(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ បានចុះទៅពិនិត្យស្ថានភាពជាក់ស្តែង នៅទីតាំងចាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ខណៈដែលក្រុមការងារ និងក្រុមគ្រូពេទ្យកំពុងចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជូនមនុស្សចាស់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង។
ថ្លែងក្នុងឱកាសនោះ លោក ឃួង ស្រេង បានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួចហើយ ត្រូវបន្តអនុវត្តនូវវិធានការការពារ របស់ក្រសួងសុខាភិបាល ពិសេសគឺអនុវត្តការ ៣កុំ និង៣ការពារ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ទាំងអស់គ្នា។
លោក ឃួង ស្រេង បានគូសបញ្ជាក់ទៀតថា ខណៈដែលប្រទេសកម្ពុជា បាននិងកំពុងរីករាលដាលនូវជំងឺកូវីដ-១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានខិតខំរិះរកគ្រប់មធ្យោបាយដើម្បីរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋថែមទៀត។ ពិតណាស់ថា ប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ក៏ពិតមែន ប៉ុន្តែត្រូវតែបន្តការពារខ្លួនឯងពីជំងឺនេះបន្តទៀត ពោលត្រូវអនុវត្តទៅតាមវិធានរបស់ ក្រសួងសុខាភិបាល ពិសេសគឺការអនុវត្ត៣កុំ និង៣ការពារ។
បើតាមលោក ឃួង ស្រេង យុទ្ធនាការ នៃការចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់មនុស្ស ដែលមានអាយុ៦០ឆ្នាំឡើងនេះ ត្រូវធ្វើឡើងក្នុងរយៈពេល១៥ថ្ងៃ ដោយចាប់ផ្តើមយុទ្ធនាការ ចាប់ពីថ្ងៃទី២៣ ខែមីនានេះតទៅ ជាមួយទីតាំងចំនួន២០ ដែលរៀបចំឡើងដោយ រដ្ឋបាលរាជធានីភ្នំពេញ។
ជាមួយគ្នានេះ លោក ឃួង ស្រេង ក៏បានលើកឡើងថា ករណីប្រជាពលរដ្ឋដែលបាននិងកំពុងធ្វើចត្តាឡីស័ក ហើយមានបញ្ហាជីវភាពខ្វះខាត អាចធ្វើទំនាក់ទំនងមកអាជ្ញាធរមូលដ្ឋាន នោះអាជ្ញាធរនឹងចុះជួយឧបត្ថម្ភជាស្បៀងអាហារជូនភ្លាម។
គួរបញ្ជាក់ថា ក្រោយពីសួរសុខទុក្ខ និងផ្តាំផ្ញើប្រជាពលរដ្ឋដែលកំពុងចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ រួចហើយលោក ឃួង ស្រេង ក៏បានបន្តដឹកនាំមន្ត្រីបន្តចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងចាក់វ៉ាក់សាំងនៅមណ្ឌលសុខភាពព្រែកឯង បន្តទៀតផងដែរ៕