(ភ្នំពេញ)៖ ក្នុងឱកាសទិវានារីអន្តរជាតិ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានទទួលជំនួយឧបត្ថម្ភទឹកសម្លាប់មេរោគធម្មជាតិ Ebiodis (Organic & Antiseptic Disinfectant) ពីក្រុមហ៊ុនផលិតបរិក្ខារពេទ្យ Leisure Asia Corporation។
ការប្រគល់ទទួលជំនួយខាងលើនេះធ្វើឡើងក្រោមវត្តមានលោកស្រី ហេង ពិសី អគ្គនាយិកា ព្រមទាំងលោក Ivan Yanushkevich អ្នកជំនាញការផលិតកម្មនៃក្រុមហ៊ុន Leisure Asia Corporation និងតំណាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅទីស្នាក់ការកណ្តាលរបស់សមាគម រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកស្រី ហេង ពិសី បានជម្រាបជូនថា ការឧបត្ថម្ភនូវទឹកសម្លាប់មេរោគធម្មជាតិ Ebiodis (Organic & Antiseptic Disinfectant) គឺក្នុងគោលបំណងគាំទ្រដល់កិច្ចការមនុស្សធម៌របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក្រោមកិច្ចដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនានា ពិសេសជំងឺកូវីដ១៩។
តំណាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានសម្តែងនូវការកោតសរសើរខ្ពស់ដល់ក្រុមហ៊ុនដែលបានផលិត និងឧបត្ថម្ភទឹកសម្លាប់មេរោគប្រកបដោយគុណភាពនៅកម្ពុជា ដែលជាការចូលរួមចំណែកដល់ការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺ និងមេរោគនានា ពិសេសជំងឺកូវីដ១៩។
លោកស្រី ហេង ពិសី បានសម្តែងនូវអំណរគុណដល់លោកប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ថ្នាក់ដឹកនាំនិងក្រុមការងារក្រោមឱវាទទាំងអស់ ដែលបាននិងកំពុងបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋយ៉ាងសកម្ម ជាពិសេសក្នុងដំណាក់កាលនៃយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ សំដៅចូលរួមទប់ស្កាត់ការរីករាលនៃជំងឺនេះនៅក្នុងសហគមន៍។
សូមបញ្ចាក់ថា ក្រុមហ៊ុន Leisure Asia Corporation បានចូលរួមឧបត្ថម្ភដល់សមាគមនូវទឹកសម្លាប់មេរោគម៉ាក Ebiodis ដើម្បីប្រើប្រាស់តាមការចាំបាច់ រួមមាន៖
* ប្រភេទ ៣០លីត្រ ចំនួន ២០០កាន
* ប្រភេទ ៥លីត្រ ចំនួន ២០កេស ស្មើ ១២០កាន
* ប្រភេទ ១លីត្រ ចំនួន ២០កេស ស្មើ ៤៨០កាន
* ប្រភេទ ៥០០មីលីលីត្រ ចំនួន ៣០កេស ស្មើ ៧២០ដបស្រ្ពេរ
* ប្រភេទ ១០០មីលីលីត្រ ចំនួន ៣០កេស ស្មើ ១,៤៤០ដបស្រ្ពេរ៕