(ស្វាយរៀង)៖ ដោយមានការចង្អុលបង្ហាញពីលោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី លោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង និងជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី បានបន្តចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋរស់នៅភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដើម្បីឲ្យពួកគាត់បានយល់កាន់តែច្បាស់ពីវិធីសាស្រ្តការពារ និងទប់ស្កាត់ពីជំងឺកូវីដ១៩ រួមជាមួយការផ្តល់ថ្នាំពេទ្យជូនដល់ប្រជាពលរដ្ឋទុកសម្រាប់ព្យាបាលបឋមផងដែរ។
សកម្មភាពនេះធ្វើឡើងនារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១លោក កែរ រដ្ឋា បានថ្លែងថា ការបន្តចុះអប់រំជូនប្រជាពលរដ្ឋពីវិធីសាស្ត្រទប់ស្កាត់ និងការពារជំងឺកូវីដ១៩ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី ដោយមានកិច្ចសហការជាមួយនឹងក្រុមការងារគ្រូពេទ្យមន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា សង្កាត់ស្វាយរៀង សរុបចំនួន ៣២ នាក់។
លោកបន្តថា ក្រុមការងារគ្រូពេទ្យណែនាំដល់ប្រជាពលរដ្ឋពីរបៀបនៃការលាងដៃនឹងអាល់កុល ឬសាប៊ូជាមួយនឹងការបង្រៀនពាក់ម៉ាស ដើម្បីធ្វើយ៉ាងណាការពារ និងទប់ស្កាត់មេរោគចូលក្នុងខ្លួន រួមជាមួយនឹងវិធីទប់ស្កាត់មេរោគចូលក្នុងខ្លួនមួយចំនួនផ្សេងទៀតផងដែរ និងត្រូវអនុត្តឱ្យបាននូវវិធានការ ៣ការពារ និង ៣កុំ។
លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាព្រួយបារម្ភយ៉ាងខ្លាំងចំពោះជំងឺកូវីដ១៩ កំពុងតែរីករាលដាលក្នុងសហគមន៍ចំនួន ៣ លើករួចមកហើយ ជាពិសេសព្រឹត្តិការណ៍ ២០ កុម្ភៈ គឺដោយសារការមិនគោរពតាមវិធានការសុខាភិបាលការមិនអនុវត្តចត្តាឡីស័កមិនត្រឹមត្រូវ ធ្វើឱ្យមានការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតយ៉ាងឆាប់រហ័ស។ ដើម្បីជៀសឆ្ងាយពីជំងឺដ៏កាចសាហាវនេះ ប្រជាពលរដ្ឋត្រូវលាងដៃជាប្រចាំជាមួយសាប៊ូ ឬអាល់កុលពាក់ម៉ាស់រស់នៅគម្លាតសង្គម បើមិនចាំបាច់រស់នៅក្នុងផ្ទះ។
ក្រៅពីនេះ ក្រុមការងារក៏បានណែនាំឲ្យប្រជាពលរដ្ឋឲ្យមានការរស់នៅស្អាត ដោយមានអនាម័យល្អ ជាមួយនឹងការគេងស្អាតហូបស្អាត ដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់យល់កាន់តែច្បាស់អំពីការថែទាំសុខភាពចៀសផុតពីជំងឺកូវីដ១៩ និងជំងឺផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានដឹងច្បាស់ពីវិធីរស់នៅឲ្យមានអនាម័យល្អ ដែលមានគោលបំណងធំបំផុតនោះ គឺចង់ឃើញប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ និងក្នុងន័យលើកកម្ពស់វិស័យសុខាភិបាលមួយកម្រិតផងដែរ។
លោកបានបន្ថែមទៀតថា ដោយសារមានការយកចិត្តទុកដាក់ពីសំណាក់លោក ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងរាស្ត្រមណ្ឌលស្វាយរៀង សមាជិកាគណៈកម្មាធិការកណ្តាលប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត បានធ្វើឱ្យការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងខេត្តស្វាយរៀងបានល្អប្រសើរ។
ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ក្រុមការងារបានផ្តល់ថវិកាសម្រាប់អាហារ ៣ ពេលក្នុងមួយថ្ងែ និងឃីតមួយកញ្ចប់ ដែលមានកន្ទេល ១ មុង ១ ភួយ ១ សារុង ១ និងក្រមា ១ ដល់ប្រជាពលរដ្ឋស្នាក់នៅមណ្ឌលចត្តាឡីស័កចំនួន ១៥ ថ្ងៃ។
លោកបានបន្ថែមថា អំណោយរបស់លោក ហ៊ុន ម៉ានី រួមមាន៖ អាកុល ៣១ ដបធំ ម៉ាស់ ៦០០ សាប៊ូចំនួន ៣១ ដុំ ក្រដាស់រូបភាពផ្សព្វផ្សាយអំពីការថែរក្សាអនាម័យ និងវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩ ចំនួន ៥០ សន្លឹក ទឹកសុទ្ធ ៦០ ព្រមទាំងថ្នាំពេទ្យសម្រាប់ព្យាបាលជំងឺជាបឋមចំនួន ១០ ថ្ងៃ ជូនប្រជាពលរដ្ឋចំនួន ៣១ គ្រួសារ ដូចជា ថ្នាំបំបាត់ក្តៅឈឺក្បាល រាក ថ្នាំកម្លាំង និងថ្នាំភ្នែក៕