(ស្វាយរៀង)៖ នៅក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០២១ លើកទី១១០ ដែលបានរៀបចុះឡើងនៅមន្ទីរសុខាភិបាលខេត្តស្វាយរៀង ក្រោមប្រធានបទ «ស្ត្រី និងការអភិវឌ្ឍ ក្នុងបរិការណ៍កូវីដ១៩» នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានថ្លែងថា ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ដ៏សំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន។
លោកបណ្ឌិត កែរ រដ្ឋា បានបន្តថា ការរៀបចំពិធីនេះឡើងក្នុងគោលបំណងបន្តរំលេចពីតម្លៃដែលមិនអាចកាត់ថ្លៃបាននៃសន្តិភាព និងអរគុណសន្តិភាពដែលបានប្រែក្លាយ ប្រទេសកម្ពុជាពីគំនរផេះផង់បែកបាក់ និងបែងចែកទឹកដីទៅជាទឹកដីប្រកបដោយសន្តិភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យនីតិរដ្ឋ និងកំពុងអភិវឌ្ឍន៍ដ៏ខ្លាំងក្លា លើគ្រប់វិស័យ ព្រមទាំងចូលរួមដោយស្មើភាពនិងស្មើសិទ្ធិជាមួយបណ្តាប្រទេសនានា ទាំងក្នុងតំបន់និងសាកលលោក ជាពិសេសសមភាពយេនឌ័រ ត្រូវបានលើក កម្ពស់ជាបន្តបន្ទាប់ ប្រកបដោយលទ្ធផលជាវិជ្ជមានគួរឲ្យកត់សម្គាល់។
លោកបណ្ឌិត ក៏បានថ្លែងគាំទ្រនូវប្រធានបទនៃទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំនេះ ហើយប្រធានបទនេះនឹងក្លាយជាសូចនាករមួយដ៏សំខាន់ក្នុងការបង្កើតភាពអង់អាច របស់ស្រ្តី និងក្មេងស្រីកម្ពុជាដែលជាកម្លាំងចលករមួយ ក្នុងការរួមចំណែកអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ហើយវាជាកត្តាអាទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់ស្ថានភាព ជីវភាព សិទ្ធិ ឋានៈ តួនាទីរបស់ស្ត្រី និងយុវវ័យក្នុងសង្គម។
លោកបណ្ឌិត កែរ រដ្ឋា បញ្ជាក់ទៀតថា សព្វថ្ងៃក្នុងជួររាជរដ្ឋាភិបាលក៏មានស្ត្រីដឹកនាំតាមក្រសួង មន្ទីរជាច្រើនផងដែរជាពិសេសសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានចូលរួមចំណែកក្នុងសង្គមជួយដល់ពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងបានជួយដល់វិស័យសុខាភិបាល យ៉ាងច្រើនដើម្បីលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។
នៅក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ ២០២១ នេះដែរលោកបណ្ឌិត កែរ រដ្ឋា ក៏បានជូនជាអំណោយដល់ស្ត្រីដែលបានចូលរួមផងដែរ៕