀតផង ដោយទាមទារយកដីកម្មសិទ្ធិមានទទឹង ៣ម៉ែត្រ បណ្ដោយ៨៥ម៉ែត្រ, បើទោះបីជាម្ចាស់ដីស្របច្បាប់បានធ្វើការសម្របសម្រួលប្រគល់ដីឱ្យដែលមានទទឹងមួយម៉ែត្រកន្លះ បណ្ដោយរហូតដល់ផ្លូវចូលផ្ទះក៏ដោយក៍ឈ្មោះ ញឹម ម៉ាច នៅតែចចេសរឹងរូស មិនព្រមទទួលយកឡើយដោយព្យាយាមនៅតែបន្តចង់បានដីរបស់គេទទឹង ៣ម៉ែត្រទទឹង និងបណ្ដោយ៨៥ម៉ែត្រដដែល។
លោកបញ្ជាក់ទៀតថា ភាគីខាងនោះមិនត្រឹមតែចង់ដណ្ដើមយកដីស្របច្បាប់របស់ខ្លួនតែប៉ុណ្ណោះទេ ហើយថែមទាំងបានប្ដឹងគាត់ចូលសាលាស្រុកថែមទៀតផង ខណៈដែលម្ចាស់ដីស្នើសុំលោក តុង សៀវមី ជាអភិបាលស្រុកមុខកំពូល មេត្តាដោះស្រាយរឿងនេះដោយយុត្តិធម៍ផងដើម្បីបញ្ចប់បញ្ហា។
ជុំវិញករណីនេះលោកស្រី ញឹម ម៉ាច ដែលរងការចោទថា បានរំលោភយកដីកម្មសិទ្ធិខាងលើនេះ ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាល មិនអាចស្នើសុំការបំភ្លឺជាក់លាក់បានទេ ដោយសារទូរស័ព្ទរបស់លោកស្រី ញឹម ម៉ាច ត្រូវបានកូនស្រីជាអ្នកទទួលជំនួសទៅវិញ ហើយសន្យាថា នឹងផ្ដល់ព័ត៌មានពិតមកកាន់ភ្នាក់ងារ Fresh News វិញ តែមិនមានការទំនាក់ទំនងមកវិញនៅឡើយ៕