(ភ្នំពេញ)៖ ក្មេងទំនើង២នាក់ ដែលជិះម៉ូតវាយក្បាលជនបរទេសតាមដងផ្លូវ នៅសង្កាត់គៀនឃ្លាំង ខណ្ឌជ្រោយចង្វារ ហើយថតវីដេអូបង្ហោះតាមបណ្ដាញសង្គមសើចសប្បាយនោះ ត្រូវកម្លាំងនគរបាលចាប់ខ្លួននៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ក្រោយទទួលបានសេចក្ដីរាយការណ៍ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា បានធ្វើការស្រាវជ្រាវ និងកំណត់អត្ដសញ្ញាណក្មេងទំនើង២នាក់នោះ និងឈានដល់ការឃាត់ខ្លួនតែម្ដង។
លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បច្ចុប្បន្នក្មេងទំនើងទាំង២នាក់នេះ កម្លាំងនគរបាលកំពុងធ្វើការសួរនាំ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
យ៉ាងណាមិញ សម្រាប់ករណីនេះគឺជាគំរូអាក្រក់មួយ ដែលមិនគួរកើតមានទាល់តែសោះ ដោយរូបគេបានធ្វើសកម្មភាពបង្ហាញពីការខ្វះសីសធម៌ នៅក្នុងសង្គម ពិសេសទៅលើជនបរទេសតែម្ដង សង្ឃឹមថាសមត្ថកិច្ចនឹងចាត់វិធានការឲ្យបានម៉ឺងម៉ាត់បន្ដិចចំពោះក្មេងទំនើងទាំង២នាក់នេះ៕