(ភ្នំពេញ)៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីទំនាក់ទំនងជាមួយព្រឹទ្ធសភា-រដ្ឋសភា និងអធិការកិច្ច បានផ្ញើលិខិតចូលរួមអបអរសាទរចំពោះលោកស្រី និងកញ្ញា ជាសមាជិកានៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា។ នេះបើតាមលិខិតអបអរសាទរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ។
ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន សរសេរក្នុងលិខិតនោះថា៖ «លោកស្រី និងកញ្ញាមេធាវី ជាទីស្រឡាញ់រាប់អាន! ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លាជាមួយលោកស្រី និងកញ្ញាមេធាវី ដែលជាសមាជិកា នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសនៃការប្រារព្ធខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២១ ក្រោមប្រធានបទ "មេធាវីស្ត្រីក្នុងបុព្វហេតុឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី" ដោយផ្សារភ្ជាប់ទៅនឹងប្រធានបទរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តីគឺ "ស្ត្រី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩"»។
លោកស្រី ម៉ែន សំអន បន្តថា ឆ្នាំនេះ ប្រទេសកម្ពុជាពុំបានរៀបចំយុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា ដូចបណ្តាឆ្នាំមុនៗទេ ដោយសារតែបញ្ហាជំងឺកូវីដ១៩ ដែលនៅតែបន្តរីករាលដាល ហើយតម្រូវឱ្យមានការចូលរួមសហការទប់ស្កាត់ទាំងអស់គ្នាតាមវិធានការរបស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល។
ដោយឡែក នៅក្នុងឱកាសដ៏ប្រសើរថ្លៃថ្លា ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅជាប្រវត្តិសាស្ត្រខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២១ នារីជាមេធាវី និងជាបុគ្គលិកគណៈមេធាវី ក៏ប្រារព្ធទិវាខាងលើក្នុងទ្រង់ទ្រាយតូច ដោយកំណត់យកប្រធានបទ «មេធាវីស្ត្រីក្នុងបុព្វហេតុឧត្តមភាព និងកិត្យានុភាព នៃវិជ្ជាជីវៈមេធាវី» ដោយផ្សារភ្ជាប់ទៅនឹងប្រធានបទរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី គឺ «ស្ត្រី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩» ដើម្បីរំលឹកអំពីប្រវត្តិនៃការតស៊ូទាមទារសិទ្ធិសេរីភាពរបស់នារី ការលើកកម្ពស់យេនឌ័រ និងការបង្កើននូវភាពអង់អាចដល់នារី។
លោកស្រី ម៉ែន សំអន បានសម្តែងនូវមនោសញ្ចេតនាសោមនស្សរីករាយឥតឧបមា និងបានជូនពរសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការដល់លោកស្រី កញ្ញាជាមេធាវី និងបុគ្គលិកគណៈមេធាវីទាំងអស់។
លោកស្រីឧបនាយករដ្ឋមន្ត្រី បានសម្តែងមោទនភាពចំពោះគណៈមេធាវីកម្ពុជា ដែលបានបង្កើតឡើង ដោយអភិវឌ្ឍស្ថាប័ន និងសមត្ថភាពជាជំហានៗ ដែលក្នុងនោះមានសមាជិកជាស្ត្រីចំនួន ៥៧១រូប ស្មើនឹង២៤,៤៦ ភាគរយ។ គណៈមេធាវីបានចូលរួមបម្រើវិស័យយុត្តិធម៌ និងបម្រើប្រជាជនតាមរយៈការពារសិទ្ធរបស់គាត់តាមផ្លូវច្បាប់ ដោយទទួលបានលទ្ធផលគួរឱ្យសរសើរ។
«ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះមេធាវី ជាពិសេសមេធាវីស្ត្រី ដែលបានខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រដុសខាត់នូវចំណេះដឹង និងតម្រង់ទិសឱ្យក្លាយជាមេធាវីស្ត្រីដ៏គំរូសម្រាប់ចូលរួមបំរើក្នុងវិស័យយុត្តិធម៌ក្នុងព្រះរាជាណាចក្រកម្ពុជា»។ នេះជាការបញ្ជាក់បន្ថែមពី លោកស្រី ម៉ែន សំអន។
សូមជម្រាបថា ទិវានារីអន្តរជាតិ (International Women's Day) ដែលជាទូទៅនៅក្នុងប្រទេសកម្ពុជា ត្រូវបានគេហៅថា ទិវាសិទ្ធនារីនោះ តែងតែប្រារព្ធធ្វើឡើងនៅថ្ងៃទី០៨ ខែមីនា ជារៀងរាល់ឆ្នាំ។ នៅក្នុងតំបន់ផ្សេងគ្នា ទិវានេះក៏ត្រូវបានប្រារព្ធឡើង ក្នុងអត្ថន័យផ្សេងៗគ្នាដែរ ក្នុងនោះមានដូចជា ដើម្បីបង្ហាញ ពីការគោរព ការកោតសរសើរ និងក្តីស្រឡាញ់ចំពោះ ស្រី្ត ដើម្បី អបអរសាទរចំពោះសមិទ្ធផលនានា ដែលស្ត្រីសម្រេចបាន ដូចជាផ្នែកសេដ្ឋកិច្ច នយោបាយ និងសង្គមជាដើម៕