(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច បង្កើតគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលមានលោកស្រី ឱ វណ្ណឌីន ជាប្រធាន និងមានអនុប្រធាន-សមាជិក មកពីក្រសួងស្ថាប័នអង្គភាព ពាក់ព័ន្ធចំនួន ៤៦រូបផ្សេងទៀត។
សេចក្តីសម្រេចរបស់សម្តេចតជោ ហ៊ុន សែន បានបញ្ជាក់ថា គណៈកម្មការនេះមានតួនាទី និងភារកិច្ចដូចតទៅ៖
* គ្រប់គ្រង ដឹកនាំ ចាត់ចែង ការងារចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងក្របខណ្ឌទូទាំងប្រទេស
* ពិនិត្យរៀបចំផែនការ ចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស
* បណ្ដុះបណ្ដាលក្រុមគ្រូពេទ្យ សម្រាប់បម្រើការងារចាក់វ៉ាក់សាំងកូវីដ-១៩
* បែងចែកវ៉ាក់សាំងកូវីដ-១៩ ទៅតាមទីកន្លែងចាក់វ៉ាក់សាំង នៅក្នុងក្របខណ្ឌទូទាំងប្រទេស
* ផ្គត់ផ្គង់ ថវិកា សម្ភារៈ បរិក្ខារចាំបាច់ សម្រាប់បម្រើការងារចាក់វ៉ាក់សាំងកូវីដ-១៩
* ត្រួតពិនិត្យ តាមដាន និងវាយតម្លៃពីវឌ្ឍនភាពនៃការចាក់វ៉ាក់សាំងកូដ-១៩ នៅទូទាំងប្រទេស
* សម្របសម្រួលកិច្ចការ ចាក់វ៉ាក់សាំង និងការងារពាក់ព័ន្ធ
* សម្របសម្រួលជាមួយដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ ព្រមទាំងអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និងបណ្តាស្ថានទូតនានាប្រចាំកម្ពុជា លើការងារចាក់វ៉ាក់សាំងកូវីដ-១៩
* រៀបចំប្រព័ន្ធរបាយការណ៍ និងរាយការណ៍ ជូនប្រមុខរាជរដ្ឋាភិបាល
* កិច្ចការផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងការងារចាក់វ៉ាក់សាំងកូវីដ-១៩។
សេចក្តីសម្រេចបន្តថា គណៈកម្មការចំពោះកិច្ចនេះ មានសិទ្ធិរៀបចំអនុគណៈកម្មការចំពោះកិច្ច និងលេខាធិការដ្ឋាន សម្រាប់គាំទ្រដំណើរការនៃគណៈកម្មការចំពោះកិច្ចនេះ និងអាចស្នើសុំបន្ថែមនូវសមាជិក-សមាជិកា ទៅតាមការចាំបាច់។ សមាជិកទាំងអស់នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសត្រូវ ចូលរួមប្រជុំ តាមការអញ្ជើញរបស់ប្រធាន និងអនុវត្តភារកិច្ច ទៅតាមការចាត់ចែងរបស់ប្រធាន។
ជាមួយគ្នានេះ គណៈកម្មការចំពោះកិច្ចនេះ អាចអញ្ជើញដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ ព្រមទាំងអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និងបណ្តាស្ថានទូតនានាប្រចាំកម្ពុជា លើការងារចាក់វ៉ាក់សាំង ចូលរួមប្រជុំ និងប្រឹក្សាយោបល់ ទៅតាមតម្រូវការចាំបាច់ ហើយគណៈកម្មការនេះ មានសិទ្ធិប្រើប្រាស់ត្រារបស់ក្រសួងសុខាភិបាលផងដែរ។
នៅតាមក្រសួង ស្ថាប័ន និងរាជធានី-ខេត្ត ត្រូវរៀបចំអនុគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ដែលទទួលខុសត្រូវលើសម្រង់ ស្ថិតិអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ក្រោមសមត្ថកិច្ចរបស់ខ្លួន និងការងារប្រតិបត្តិការចាក់វ៉ាក់សាំង នៅតាមក្រសួង ស្ថាប័ន និងរាជធានី-ខេត្ត អនុលោមទៅតាមការសម្រេចរបស់គណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ព្រមទាំងតាមដាន និងរាយការណ៍វឌ្ឍនភាពការងារ ចាក់វ៉ាក់សាំងជាប្រចាំថ្ងៃ ជូនគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានទៀងទាត់៕