(កំពង់ធំ)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេ បានអញ្ជើញពិនិត្យការងារអន្តរាគមមន៍របស់មន្រ្តីបុគ្គលិក នៃក្រុមសម្តេចឪ ដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្មក្លៀវក្លាបំផុតលើការងារជួយបូមទឹកសង្គ្រោៈស្រូវរដូវប្រាំងរបស់ប្រជាកសិករមានជីវភាពក្រីក្ររនៅភូមិ ត្រពាំងក ឃុំ សាន់គ ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ។
សកម្មភាពនោះបានធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ រួមដំណើរដោយលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះមរមរាជវាំង និងលោក ឈា ហន រដ្ឋមន្រ្តីអមក្រសួងព្រះបរមរាជវាំង។
ក្រុមសម្តេចឪបានជួយបូមទឹកបញ្ជូលស្រែប្រាំងជូនប្រជាកសិករ រស់នៅក្នុងមូលដ្ឋាននេះ ដោយប្រើប្រាស់ម៉ាស៉ីនបូមទឹក ធុនធំ និងធុនតូចចំនួន ៥គ្រឿង ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លា របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចឪ សម្តេចម៉ែជាអម្ចាស់នៃយើង។ ចំពោះលទ្ធផល នៃការខិតខំប្រឹងប្រែងរបស់ក្រុមសម្តេចឪ ជួយប្រជាកសិករនៅមូលដ្ឋាននេះ បានចាប់ផ្តើមដំណើរការ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ សម្រេចបានចំនួន ១៥ហិកតា។ ក្រុមសម្តេចឪនឹងបន្តការខិតខំ ធ្វើសកម្មភាពអន្តរាគមន៏របស់ខ្លួន ក្នុងការជួយបូមទឹកជូនប្រជាកសិករនៅមូលដ្ឋាននេះទៅតាមផែនការ ដែលបានគ្រោងទុកមាន ចំនួន៤០០ ហិកតា។
ក្នុងឱកាសនោះដែរសម្តេចចៅហ្វាវាំង បានជួបសំណេះសំណាលជាមួយបងប្អូនប្រជារាស្រ្ត ដោយបានជម្រាបជូន ពីព្រះរាជបណ្តាំដ៏ខ្ពង់ខ្ពស់ អំពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជហឫទ័យនឹករលឹក សាកសួរសុខទុក្ខ និងស្រលាញ់ដ៏ជ្រាលជ្រៅ ចំពោះកូនចៅ ចៅទួតរបស់ព្រះអង្គរស់នៅក្នុងមូលដ្ឋាននេះ។
កសិករជាម្ចាស់ស្រែសូមថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅ ចំពោះព្រះរាជទានដ៏ថ្លៃថ្លានេះ និងសូមថ្វាយព្រះសព្ទសាធុការពារដ៏មហាបវរ ថ្វាយព្រះករុណា ព្រះមហាក្សត្រ និង សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួតជាម្ចាស់ សូមព្រះអង្អមានព្រះសុខុមាលភាពដ៏ល្អបរិបូណ៍ និងមានព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ដល់កូនចៅ ចៅទួតរបស់ព្រះអង្គជាដរាបតរៀងទៅ៕