(តាកែវ)៖ ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះថា លទ្ធផលធ្វើតេស្តចំពោះអ្នកពាក់ព័ន្ធ នៅក្នុងពិធីមង្គលការ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ជាង១០០នាក់ គឺអវិជ្ជមានទាំងអស់។
លោកវេជ្ជបណ្ឌិតបានថ្លែងយ៉ាងដូច្នេះថា «សំណាកមនុស្ស១០១នាក់ ដែលយើងយកទៅធ្វើតេស្ត លទ្ធផលអវិជ្ជមានទាំងអស់ លើកទី១»។
ប៉ុន្តែ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត បានបញ្ជាក់ថា នៅថ្ងៃនេះ ខេត្តតាកែវ បានរកឃើញករណីវិជ្ជមាន អ្នកឆ្លងកូវីដ-១៩ ម្នាក់ ជាបុរសទើបត្រឡប់មកពីភ្នំពេញ។
បុរសនេះជាបុគ្គលិកធ្វើការនៅក្រុមហ៊ុនស៉ិនទ្រី មកស្នាក់នៅផ្ទះយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១, សង្ស័យ និងយកសំណាកថ្ងៃទី១៤ មីនា ឆ្នាំ២០២១, លទ្ធផលវិជ្ជមាន ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ និងមានអ្នកពាក់ព័ន្ធ ប្រពន្ធ និងកូន ចំនួន២នាក់។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ និងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បុគ្គល កក្កដា សោភ័ណ្ឌ បានមកចូលរួមពិធីមង្គលការមិត្តភក្តិ របស់ខ្លួន នៅក្នុងភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដែលពិធីបង្គលការនេះ មានអ្នកចូលរួមប្រមាណ ៣០០នាក់។ បន្ទាប់ពីបានចូលរួមមង្គលការបានពីរថ្ងៃ បុគ្គលខាងលើបានទៅធ្វើតេស្តរកជំងឺកូវីដ-១៩ ដែលលទ្ធផល គឺវិជ្ជមានជំងឺកូវីដ-១៩។
បន្ទាប់ពីទទួលបានដំណឹងវិជ្ជមាននេះ អាជ្ញាធរខេត្តតាកែវ បានរកឃើញអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោជន៍ ជាមួយបុគ្គល កក្កដា សោភ័ណ្ឌ ជិត៤០០នាក់ ដោយបិទភូមិរបស់ប្រជាជន និងកំណត់ឲ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាពផងដែរ៕