(ភ្នំពេញ)៖ ជួរភ្នំក្រវាញ គឺជាព្រៃទឹកភ្លៀងដ៏អស្ចារ្យចុងក្រោយតែមួយគត់នៅតំបន់អាស៊ីអាគ្នេយ៍ ជួរភ្នំនេះស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា និងគ្របដណ្តប់ដោយធនធានធម្មជាតិដ៏សម្បូណ៌បែបជាពិសេសតំបន់ព្រៃភ្នំនេះមានទំហំជាង ១,៥លានហិកតា។ នេះយោងតាមការចេញផ្សាយដោយក្រសួងបរិស្ថាន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ។
ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ WA បានសហការគ្នាបានយ៉ាងល្អជាមួយអាជ្ញាធរគ្រប់លំដាក់ថ្នាក់ដើម្បីធ្វើការងាររួមគ្នា ការពារនិងអភិរក្ស រក្សាប្រព័ន្ធគុណភាពអេកូឡូស៊ី បង្កើនគម្របបៃតង ការរស់នៅដោយចីរភាព ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។
ក្រសួងបរិស្ថាន បានសហការអនុវត្តកម្មវិធីរេដបូក (REDD+) ជាមួយដៃគូដើមកបីលក់ការបូនសម្រាប់រស់នៅដោយចីរភាព និងដើម្បីផ្តល់ឱកាសថែមទៀតដល់សហគមន៍តំបន់ការពារធម្មជាតិ ក្នុងការគិតគូរពីបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះតាមទិសស្លោក «រក្សាព្រៃឈើឈរ ដើម្បីជីវភាពរុងរឿងនាពេលអនាគត»។
បើតាមយោងតាមការស្រាវជ្រាវ តំបន់ជួរភ្នំក្រវាញ គឺជាច្រករបៀងមួយក្នុងច្រករបៀងសត្វដំរី ដែលនៅសេសសល់ចុងក្រោយ នៅទ្វីបអាស៊ី។
ព្រៃនៅជួរភ្នំក្រវាញ គ្របដណ្ដប់កំពូលភ្នំ ដែលខ្ពស់ជាងគេនៅកម្ពុជាដូចជា៖ ភ្នំឱរ៉ាល់ ដែលមានកម្ពស់រហូតដល់១,៨១៣ម៉ែត្រ។ ព្រៃ ទាំងនេះមានទំហំជិត ២ម៉ឺនគីឡូម៉ែត្រការ៉េ គឺជាទំហំព្រៃ ដែលធំជាងគេនៅអាស៊ីអាគ្នេយ៍ និងជាកន្លែងចុងក្រោយបំផុតនៃតំបន់សម្បូរជីវៈចម្រុះឥណ្ឌូ-ភូមា។ ព្រៃនៅជួរភ្នំក្រវាញ ត្រូវគេចាត់ទុកជាតំបន់មួយក្នុងចំណោមតំបន់សម្បូរជីវៈចម្រុះទាំង៣៥ នៅលើភពផែនដី៕