(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាសមាជិកគណៈមេធាវីកម្ពុជា បានផ្ញើសារលិខិតជូនស្ដ្រីក្នុងវិស័យមេធាវី ក្នុងឱកាសទិវានារីអន្ដរជាតិ ៨ មីនា ឆ្នាំ២០២១ ដែលប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ស្ដ្រី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩»។
សារលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ស្ដ្រីគ្រប់រូប នៅគ្រប់វិស័យបានដើរតួនាទីយ៉ាងសំខាន់ និងមិនអាចកាត់ថ្លៃបាន នៅក្នុងសង្គមជាតិ និងសង្គមគ្រួសារ។
ការបំពេញតួនាទី ភារកិច្ច កាតព្វកិច្ច ដោយមិនចេះនឿយហត់ ប្រកបដោយគុណធម៌ និងព្រហ្មវិហារធម៌ ក្នុងឋានៈជាជីដូន ជាម្ដាយ ជាកូនស្រី ជាចៅស្រី ក៏ដូចជាឋានៈជាមន្ដ្រីរាជការ ជាគ្រូពេទ្យ ជាកងកម្លាំង ជាអ្នកផ្ដល់ និងបម្រើសេវាទាំងក្នុង ផ្នែកសាធារណៈ វិស័យឯកជន និងវិស័យក្រៅពីនេះ សុទ្ធតែបានចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងគ្រោះជំងឺអាសន្នរោគ ដែលបានរាតត្បាត ហើយបានជួយជំរុញឲ្យសង្គមគ្រួសារ និងសង្គមជាតិទាំងមូល ពុះពារជម្នះបាន ឧបសគ្គនូវគ្រាដ៏លំបាកនេះ។
ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង មានជំនឿមុតមាំថា ការចូលរួមដ៏ឥតងាករេមិនអាចខ្វះបានដ៏មានសារៈសំខាន់នេះ ពីសំណាក់ស្ដ្រីគ្រប់រូប នឹងបន្ដធានាឲ្យចំណាត់ការការពារ ទប់ស្កាត់ និងដោះស្រាយបញ្ហាជាបន្ដបន្ទាប់ទៀត របស់រាជរដ្ឋាភិបាល ទទួលបានលទ្ធផលគួរជាទីមោទនៈតទៅទៀត។
ឆ្លៀតក្នុងឱកាសទិវានារីអន្ដរជាតិ ៨មីនា ឆ្នាំ២០២១នេះ លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង និងភរិយា ក៏សូមចូលរួមអបអរសាទរដ៏ស្មោះស្ម័គ្រជូនដល់ស្ដ្រីក្នុងវិស័យមេធាវី ក្រោមប្រធានបទដ៏ថ្លៃថ្លា ដែលបានដាក់ចេញដោយគណៈមេធាវីកម្ពុជា «មេធាវីស្ដ្រីក្នុងបុព្វហេតុឧត្តមភាព និងកិត្យានុភាព នៃវិជ្ជាជីវៈមេធាវី»។
ខាងក្រោមនេះ ជាសារលិខិតរបស់លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង៖