(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នេះ បានអញ្ជើញប្រកាសចូលកាន់ដំណែងអភិបាលរងស្រុកចិត្របុរី ដើម្បីចូលរួមការងារកសាង និងអភិវឌ្ឍន៍ក្នុងស្រុក ក៏ដូចជាការបម្រើនូវសេវាសាធារណៈ ជូនប្រជាពលរដ្ឋក្នុងស្រុកផងដែរ ។
អភិបាលរងដែលត្រូវបានប្រកាសចូលកាន់មុខតំណែងនោះ គឺលោក សន ចំរុង ឋានន្តរស័ក្កិ នាយក្រមការ ពីអភិបាលរង ស្រុកសំបូរ ឲ្យទៅកាន់មុខដំណែងជាអភិបាលរងស្រុកចិត្របុរី វិញ ។
ក្នុងពិធី នោះដែរ លោក វ៉ា ថន អភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាស្រុក គណៈ អភិបាលស្រុក មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ នៅទូទាំងស្រុក ដែលកន្លងមក បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បំពេញតួនាទី ភារកិច្ចប្រកបដោយការសាមគ្គីភាពក្នុងជួរគណៈអភិបាលស្រុក និងមន្ត្រីរាជការទាំងអស់ធ្វើឲ្យស្រុករបស់ខ្លួន សម្រេចបាននូវលទ្ធផលល្អប្រសើរ ទាំងការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងការថែរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ សាធារណៈ រួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៏ សេដ្ឋកិច្ចសង្គម និងកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។
ដោយឡែកចំពោះការតែងតាំងមុខតំណែងនៅថ្ងៃនេះ គឺជាដំណើរការរដ្ឋបាល ធម្មតាក្នុងការរៀបចំមុខតំណែងមន្ត្រីរាជការ ក្នុងមុខងារសាធារណៈ ស្របទៅតាមគោលការណ៍ គ្រប់គ្រងរបស់រដ្ឋបាល ថ្នាក់ ក្រោមជាតិច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តិ ជាធរមាន ។
លោកអភិបាលខេត្តបន្តថា តាមទិសដៅនយោបាយរបស់ក្រសួងមហាផ្ទៃ ដែលមានសម្តេចក្រឡាហោម ស ខេង បានដាក់ ចេញថា អាជ្ញាធរមិនត្រូវប៉ះពាល់សិទ្ធិប្រជាពលរដ្ឋ ដោយប្រើហឹង្សានោះឡើយ បើទោះបីប្រជាពលរដ្ឋ ប្រព្រឹត្តខុសច្បាប់ក៏ដោយ គឺត្រូវធ្វើការណែនាំ និងផ្សះផ្សារ ដោយនីតិវិធី ខិតខំដោះស្រាយបញ្ហា និងបម្រើសេវាសាធារណ:ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន ឲ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្ត ហើយនៅចំពោះមុខនេះ ត្រូវរួមសហការទប់ស្កាត់ និងក្តាប់ព័ត៌មានឲ្យ ជាប់អំពីប្រជាពលករឆ្លងដែនពីប្រទេសថៃ ក្នុងការឃាត់ពួកគាត់ឲ្យធ្វើចត្តាឡីស័ក និងទប់ស្កាត់កុំឲ្យមានការឆ្លងរីករាលដាលនូវ ជម្ងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍ ខិតខំផ្សព្វផ្សាយនូវរាល់សេចក្តីជូនដំណឹង និងវិធារការសារាចរណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាកិច្ចការកសាង និងអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត និងមូលដ្ឋាន ដែលកំពុងធ្វើ និងសម្រេចបាន ឲ្យដល់ប្រជាពលរដ្ឋបានដឹង និងឲ្យចូលរួមថែរក្សាការពារនូវសមិទ្ធផលដែលកើតឡើង ខិតខំចុះស្រង់ទិន្ន័យ និងកំណត់ចំនួនគ្រួសារក្រីក្រ ជនរងគ្រោះ និងងាយ រងដោយសារបញ្ហាជម្ងឺកូវីដ ក្នុងការផ្តល់ជូននូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដើម្បីជួយសម្រាលជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ៕