(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបង្ហាញចម្ងល់ក្នុងចិត្ត បន្ទាប់ពីមន្រ្តីរបស់លោក ត្រូវបានក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យលោកសង្ឃ ពិនិត្យឃើញកើតជំងឺមហារីក តែបែរជាពេទ្យរបស់វៀតណាម ពិនិត្យរកមិនឃើញទៅវិញ។

លោក ខៀវ កាញារីទ្ធ បានបញ្ជាក់នៅលើ Facebook របស់លោកនៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា «មិនដឹងនិយាយយ៉ាងម៉េច? មន្រ្តីខ្ញុំទៅពេទ្យលោកសង្ឃ គេប្រាប់ថា កើតមហារីក តែទៅដល់វៀតណាម គេប្រាប់ថាអត់មានទេ!»

លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានបង្ហាញអារម្មណ៍ហាក់ចង់ឲ្យមានការធ្វើសវនកម្ម លើវិជ្ជាជីវៈគ្រូពេទ្យរបស់ខ្មែរផងដែរ ដោយលោកបានលើកជាសំណួរថា តើគួរមានសវនកម្មវិជ្ជាជីវៈគ្រូពេទ្យ ឬទេ?

សូមបញ្ជាក់ថា ការសង្ស័យលើកម្រិតគុណភាព នៃវិជ្ជាជីវៈក្រុមគ្រូពេទ្យខ្មែរ មិនមែនមានតែលោករដ្ឋមន្រ្តីក្រសួងព័ត៌មាននោះទេ មានប្រជាពលរដ្ឋខ្មែរជាច្រើន ក៏ហាក់មិនបានទុកចិត្តទៅលើជំនាញវិជ្ជាជីវៈរបស់គ្រូពេទ្យខ្មែរផងដែរ។ សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលមានជីវភាពមធ្យមនៅពេលសមាជិកណាម្នាក់ក្នុងគ្រួសារមានជំងឺ ពួកគេតែងបានព្យាយាមស្វែងរកសេវាព្យាបាល នៅប្រទេសជិតខាងដូចជាវៀតណាម និងថៃជាដើម ហើយអ្នកមានជីវភាពធូរធាតែងទៅស្វែងរកសេវាព្យាបាល នៅប្រទេសមានបច្ចេកវិទ្យាទំនើប ដូចជាប្រទេសសិង្ហបុរីជាដើម។

មានប្រជាពលរដ្ឋខ្មែរមួយចំនួន កុំថាឡើយដល់ការព្យាបាលជំងឺ សូម្បីពិនិត្យសុខភាព ក៏ពួកគេទៅស្វែងរកសេវាពីប្រទេសដទៃដែរ៕