(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ការបើកប្រាក់បៀវត្ស ជូនមន្រ្តីរាជការស៉ីវិល និងមន្ត្រីជាប់កិច្ចសន្យាសម្រាប់ខែមេសា អនុវត្តតែមួយលើកគត់ បូករួមទាំងប្រាក់ឧបត្ថម្ភក្នុងបុណ្យចូលឆ្នាំថ្មី។ នេះបើយោងតាមសេចក្តីប្រកាស របស់ក្រសួងមុខងារសាធារណៈ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

នៅក្នុងសេចក្តីជូនដំណឹងនេះ ក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា ការបើកប្រាក់បៀវត្សសម្រាប់ខែមេសា និងខែឧសភា ឆ្នាំ២០២១ ជូនមន្ត្រីរាជការស៉ីវិល និងមន្ត្រីជាប់កិច្ចសន្យា ត្រូវសហការរៀបចំអនុវត្តដូចខាងក្រោម៖

ទី១៖ ការបើកប្រាក់បៀវត្សសម្រាប់ខែមេសា គឺត្រូវរៀបចំផ្តល់បៀវត្សប្រចាំខែ តែមួយលើក រួមទាំងប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងឲ្យបានដល់សាម៉ីជនម្នាក់ៗ យ៉ាងយូរបំផុតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។

ទី២៖ ការបើកប្រាក់បៀវត្សសម្រាប់ខែឧសភា និងខែបន្តបន្ទាប់ គឺត្រូវរៀបចំផ្តល់រៀងរាល់២សប្តាហ៍ម្តង ដោយអនុវត្តតាមស្មារតីសារាចរលេខ ០៧ សរ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ស្តីពីការកំណត់នីតិវិធីសម្រាប់ការបើកផ្តល់បៀវត្សរៀងរាល់ពីរសប្តាហ៍ម្តង ក្នុងខែនីមួយៗ ជូនមន្ត្រីរាជការស៉ីវិល និងមន្ត្រីសាធារណៈផ្សេងៗទៀត៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ ក្រសួងមុខងារសាធារណៈ៖