(ភ្នំពេញ)៖ លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ បានចំណាយថវិកាផ្ទាល់ខ្លួនទិញសំលៀកបំពាក់ឯកសណ្ឋាន ដល់កម្លាំងប្រជាការពារសង្កាត់ស្ទឹងមានជ័យទី៣។

ក្នុងឱកាសនៃការចែកជូនអំណោយនោះ លោកវរសេនីយ៍ត្រី ឯម ភារី បានកោត សរសើរជាខ្លាំងដល់កម្លាំងប្រជាការពារ ដែលតែងតែសហការគ្នាយ៉ាងស្អិតរមួតជាធ្លុងមួយ ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ ព្រមទាំងកិច្ចខិតខំបំពេញការងារយ៉ាងសកម្ម ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋតាមភូមិ-សង្កាត់ យ៉ាងល្អប្រសើរ ទោះគ្មានប្រាក់ខែ តែដោយមានស្មារតីអង់អាចក្លាហាន មានឆន្ទៈខ្ពស់ រួមទាំងការស្រឡាញ់ប្រជាពលរដ្ឋ ទើបធ្វើឱ្យប្រជាការពារយើង បំពេញកិច្ចការងារបានយ៉ាងល្អនាពេលកន្លងមកនេះ។

អំណោយដែលចែកជូនប្រជាការពារមានចំនួន ១៤នាក់ ក្នុងម្នាក់ៗទទួលបានសំលៀកបំពាក់ឯកសណ្ឋានប្រជាការពារមួយសម្រាប់, អង្ករ ១០គីឡូក្រាម និងថវិកាចំនួន៤០,០០០មុឺនរៀល។

លោកវរសេនីយ៍ត្រី ឯម ភារី បន្ថែមទៀតថា ថ្វីត្បិតតែនេះជាអំណោយបន្តិចបន្តួច តែបានជួយសម្រួលដល់ជីវភាពបងប្អូនបានមួយចំណែកផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកវរសេនីយ៍ត្រី ឯម ភារី បានផ្តាំផ្ញើសាកសួរសុខទុក្ខរបស់លោកវេសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ជូនដល់ប្រជាការពារទាំង១៤នាក់ផងដែរ។

ក្នុងពិធីចែកអំណោយនោះដែរ ប្រជាការពារសម្តែងការសប្បាយចិត្ត និងថ្លែងអំណរគុណដល់លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ និងលោកវរសេនីយ៍ឯក ម៉េង វិមានតារាអធិការនគរបាលខណ្ឌមានជ័យ តែងតែ យកចិត្តទុកដាក់ គិតគូដល់សុខទុក្ខកម្លាំងប្រជាការពារជាហូរហែរកន្លងមក៕