(ភ្នំពេញ)៖ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានអំពាវនាវឲ្យបន្តជំរុញការកសាង និងអភិវឌ្ឍន៍សមត្ថភាពស្ត្រី ក៏ដូចជាការផ្តល់ឱកាស ឲ្យស្រ្តីចូលរួមប្រកបដោយសមធម៌ ក្នុងគ្រប់ការងារ និងក្នុងគ្រប់វិស័យ និងចាត់ទុកស្ត្រីជាដៃគូដ៏សំខាន់ ក្នុងការអភិវឌ្ឍគ្រួសារ និងសង្គម។ នេះបើតាមព្រះរាជសារ របស់ព្រះវររាជមាតាជាតិខ្មែរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។
ព្រះរាជសាររបស់ព្រះវររាជមាតាជាតិខ្មែរ បានមានព្រះរាជបន្ទូលយ៉ាងដូច្នេះថា «ខ្ញុំសូមសរសើរ និងគាំទ្រ ក្រសួងកិច្ចការនារី និងក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីដែលបាននិង កំពុងខិតខំប្រឹងប្រែង ជំរុញការលើកកម្ពស់សមភាពយេនឌ័រ ដើម្បីស្ត្រីបានទទួលនូវកិច្ចការពារសិទ្ធិ និងផលប្រយោជន៍តាមរយៈការកែប្រែឥរិយាបថសង្គម ឲ្យទទួលស្គាល់ និងចាត់ទុកស្ត្រីជាដៃគូដ៏សំខាន់ ក្នុងការអភិវឌ្ឍគ្រួសារ និងសង្គម ដោយជួយជំរុញការកសាង និងអភិវឌ្ឍន៍សមត្ថភាពស្ត្រី ក៏ដូចជាការផ្តល់ឱកាស ឲ្យស្រ្តីចូលរួមប្រកបដោយសមធម៌ ក្នុងគ្រប់ការងារ និងក្នុងគ្រប់វិស័យនិងសូមអំពាវនាវ ឲ្យបន្តការងារនេះតទៅទៀត ដើម្បីសេចក្តីសុខចម្រើនរបស់ជនរួមជាតិយើង»។
សម្តេចម៉ែបានមានព្រះរាជបន្ទូល សំដែងនូវការកោតសរសើរ និងសូមគាំទ្រការលើកយកនូវប្រធានបទស្តី និងការអភិវឌ្ឍ ក្នុងបរិការណ៍កូវីដ-១៩ សម្រាប់ការប្រារព្ធទិវាអន្តរជាតិនារី ឆ្នាំ២០២១នេះ ដែលជាប្រធានបទបានឆ្លើយតបនឹងតាមបរិបទបច្ចុប្បន្ន និងក្នុងគោលបំណងរំលេចពីតម្លៃ និងការចូលរួមចំណែកយ៉ាងសកម្មរបស់ស្ត្រី ក្នុងកិច្ចអភិវឌ្ឍនៅគ្រប់កម្រិតគ្រប់វិស័យនិងគ្រប់កាលៈទេសៈ ដោយស្របតាមក្របខណ្ឌនៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ ដែលរាជរដ្ឋាភិបាលបានចាត់ទុក ស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ។
សម្ដេចព្រះមហាក្សត្រី បានកត់សម្គាល់ឃើញថា ការចូលរួមរបស់ស្ត្រីនៅក្នុងកិច្ចការសាធារណៈ នយោបាយ និងឯកជនកាន់តែមានភាពប្រសើរឡើងជាបន្តបន្ទាប់ ដោយស្ត្រីនិងក្មេង-ស្រីទទួលបានការអនុវត្តនូវសិទ្ធិពេញលេញ និងកាលានុវត្តភាពក្នុងការអភិវឌ្ឍចំណេះដឹង ជំនាញបច្ចេកទេសនិងធនធានរបស់ខ្លួន ដែលជាមូលដ្ឋាន គ្រឹះនៃសិទ្ធិមនុស្សជាសកល ភាពជាដៃគូក្នុងការរស់នៅក្នុងគ្រួសារនិងសង្គមប្រកបដោយសមភាពនិងសមធម៌ និងការចូលរួមប្រកបដោយ សក្តានុពលនៅក្នុងបរិបទ នៃការវិវត្តន៍ថ្មីៗរបស់សង្គម។ ការរីកចម្រើនទាំងនេះ ត្រូវបានកើតចេញពីសន្តិភាព ស្ថិរភាពនយោបាយ និង ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
សម្តេចម៉ែ ទ្រង់សូមសំដែងនូវការកោតសរសើរ និងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ចំពោះការយកចិត្តទុកដាក់ អនុវត្តគោលនយោបាយ ក្នុងអំឡុងវិបត្តិជាសកលនៃការរីករាលដាលជំងឺកូវីដ-១៩ ដោយបានដាក់ចេញនូវវិធានការយ៉ាងហ្មត់ចត់និងម៉ឺងមាត់ និងបានធ្វើឲ្យកម្ពុជា អាចគ្រប់គ្រងសភាពការណ៍បានល្អ និងកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាននានា និងបានឆ្លើយតប ព្រមទាំងផ្តល់នូវអត្ថប្រយោជន៍ដោយផ្ទាល់ដល់ស្ត្រី និងក្រុមជនងាយរងគ្រោះ។
ក្នុងនោះ ការអនុវត្តគោលនយោបាយជាតិគាំពារសង្គម, ការដាក់ចេញវិធានការអន្តរាគមន៍ជំនួយសង្គម, ការបង្កើនមូលធនថវិកា «សាច់ប្រាក់ពលកម្ម» ដើម្បីជួយកម្មករនិយោជិតដែលបានព្យួរការងារ, កម្មវិធីជំនួយសង្គមពិសេសគឺ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលកូវីដ១៩, ការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់បុគ្គលិកក្នុងវិស័យកាត់ដេរ និងទេសចរណ៍, ការរៀបចំកម្មវិធីហិរញ្ញប្បទានពិសេសជួយស្តារលទ្ធភាព និងលើកកម្ពស់អាជីវកម្មសហគ្រាសធុនតូចនិងមធ្យមជាដើម -ល-។
សម្ដេចព្រះមហាក្សត្រីទ្រង់មានព្រះរាជបន្ទូលទៀតថា នៅក្នុងបរិការណ៍កូវីដ-១៩នេះ តួនាទីរបស់ស្ត្រី ក៏ត្រូវបានទទួលស្គាល់ជាអាទិភាព ដោយស្ត្រីបានបំពេញកិច្ចការជួរមុខក្នុងមន្ទីរពេទ្យ ការងារថែទាំសមាជិកនិងក្រុមគ្រួសារ និងការអប់រំកូននៅតាមផ្ទះ។ ទន្ទឹមនឹងនេះ ដំណើរការយ៉ាងសកម្មរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តីនិងគ្រួសារខ្មែរ និងយន្តការបញ្ជ្រាបយេនឌ័រ នៅគ្រប់កម្រិត និងគ្រប់វិស័យ ក៏បាននឹងកំពុងរួមចំណែកដ៏សំខាន់ ក្នុងការលើកកម្ពស់ស្ថានភាពជីវភាព ឋានៈ តួនាទី និងតម្លៃស្ត្រី រួមទាំងសីលធម៌សង្គម វប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់កម្ពុជាយើង៕