(ព្រៃវែង)៖ លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បានថ្លែងថា អ្វីៗដែលកើតមានឡើងទាំងអស់នេះ គឺដោយសារប្រទេសជាតិមានសុខសន្ដិភាព និងស្ថិរភាពនយោបាយល្អ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការថ្លែងរបស់លោក ស្បោង សារ៉ាត ធ្វើឡើងក្នុងគ្រាដែលលោកបានចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គីនៅវត្តគ្រើលថ្មី ស្ថិតនៅស្រុកកំពង់ត្របែក និងនាំយកទេយ្យវត្ថុ និងបច្ច័យសរុបចំនួន ៧៥,០០០,០០០ រៀល នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១។
លោក ស្បោង សារ៉ាត បានថ្លែងពាំនាំនូវការសាកសួរសុខទុក្ខ និងការនឹករលឹកពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះពុទ្ធបរិស័ទទាំអស់នាពេលនេះ និងលើកឡើងអំពីសភាពការណ៍ថ្មីៗ ដែលកើតឡើងនាពេលបច្ចុប្បន្ន រួមនឹងការរីកចម្រើនរបស់ខេត្តព្រៃវែង ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ។
លោកបានបញ្ជាក់ទៀតថា ប្រទេសជាតិបច្ចុប្បន្ន មានការអភិវឌ្ឍនរីកចម្រើនលើគ្រប់វិស័យ ទាំងវត្ដអារាម មន្ទីរពេទ្យ សាលារៀន ផ្លូវថ្នល់ ស្ពាន រោងចក្រសហគ្រាស ដែលធ្វើឲ្យជីវភាពប្រជាពលរដ្ឋមានការរីកចម្រើនគួរឲ្យកត់សម្គាល់ និងសូមឲ្យពុទ្ធបរិស័ទទាំងអស់បន្ដការគោរពនូវវិស័យព្រះពុទ្ធសាសនា និងចូលរួមថែរក្សានូវសមិទ្ធផលនានាដែលមាននៅក្នុងវត្ត ដើម្បីជាទីគោរពបូជាសម្រាប់កូនចៅជំនាន់ក្រោយទៀត។
លោកក៏បានអំពាវនាវឲ្យប្រជាពុទ្ធបរិស័ទទាំងអស់គ្នាចូលរួមគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍រក្សាអនាម័យឲ្យបានល្អ រួមជាមួយនឹងវិធានការនានា ដែលបានកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជំងឺដ៏កាចសាហាវមួយនេះ៕