(ភ្នំពេញ)៖ បន្ទាប់ពីព្យាបាលព្រះកាយអស់រយៈពេលយូរនៅក្រៅប្រទេសបានជាសះស្បើយរួចមក សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៉ិនប៉ិច នឹងយាងមកកាន់តំណែងជាព្រះប្រធានគណបក្សរាជានិយមនេះឡើងវិញ នាពេលឆាប់ៗខាងមុខ។ នេះតាមរបស់ លោក ហេង ចាន់ថា អនុប្រធានគណបក្សហ្វ៊ុនស៉ិនប៉ិច។
លោក ហេង ចាន់ថា បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះថា សព្វថ្ងៃនេះ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានព្យាបាលព្រះរាជសុខភាពជាសះស្បើយវិញហើយ និងអាចដឹកនាំការងារក្នុងគណបក្សវិញបានហើយ ខណៈបច្ចុប្បន្នព្រះអង្គកំពុងគង់នៅប្រទេសបារាំងនៅឡើយ និងព្យាយាមរកជើងហោះហើរ ដើម្បីធ្វើដំណើរមកកាន់ប្រទេសកម្ពុជាវិញ។
អនុប្រធានគណបក្សរូបនេះបានថ្លែងយ៉ាងដូច្នេះថា «គឺសម្ដេចព្រះប្រធាននឹងយាងមកដឹកនាំគណបក្សហ្វ៊ុនស៉ិនប៉ិច ក្នុងពេលឆាប់ៗនេះហើយ ដោយសារសព្វថ្ងៃនេះទាក់ទងនឹងបញ្ហាជំងឺកូវីដផង ទាក់ទងនឹងយានជំនិះផង (យន្តហោះត្រូវផ្អាកការហោះហើរ) និយាយរួម យន្តហោះដែលហោះត្រង់មកស្រុកខ្មែរនេះ អត់មានទេ អញ្ចឹងក្នុងពេលឆាប់ៗនេះហើយ»។
លោក ហេង ចាន់ថា បានបន្តថា រចនាសម្ព័ន្ធក្រោមការដឹកនាំរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានរៀបចំរួចរាល់ហើយ គឺមានគ្រប់ជាន់ថ្នាក់ទាំងអស់ តាំងពីលើដល់ក្រោមដល់ថ្នាក់លើ តំណែងនៅទំនេរចន្លោះប្រហោង គឺគណបក្សបានតែងតាំងបំពេញអស់ហើយ តួយ៉ាងដូចជាតំណែងអគ្គលេខាធិការប្រតិបត្តិ ដែលពីមិនទាន់មានអ្នកកាន់តំណែងនោះ ឥលូវនេះគណបក្សបានតែងតាំងដាក់អ្នកកាន់តំណែងរួចហើយ ហើយកំពុងដំណើការការងារយ៉ាងសកម្ម។
លោក ហេង ចាន់ថា បានបន្ថែមទៀតថា សម្ដេចព្រះប្រធានបានជំរុញកិច្ចការទាំងអស់ឆ្ពោះទៅមូលដ្ឋាន ហើយថ្នាក់ដឹកនាំក្រោមឱវាទកំពុងតែបន្តចុះមូលដ្ឋាន ហើយប៉ុន្មានសប្ដាហ៍ថ្មីៗកន្លងមកនេះ ពួកគេបានចុះទៅកាន់មូលដ្ឋានខេត្ត ៣-៤ ហើយ ហើយនឹងបន្តចុះតាមមូលដ្ឋានខេត្តផ្សេងៗបន្តទៀត។
គណបក្សហ្វ៊ុនស៉ិនប៉ិច បានអំពាវនាវដល់សកម្មជនចាស់ដែលធ្លាប់គាំទ្រគណបក្សហ្វ៊ុនស៉ិនប៉ិច អ្នកស្នេហាជាតិ អ្នករាជានិយម សីហនុនិយម ហ្វ៊ុនស៉ិនប៉ិចនិយម ឱ្យចូលរួមជាមួយគណបក្សហ្វ៊ុនស៉ិនប៉ិចឡើងវិញ ខណៈគណបក្សនៅតែបើកចិត្តរង់ចាំទទួលស្វាគមន៍គ្រប់ពេលវេលា ដោយគ្មានការរើសអើងអ្វីឡើយ ដើម្បីបានជាកម្លាំងជាតិមួយ ចូលរួមដោះស្រាយបញ្ហាជាតិជាមួយកម្លាំងស្នេហាជាតិដទៃទៀត។
អនុប្រធានគណបក្សរាជានិយមដដែលខាងលើ បានបញ្ជាក់ទៀតថា គណបក្សហ្វ៊ុនស៉ិនប៉ិច ជាគណបក្សសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ដូច្នេះគណបក្សហ្វ៊ុនស៉ិនប៉ិចមិនអាចដើរតួជាគណបក្សប្រឆាំងបានទេ ទោះបីអតីតគណបក្សសង្គ្រោះជាតិដែលធ្លាប់ជាគណបក្សប្រឆាំងធំជាងនោះ ត្រូវបានរំលាយទៅហើយក្ដី មានតែការរួមកម្លាំងគ្នាដើម្បីកសាងជាតិឱ្យបន្តរីកចម្រើនទៅមុខ។
សូមជម្រាបថា កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានតែងតាំងបុត្ររបស់ព្រះអង្គ ១អង្គ គឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាប្រធានស្តីទីរបស់គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច ដែលកាលណោះ សម្ដេចក្រុមព្រះនៅសម្រាកព្យាបាលព្រះរាជសុខភាពនៅឡើយ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីឆ្នាំ២០១៨ ក្រោយមកព្រះអង្គបានតែងតាំងព្រះអង្គម្ចាស់ចក្រា វុធ ជាអនុប្រធានផងដែរ។
សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ បានរងរបួសយ៉ាងដំណំក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបណ្តាលមកពីរថយន្តតាក់ស៊ីជែងរថយន្តផ្សេងទៀត ហើយជ្រុលមកបុកក្បួនព្រះទីនាំងរបស់ព្រះអង្គ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨។ គ្រោះថ្នាក់ចរាចរណ៍នេះបានបណ្តាលឱ្យអ្នកម្នាង អ៊ុក ផល្លា រណឫទ្ធិ ទទួលមរណភាព រួមទាំងអ្នករួមដំណើរមួយចំនួនទៀតរងរបួស។ ចំណែកសម្តេចក្រុមព្រះត្រូវបានបញ្ជូនទៅព្យាបាលនៅក្រៅប្រទេស។
បន្ទាប់ពីសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០១៨ នោះរួចមក សកម្មភាពនយោបាយរបស់គណបក្សហ្វ៊ុនស៉ិនប៉ិច បានថយចុះយ៉ាងខ្លាំង ស្ទើរតែធ្វើឱ្យប្រជាពលរដ្ឋម្ចាស់ឆ្នោតភ្លេចបាត់ទៅហើយ ខណៈដែលព្រះជន្មាយុរបស់សម្ដេចព្រះប្រធានក៏កាន់តែជរាទៅទៀត៕