(ក្រចេះ)៖ គុណតម្លៃក្នុងការកសាងជាតិ ភាពចាស់ទុំ និងរចនាសម្ព័ន្ធដឹកនាំប្រទេសដ៏ច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋមានទំនុកទុកចិត្ត និងជាក់យ៉ាងមុតមាំ។ ការជឿទុកចិត្តនេះ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរផ្តល់ការគាំទ្រ និងដាក់ខ្លួនចូលរួមបម្រើមាគ៌ារបស់បក្ស ដើម្បីនាំជាប្រយោជន៍ដល់សង្គម និងប្រជាជន។

ស្រុកឆ្លូង ខេត្តក្រចេះ ដែលជាខេត្តមួយនៅភាគឦសានប្រទេស និងធ្លាប់ញ៉ាំញីដោយភ្លើងសង្គ្រាមយ៉ាងខ្លោចផ្សារដែរនោះ បច្ចុប្បន្នបានប្រែក្លាយជាទឹកដីមានសុខសន្តិភាព អភិវឌ្ឍន៍ និងការរីកចម្រើនគួរកត់សម្គាល់។ សមិទ្ធផលដែលបានបង្ហាញឱ្យពលរដ្ឋឃើញផ្ទាល់ភ្នែកនេះ ញ៉ាំងឱ្យប្រជាពលរដ្ឋក្នុងស្រុកនេះ ជឿជាក់ និងគាំទ្រយ៉ាងមុតមាំចំពោះគណបក្សប្រជាជនកម្ពុជា។

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ប្រជាពលរដ្ឋក្នុងស្រុកឆ្លូងប្រមាណ ៤៤៣នាក់ បានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយ និងបម្រើមាគ៌ាគណបក្សប្រជាជនកម្ពុជា។ ពិធីបញ្ចូលសមាជិកបក្សថ្មី ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក វ៉ា ថន ប្រធានគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពជាខេត្តក្រចេះ។

ក្នុងឱកាសបញ្ចូលសមាជិកគណបក្សប្រជាជនថ្មីខាងលើនេះ លោក វ៉ា ថន បានថ្លែងថា ការសម្រេចចិត្តខ្ពស់ក្នុងការចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ពីព្រោះគណក្សប្រជាជនកម្ពុជា បានរំដោះប្រជាជនរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលជាការរស់រានមានជីវិតទី២ របស់ប្រជាជនកម្ពុជា ក្រោមនយោបាយដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

លោក បានលើកឡើងថា «គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយចាស់ទុំជាងគេ មានធនធានមនុស្សគ្រប់គ្រាន់ មានរចនាសម្ព័ន្ធរឹងមាំគ្រប់លំដាប់ថ្នាក់។ ជាពិសេសមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ដែលមានគតិបណ្ឌិតដ៏ឈ្លាសវៃ ប្រកបដោយភាពជឿជាក់ បានធ្វើឲ្យប្រទេសជាតិ មានសន្តិភាពពេញផ្ទៃប្រទេស និងបានធ្វើឲ្យប្រទេសកម្ពុជា មានការរីកចម្រើន និងការអភិវឌ្ឍន៍ លើគ្រប់វិស័យ ពីទីក្រុងរហូតដល់ទីជនបទ»

ក្នុងឱកាសនោះ លោក វ៉ា ថន បានស្នើសមាជិកបក្សថ្មី បន្តគាំទ្រនូវគោលនយោបាយដឹកនាំរបស់សម្តេច និងចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិកម្ពុជា ឲ្យឆ្ពោះទៅមុខបន្តទៀត និងធ្វើខ្លួនជាយុវជនល្អ សម្រាប់មូលដ្ឋាន និងសង្គមជាតិ។ លោកក៏បានស្នើសមាជិកត្រូវខិតខំប្រឹងប្រែងបម្រើគណបក្ស ជាពិសេសប្រជាពលរដ្ឋតាមមូលដ្ឋាន ឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីចូលរួមកសាងប្រទេសឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ក្នុងឱកាសនោះ លោក វ៉ា ថន បានប្រគល់កុំព្យូទ័រ១ ម៉ាស៊ីនព្រីន១ គ្រឿង រួមនិងថវិកា ២០០ដុល្លា ដល់រដ្ឋបាលឃុំ និងបានឧបត្ថម្ភថវិកា ដល់សមាជិកថ្មីទាំង ៤៤៣នាក់ ក្នុងម្នាក់ថវិកាចំនួន២ម៉ឺនរៀលផងដែរ៕