(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានបង្កើតកម្មវិធីផ្តល់ «ពានរង្វាន់ដឹងគុណ» ដល់អ្នកសារព័ត៌មានដែលបានចូលរួមលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា ចាប់ពីទសវត្សរ៍ឆ្នាំ១៩៧០ ដល់ពេលបច្ចុប្បន្ន។ កម្មវិធីនេះរៀបចំឡើងក្រោមគំនិតផ្ដួចផ្តើមរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ការរៀបចំកម្មវិធីនេះ ដើម្បីជាការរំលឹកដល់ការលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី របស់អ្នកសារព័ត៌មានដែលបានចូលរួមលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា ចាប់ពីទស្សវត្សរ៍ ឆ្នាំ១៩៧០ ដល់បច្ចុប្បន្ន។
ក្រសួងបានឱ្យដឹងថា សម្រាប់ឆ្នាំទី១ នេះ គណៈកម្មការរៀបចំកម្មវិធីនឹងជ្រើសរើសអ្នកសារព័ត៌មាន។ ជាពិសេសអ្នកសារព័ត៌មានជើងចាស់ ដើម្បីសិក្សាអំពីប្រវត្តិស្នាដៃការងារ និងលក្ខណៈសម្បត្តិ ដាក់ជូនគណៈកម្មការវាយតម្លៃពិនិត្យ។
ពានរង្វាន់ដែលនឹងត្រូវផ្តល់ជូនចែកចេញជាពីរ គឺពានរង្វាន់សម្រាប់ជ័យលាភីចំនួន ៥រូប និងពានរង្វាន់កិត្តិយសចំនួន ៥រូប។
លោក ផុស សុវណ្ណ រដ្ឋលេខាធិការក្រសួងព័ត៌មានបានឱ្យដឹងថា នេះគឺជាជំហ៊ានដំបូង ដែល ក្រសួង ព័ត៌មាន បានបង្កើតកម្មវិធីនេះឡើង ក្នុងបំណងរម្លឹកដឹងគុណដល់អ្នកសារព័ត៌មាន ដែលបានចូលរួមចំណែកបំរើលើ វិស័យនេះ អស់រយៈពេលជាច្រើនឆ្នាំ នឹងបន្តរហូតមកដល់បច្ចុប្បន្ននេះ។
លោករដ្ឋលេខាធិការ បានបន្ថែមថា ក្រុមការងារបានចាប់ផ្តើមចុះស្វែងរកអ្នកសារព័ត៌ មាន ទាំង៥ទស្សវត្យរ៍នេះហើយ។ ដូច្នេះប្រវត្តិការងាររបស់ពួកគេ ក្នុងអាជីពជាអ្នកសារព័ត៌មាន និងបង្ហាញជូនគណៈកម្មការក្នុងពេលឆាប់ៗនេះ៕