(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនៅថ្ងៃទី១៩ខែមករា ឆ្នាំ២០២១ នេះ បានដឹកនាំក្រុមការងារចុះ ពិនិត្យមើលការដ្ឋានជួសជុលសួនច្បាររូបរមាស និងស្ថាបនាផ្លូវ ស្ថិតនៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ក្នុងការកែលម្អរសោភណ្ឌភាពសួន និងធ្វើផ្លូវនៅបរិវេណសួនច្បារនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋ ពេលឆ្លងកាត់មកលើផ្លូវជាតិលេខ១ និងពីផ្លូវជាតិលេខ១ចូលទៅផ្លូវក្នុងក្រុងស្វាយរៀង។
ការចុះពិនិត្យមើលការដ្ឋានសាងសង់របស់អភិបាលខេត្តស្វាយរៀងនាពេលនេះមានការអមដំណើរដោយលោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត លោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកអភិបាលក្រុងស្វាយរៀង ព្រមទាំង ក្រុមការងារជាច្រើនរូបផងដែរ។
សូមបញ្ជាក់ថាខេត្តស្វាយរៀងស្ថិតនៅភាគអាគ្នេយ៍ នៃប្រទេសកម្ពុជាមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាមដែលមានច្រក ទ្វារអន្តរជាតិបាវិត ស្ថិតនៅចម្ងាយប្រមាណ ៤៨ គីឡូម៉ែត្រពីទីរួមខេត្តខេត្ត ហើយក៏ជាតំបន់សេដ្ឋកិច្ចដ៏សំខាន់សម្រាប់ចរាចរ ទំនិញចេញចូលរវាងប្រទេសទាំងពីរគឺកម្ពុជា និងវៀតណាម ជាពិសេសគឺក្រុងភ្នំពេញ និងក្រុងហូជីមិញ ហើយរាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសជាបន្តបន្ទាប់ជាហេតុធ្វើឲ្យសេដ្ឋកិច្ចក្នុងខេត្តស្វាយរៀង មួយនេះ មានការរីក ចម្រើនយ៉ាងលឿនដែលធ្វើឲ្យកំណើនប្រជាជនកើនឡើងយ៉ាងឆាប់រហ័សដោយមានទាំងអ្នកចំណូលថ្មី និងការធ្វើចំណាកស្រុក មានអត្រាថយចុះគួរឲ្យកត់សម្គាល់ផងដែរ៕